ភ្នំពេញៈ ផលិតផល​គ្រឿងសម្អាង និង​សម្ភារ​បរិក្ខារ​ពេទ្យ​គ្មាន​ច្បាប់​អនុញ្ញាត សរុប​ជាង​ ៥ ​តោន​ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ ដកហូត​ជា​បណ្ដោះអាសន្ន​នៅ​ទីតាំង​ឃ្លាំង​ស្តុក​ទំនិញ​មួយកន្លែង​ស្ថិត​នៅក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ខណៈ​ដែល​ថៅកែ​លក់​ឡេ​ល្បី​ឈ្មោះ​ម្នាក់​បាន​រត់គេចខ្លួន​ពី​ការតាម​ចាប់​របស់​សមត្ថកិច្ច​។

លោក ម៉ាត់ យូសុះ ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ការស្រាវជ្រាវ និង​បង្ក្រាប​ទីតាំង​ស្តុក​ផលិតផល​គ្រឿងសម្អាង និង​សម្ភារ​បរិក្ខារ​ពេទ្យ​គ្មាន​ច្បាប់​អនុញ្ញាត​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​តាំងពី​រសៀល​ថ្ងៃទី​ ២៥ ខែ មករា ឆ្នាំ​ ២០២១ ​ក្រោម​កិច្ចសហការ​ចូលរួម​ពី​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្រសួង​សុខាភិបាល អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។

លោក យូសុះ ថ្លែងថា ក្នុង​ប្រតិបត្តិការ​នោះ​កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ និង​រឹបអូស​នូវ​ផលិតផល​គ្រឿងសម្អាង និង​សម្ភារ​បរិក្ខារ​ពេទ្យ​គ្មាន​ច្បាប់​អនុញ្ញាត សរុប​ជាង​ ៥ ​តោន​ ក្នុង​នោះ​រួមមាន សាប៊ូ​ចម្រុះ​ម៉ាក​ចំនួន ១២៤ ​កេស​ស្មើនឹង​ ២ ៧៨៩ ​គីឡូក្រាម ទឹក​លាង​ក្រចក​ចំនួន ៥៥ ​កេស ស្មើនឹង ​១ ៥៧៥ គីឡូក្រាម ម៉ាស់ Medical Face Mask ចំនួន ១ ៨០០ ​ប្រអប់​ស្មើ​ ៩៥០ ​គីឡូក្រាម និង​ម្ជុលជ័រ​ចាក់​សេរ៉ូម (IV Cannula) ​ចំនួន​ ១០០០​។

លោក​បញ្ជាក់ថា​៖ «​មកទល់​ពេល​នេះ យើង​នៅ​មិនទាន់​ប្រាកដ​ ១០០ ​ភាគរយ​ថា ​ទំនិញ​ទាំងនេះ​ជា​ទំនិញ​ក្លែងក្លាយ​ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​អ្វីដែល​យើង​រកឃើញ​ពិតប្រាកដ​នោះ គឺ​គ្រប់​ប្រភេទ​នៃ​ទំនិញ​ទាំងនេះ គ្មាន​ចុះ​បញ្ជិកា​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល​នោះទេ​។ ចំណែក​ម្ចាស់​ទំនិញ ឬ​ម្ចាស់​ឃ្លាំង​ក៏​នៅ​មិនទាន់​ចូលខ្លួន​ដោះស្រាយ​ដែរ​»​។

វត្ថុតាង​ដែល​ត្រូវបាន​រឹបអូស​ទាំងនោះ​ត្រូវបាន​ចាក់​ឃ្លុំបេ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅក្នុង​ឃ្លាំង​ស្តុក​ទំនិញ​ខាងលើ​នោះ ហើយ​ឃ្លាំង​នោះ​ក៏​ត្រូវបាន​ចាក់សោរ​បិទទ្វារ​ជា​បណ្ដោះអាសន្ន​ផងដែរ ដើម្បី​ឱ្យ​ម្ចាស់​ទំនិញ ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ ទោះជា​បែបណា​លោក យូសុះ មិន​បាន​ប្រាប់ឱ្យដឹង​អំពី​អត្តសញ្ញាណ​របស់​ម្ចាស់​ទំនិញ​ទាំង​នោះទេ​។

សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ​គ្រឿងសម្អាង និង​បរិក្ខារពេទ្យ​ដែល​គេ​ស្តុក​ទុក​ក្នុង​ឃ្លាំង​។ រូបថត នគរបាល​សេដ្ឋកិច្ច

១ ​ថ្ងៃ​ក្រោយពី​មាន​ការបង្ក្រាប​ទីតាំង​ខាងលើ​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ឡោមព័ទ្ធ​ទីតាំង​ផ្ទះ​របស់​ឧកញ៉ា​ល្បី​ខាង​លក់​ ឡេ អ៊ាន សៀវម៉ី ដែល​ស្ថិត​នៅក្នុង​បុរី​មូនថោន​ក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍សែនជ័យ​បង្ក​ឱ្យ​មាន​ការភ្ញាក់ផ្អើល​។

ប៉ុន្តែ សៀវម៉ី បានគេច​ខ្លួន​បាត់​ទៅ​ហើយ​។ នេះ​បើ​តាម​មន្ត្រី​នគរបាល​ម្នាក់​ដែល​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​នេះ​ដែល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​។

មន្ត្រី​រូបនោះ​និយាយ​ថា​៖ «​ខ្ញុំ​មិនដឹងថា គាត់​មាន​ពាក់ព័ន្ធ​ករណី​នាំចូល​ផលិតផល​គ្រឿងសម្អាង និង​សម្ភារ​បរិក្ខារ​ពេទ្យ​គ្មាន​ការអនុញ្ញាត​នៅក្នុង​ខណ្ឌ​ច្បារអំពៅ ឬ​អត់​ទេ​។ ប៉ុន្តែ សៀវម៉ី មាន​រឿង​ជាច្រើន​ពាក់ព័ន្ធ​ករណី​បរិហារកេរ្តិ៍ ទៅលើ​ជំទាវ​ដ៏​មាន​ឥទ្ធិពល​ ២ ​រូប​ហើយ​គាត់​ត្រូវបាន​ជំទាវ​ទាំង​ ២ ​រូប​នោះ ដាក់​ពាក្យ​ប្ដឹង​ទៅកាន់​នគរបាល​ក្រសួង​មហាផ្ទៃ​»​។

យ៉ាងណា​ក៏ដោយ មន្ត្រី​រូបនោះ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​អំពី​អត្តសញ្ញាណ​របស់​ជំទាវ​ទាំង​ ២ ​រូប​នោះទេ​។

ចំណែក​លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ថ្លែង​ថា សំណុំរឿង​បង្ក្រាប​ទីតាំង​ស្តុក​ផលិតផល​គ្រឿងសម្អាង និង​សម្ភារ​បរិក្ខារ​ពេទ្យ​គ្មាន​ច្បាប់​អនុញ្ញាត ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​នោះ​កំពុង​ស្ថិត​ក្រោម​នីតិវិធី​ស៊ើបអង្កេត​បន្ត​របស់​សមត្ថកិច្ច​ដែល​លោក​មិនអាច​អធិប្បាយ​ឱ្យ​បាន​ពិស្ដារ​នោះ​ទេ​។

លោក​បញ្ជាក់ថា​៖ «​បើជា​ផលិតផល​ដែល​នាំចូល​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ និង​មានការ​ទទួលស្គាល់​ពី​ក្រសួង​សុខាភិបាល​នោះ សមត្ថកិច្ច​មិន​ចុះបង្ក្រាប​ចាប់​នោះទេ​»​។

ជាមួយ​គ្នា​នេះ​លោក​បាន​អំពាវនាវ​ដល់​ពាណិជ្ជករ​អាជីវករ​លក់ដុំ និង​លក់រាយ​នូវ​ផលិតផល​គ្រឿងសម្អាង និង សម្ភារ​បរិក្ខារ​ពេទ្យ​ទាំងអស់ ពិសេស​អ្នក​ប្រកាស​លក់​តាម​ប្រព័ន្ធ​អនឡាញ​សូមកុំ​ក្លែងបន្លំ​ប្រភព​នៃ​ទំនិញ ហើយ​បោកប្រាស់​ប្រជាពលរដ្ឋ ដើម្បី​ចំណេញ​មាន​បាន​ផ្ទាល់ខ្លួន ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកដទៃ​។

លោក​បាន​ថ្លែងថា​៖ «​ដើម្បី​ក្លាយជា​ពាណិជ្ជករ អាជីវករ និង​ពលរដ្ឋ​ល្អ​ត្រូវ​ហាន​ទទួល​ស្គាល់​នូវ​ប្រភព​ទំនិញ​របស់ខ្លួន និង​មិនត្រូវ​ក្លែងបន្លំ​ចំពោះ​ប្រភព​ទំនិញ​ដែល​មាន​កម្មសិទ្ធិបញ្ញា​​របស់​គេ​ដែល​នាំ​ឱ្យ​មាន​បញ្ហា​ប្រឈម​ចំពោះ​ផ្លូវច្បាប់​នោះឡើយ​»​។

បើ​តាម​លោក ផាន អូន ការនាំចូល​នូវ​ផលិតផល​គ្រឿង​សម្អាង​អាហារ​បំប៉ន និង​សម្ភារ​បរិក្ខារពេទ្យ​ចាំបាច់​ត្រូវមាន​ការត្រួតពិនិត្យ និង​ចុះ​បញ្ជិកា​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល​ជាមុន​។

លោក​លើកឡើង​ទៀតថា​ចំណែក​អ្នកប្រើប្រាស់ មិន​ត្រូវ​ជឿ​ទៅលើ​ការឃោសនា​កុហក​បោកប្រាស់​របស់​អាជីវករ​ទុច្ចរឹត​តាម​ប្រព័ន្ធ​អនឡាញ​នោះ​​ឡើយ ព្រោះ​ការជាវ​ផលិតផល​គ្រឿងសម្អាង អាហារ​បំប៉ន និង​សម្ភារ​បរិក្ខារ​ពេទ្យ ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ឬ គ្មាន​ការទទួលស្គាល់​ពី​ក្រសួង​សុខាភិបាល វា​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​ខាតបង់​ថវិកា​របស់​អ្នកប្រើប្រាស់​ឥតប្រយោជន៍​៕

វីដេអូ៖