ភ្នំពេញៈ ​សមត្ថកិច្ច​ជំនាញ​ប្រឆាំង​ការសម្អាត​ប្រាក់ អំពាវនាវ​ឱ្យ​ពលរដ្ឋ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​របស់​ខ្លួន និង​ការបើក​កុង​ធនាគារ ដើម្បី​ទទួល​ប្រាក់​ដែល​មិនដឹង​ប្រភព​ច្បាស់លាស់ ព្រោះ​ប្រាក់​បែប​នេះ​អាច​ពាក់ព័ន្ធ​នឹង​បទល្មើស​សម្អាត​ប្រាក់​។

បទល្មើស​សម្អាត​ប្រាក់​មាន​ទម្រង់​ជាច្រើន​ទៅតាម​សំអាង​នៃ​បទល្មើស​ ឬ​បទល្មើស​ដើម​ដូចជា​បទល្មើស​គ្រឿងញៀន ឆបោក​ និង​ចាប់ជំរិត​ជាដើម​។ ប៉ុន្តែ​មិនមែន​គ្រប់​សំអាង​នៃ​បទល្មើស​សុទ្ធតែ​ជា​បទល្មើស​សម្អាត​ប្រាក់​នោះទេ ដរាប​ណា​ផល​នៃ​បទល្មើស​នេះ​មិន​ត្រូវ​បាន​បង្វែរ​ ឬ​បំប្លែង​នៅក្នុង​សកម្មភាព​អ្វីមួយ​។ បទល្មើស​ពី​ក្រៅប្រទេស​មួយ​ចំនួន​ត្រូវបាន​បង្វែរ​មក​កម្ពុជា​ដែល​ពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​។ នេះ​បើ​តាម​សមត្ថកិច្ច​ជំនាញ​។

លោក​ ផាន សុភ័គ្រ មន្ត្រី​ជំនាញ​ស៊ើបអង្កេត​នៃ​ក្រុមការងារ​ប្រឆាំង​ការសម្អាត​ប្រាក់​នៃ​អគ្គស្នងការ​នគរបាលជាតិ​ថ្លែងថា ប្រជាពលរដ្ឋ​ត្រូវ​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​របស់​ខ្លួន​ដោយ​ប្រុងប្រយ័ត្ន​ ជាពិសេស​មិន​ត្រូវ​ឱ្យ​អ្នកដទៃ​ខ្ចី​ទៅ​ប្រើប្រាស់​ឡើយ បើទោះ​ជា​អ្នកនោះ​ជា​សាច់ញាតិ​ ឬ​មិត្តភក្តិ​ស្គាល់​គ្នា​ក៏ដោយ​។ ស្រដៀង​គ្នា​នេះ​មិន​ត្រូវ​ឈរឈ្មោះ​បើក​កុង​ធនាគារ​ ឬ​ឱ្យ​អ្នកដទៃ​ខ្ចី​កុង​ធនាគារ ដើម្បី​ទទួល​ប្រាក់​បញ្ញើ​នោះទេ ព្រោះ​វា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​លាង​សម្អាត​ប្រាក់​ទុច្ចរិត​ពី​បរទេស​។

លោក​ថ្លែងថា​៖ «​បើសិន​ជា​អត្តសញ្ញាណ​របស់គាត់​ដូចជា​អត្តសញ្ណាណប័ណ្ណ​ ឬ​ក៏​ខ្លួន​គាត់​ត្រូវបាន​គេ​ពឹងពាក់​ឱ្យ​ទៅ​ឈរឈ្មោះ​បើក​អាជីវកម្ម ឬ​គណនេយ្យ​ធនាគារ អ្នក​ដែល​ពឹងពាក់​រាប់​ទាំង​បងប្អូន​មិត្តភក្តិ អ្នក​ស្គាល់​គ្នា​នោះ​សូម​ឱ្យ​គាត់​ប្រុងប្រយ័ត្ន ហើយ​សួរនាំ​ឱ្យបាន​ច្រើន​ថា តើ​អាជីវកម្ម​នោះ​ធ្វើ​អ្វី លក់​អ្វី សេវា​អី ហេតុអ្វី​ដាក់ឈ្មោះ​ខ្ញុំ​ឱ្យ​ឈរ​ឈ្មោះ​អាជីវកម្ម​នោះ​ទូទាត់​លុយ​របៀប​ណា​»​។ «​ពេលដែល​គាត់​ឈរឈ្មោះ​នោះ​គាត់​ត្រូវ​ប្រយ័ត្ន​ថា គាត់​កំពុង​ឈរឈ្មោះ​ជា​អ្នក​លាង​លុយ​នៅក្នុង​អាជីវកម្ម​នោះ ព្រោះ​អ្នក​ដែល​ពឹង​គាត់​អាចជា​ឧក្រិដ្ឋជន​ដែល​បាន​លុយ​ពី​អំពើ​ពុករលួយ​បាន​ពី​ការជួញដូរ​គ្រឿងញៀន​ដែល​លុយ​នោះ​ឧទាហរណ៍​ថា ១០ ឬ​ ២០ ​ម៉ឺន​ដុល្លារ​គាត់​មិនដឹង​យកទៅ​ណា គាត់​ទម្លាក់​ចូលក្នុង​អាជីវកម្ម​។

ក្នុងករណី​បែប​នេះ​អ្នក​ដែល​ឈរឈ្មោះ​គឺ​លាង​លុយ​ឱ្យ​ហើយ លាង​ផល​នៃ​បទល្មើស​គ្រឿងញៀន ហើយ​ឧក្រិដ្ឋជន​រួចខ្លួន​»​។ សមត្ថកិច្ច​សង្កេត​ឃើញ​មាន​ច្រើន​ករណី​ដែល​ពលរដ្ឋ​ត្រូវបាន​គេ​ពឹងពាក់​ឱ្យទៅ​បើក​គណនេយ្យ​ធនាគារ​ដោយ​មាន​ការពឹងពាក់​ពី​មិត្តភក្តិ បងប្អូន ឬ​ការអនុញ្ញាត​ឱ្យ​អ្នកដទៃ​ប្រើប្រាស់​កុង​ធនាគារ​របស់ខ្លួន​។ ក្រៅពីនេះ​ប្រជាពលរដ្ឋ​ក៏ត្រូវ​បាន​គេ​ពឹងពាក់​ឱ្យទៅ​ទទួល​បញ្ញើ​ពី​សំណាក់​អ្នកដទៃ​ដែល​ករណី​បែប​នេះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់ ឬ​បទល្មើស​គ្រឿងញៀន​។ លោក​ថា​៖ «​កុំទៅ​ឈរឈ្មោះ​ឱ្យគេ​កុំ​ទៅ​ទទួល​វត្ថុ​ឱ្យគេ កុំ​ទៅ​ផ្ញើ​របស់​ជំនួស​គេ កុំ​ឱ្យ​គេ​ខ្ចី​លេខ​គណនេយ្យ​របស់​យើង​ប្រើ​ដាច់ខាត​ទាំងអស់​នេះ​ត្រូវ​ប្រយ័ត្ន​ឱ្យ​មែនទែន​»​។

សមត្ថកិច្ច​កម្ពុជា​ទទួល​បាន​ការស្នើសុំ​កិច្ចសហការ​ពី​នគរបាល​ប្រទេស​ផ្សេងទៀត​ក្នុង​ការស៊ើប​អង្កេត​ករណី​ឆបោក ឬ​បទល្មើស​ផ្សេងទៀត​ដែល​ប្រព្រឹត្ត​នៅ​បរទេស ហើយ​ផល​នៃ​បទល្មើស​នោះ​ត្រូវ​បាន​បង្វែរ​មក​កម្ពុជា​។ ក្នុង​ ១ ​សប្ដាហ៍​ការស្នើសុំ​កិច្ចសហការ​ពី​បរទេស​លើ​ករណីបែបនេះ​អាច​មាន​ម្ដង ឬ​ ២ ​ដង តែបើ​គិត​សរុប​ក្នុង​ ១ ​ឆ្នាំ​វា​មាន​ចន្លោះ​ពី​ ៥០ ទៅ​ ៦០ ​ករណី​។ បទល្មើស​ឆបោក​ពី​ក្រៅ​ប្រទេស​មាន​ទាំង​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី ទ្វីបអឺរ៉ុប និង​ទ្វីបអាមេរិក​។

លោក​ សុភ័គ្រ ថ្លែងថា​៖ «​ចំណុច​នេះ​ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ​ជាពិសេស​ឯកឧត្តម ឌី វិជ្ជា ជំរុញ និង​បើកចំហ​កិច្ចសហប្រតិបត្តិការ​ស៊ើបអង្កេត​ជាមួយ​ប្រទេស​ជា​មិត្ត​។ រាល់​ករណី​បែប​នេះ​គឺ​យើង​ធ្វើ​ភ្លាម​។ ប៉ុន្តែ​ប្រទេស​មួយចំនួន​ពិបាក​ធ្វើការ​ដោយសារ​តែ​ពួកគេ​ទាមទារ​ឯកសារ​ច្រើនពេក​ដូចជា​ឯកសារ​ដីកា និង​លិខិតផ្លូវការ​ពី​ក្រសួង​ការបរទេស​»​។

លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ថ្លែងថា ក្រុម​ឧក្រិដ្ឋជន​មាន​ល្បិច​ច្រើនណាស់ ជាពិសេស​ក្នុងសម័យ​ដែលមាន​បច្ចេកវិទ្យា​ជឿនលឿន​ដូច​បច្ចុប្បន្ន​ក្នុង​ការលួង​ពលរដ្ឋ​ឱ្យ​ចាញ់​ការបោក​បញ្ឆោត ជាពិសេស​នៅ​ប្រទេស​ដែល​មាន​ប្រព័ន្ធ​ច្បាប់​នៅ​ទន់ខ្សោយ​ហើយ​ការយល់ដឹង​របស់​ពលរដ្ឋ​លើ​បញ្ហា​នេះ​នៅ​មាន​កម្រិត​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​វា​ជា​ការចាំបាច់​ណាស់​ដែល​ត្រូវមាន​ការអប់រំ​ផ្សព្វផ្សាយ​បន្ថែម​ឱ្យ​ពលរដ្ឋ​យល់ដឹង​អំពី​បញ្ហា​ហ្នឹង ហើយ​ពលរដ្ឋ​ទៀតសោត គួរតែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការធ្លាក់​ចូលក្នុង​ការបោក​បញ្ឆោត​ផ្សេងៗ​។ ការបោក​បញ្ឆោត​របស់​គេ​មាន​ច្រើន​រូបមន្ត ដូចជា​ការវិនិយោគ ការលេង​ភាគហ៊ុន ឬ​ឱ្យ​កម្ចី​ដែល​មាន​ការប្រាក់​ខ្ពស់​។ ទាំងនេះ​សុទ្ធតែ​ជា​រូបមន្ត​ក្នុង​ការបោក​បញ្ឆោត​។ ប៉ុន្តែ​យើង​ជា​ស្ថាប័ន​សាធារណៈ ឬ​ជា​អង្គការ​ក្ដី​ត្រូវ​បន្ត​ការអប់រំ​លើ​បញ្ហា​នេះ​ដើម្បី​ការពារ​ពលរដ្ឋ​របស់​យើង​កុំឱ្យ​ចាញ់បោក​គេ​»៕