The Phnom Penh Post Search

Search form

សមត្ថកិច្ច​ដក​ហូត​ដី ២០​ ហិក​តា ដែល​ទើប​កាប់​ឆ្ការ ពី​អ្នក​ភូមិ​ម្នាក់​

Content image - Phnom Penh Post
លោក ជា ហ៊ាន (ឆ្វេង) និង​សមត្ថ​កិច្ច​ជំនាញ ពេល​ចុះ​ពិនិត្យ​ទីតាំង​ដី ដែល​ត្រូវ​​ដក​ហូតកាលពី​ថ្ងៃ​ទី ១០ ខែ​កក្កដា ឆ្នាំ ២០១៨។ រូប​ថត សហការី​

សមត្ថកិច្ច​ដក​ហូត​ដី ២០​ ហិក​តា ដែល​ទើប​កាប់​ឆ្ការ ពី​អ្នក​ភូមិ​ម្នាក់​

កំពង់​ស្ពឺ​: ក្រុម​អធិការ​កិច្ច​ក្រសួង​បរិស្ថាន និង​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់​ស្ពឺ បាន​សម្រេច​ដក​ហូត​ដី​ព្រៃ​ទំហំ​ ២០ ហិកតា នៅ​ចំណុច​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ដែល​បុគ្គល​ឈ្មោះ ​គុល វិចិត្រ​ បាន​កាប់​រាន​ទន្ទ្រានកាន់​កាប់​ដោយ​ខុសច្បាប់ កាល​ពីកន្លង​ទៅ​ថ្មីៗ​នេះ មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ។ នេះ​បើតាម ​លោក ជា ហ៊ាន ប្រធាន​អង្គការ​អភិរក្ស​ធន​ធាន​ធម្ម​ជាតិ និង​ សត្វព្រៃ។

លោក ជា ហ៊ាន បានថ្លែង​នៅ​ថ្ងៃ​ទី ១១ ខែ​កក្កាដា​​ថា ការ​សម្រេច​ដក​ហូត​ដីព្រៃ​ពីបុគ្គល​ខាង​លើ​នេះ បានធ្វើ​ឡើង ​​បន្ទាប់​ពីក្រុម​អធិការ​កិច្ច​​ក្រសួង​បរិស្ថាន និង​​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់​ស្ពឺ រួម​សហ​ការ​ជា​មួយ​ក្រុម​មន្ត្រី​ឧទ្យា​នុរក្ស​នៃ​អង្គការ​របស់​លោក កាល​ពីថ្ងៃ​ទី​ ១០ ខែ​កក្កដា ឆ្នាំ ២០១៨ បាន​ចុះ​ពិនិត្យ​អង្កេត និង​វាស់​វែង នៅ​លើ​ទីតាំង​​ដីនោះ ហើយ​រកឃើញ​ថា ដីដែល​បុគ្គល​ឈ្មោះ គុល វិចិត្រ នោះ​បាន​ឈូស​ឆាយ ​និង​កាន់​កាប់​ដោយ​ខុស​ច្បាប់​នាពេល​កន្លង​មក​នេះ ពិត​ជា​ស្ថិត​នៅក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​បរិស្ថាន​។

លោក​បាន​បញ្ជាក់​ថា​៖​«​ជា​មួយ​គ្នា​នេះ ក្រសួង​បរិស្ថាន​ ក៏បាន​ចាត់​វិធាន​ការ​ផ្លូវច្បាប់​ ដោយ​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​​ទៅ​លើ​បុគ្គល ឈ្មោះ គុល វិចិត្រ​ នេះ ទៅ​តុលា​ការ​ខេត្ត​កំពង់​ស្ពឺផង​ដែរ»។

បើ​តាម​លោក ជា ហ៊ាន ដី​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱរ៉ាល់ ត្រូវបាន​ជន​ឱកាស​និយម​មួយ​ចំនួន​ ធ្វើ​ការ​ឈូស​ឆាយ និង​ទន្ទ្រាន​កាន់​កាប់​ដោយ​ខុស​ច្បាប់​ជា​បន្ត​បន្ទាប់​។

ជា​មួយ​គ្នា​នេះ​ ក្រុម​មន្ត្រី​ឧទ្យានុរក្ស ​និងក្រុម​សក​ម្មជន​អង្គការ​បរិស្ថាន​មួយ​ចំនួន ដែល​បាន​ប្រឹង​ប្រែង​អនុវត្ត​ការ​ងារ​​តាម​តួនាទីនិង​ភារកិច្ច​របស់​ខ្លួន​ ក្នុង​កិច្ច​ការពារ​និង​ទប់​ស្កាត់​បទ​ល្មើស​ខាង​លើ​នេះ ត្រូវ​បាន​ក្រុម​ជន​ឱកាស​និយម​មួយ​ចំនួន​ ដែល​មាន​ខ្នង​បង្អែក​ជាមន្ត្រី​ជាន់​ខ្ពស់ ក្នុង​ជួរ​រដ្ឋាភិបាល​ប្ដឹង​គំរាម​ទៅ​តុលា​ការ​ផង​ដែរ។

លោក​បាន​បន្ថែម​ថា កាលពី​ពេលថ្មីៗ​នេះ​ រូប​លោក​ផ្ទាល់​ ត្រូវ​បាន​ស្ត្រីម្នាក់​ឈ្មោះ ​សៀង សាម៉េន​ ដាក់​ពាក្យ​ប្ដឹង​ឡើង​តុលាការ​ខេត្ត​កំពង់​ស្ពឺ បន្ទាប់​ពីលោក ​និង​ក្រុម​មន្ត្រី​ឧទ្យានុ​រក្ស​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់ ចុះ​ទៅ​ទប់​ស្កាត់​សកម្ម​ភាព​របស់​ពួក​គាត់ ដែល​កំពុង​ឈូស​ឆាយ​​ដីព្រៃ ដោយ​គ្មាន​ការ​អនុញ្ញាត​នៅ​ចំណុច​ថ្ម​បាំង ​ស្ថិត​ក្នុង​​ភូមិ​ស្រែកិន ​ឃុំ​ត្រពាំង​​ជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ។

លោក ហ៊ា ន​​បាន​ថ្លែង​ថា៖ «ទោះ​យ៉ាង​ណា ​ខ្ញុំ​មិន​ខ្លាច​ការ​គំរាម​នេះ​ទេ ខ្ញុំ​សុខ​ចិត្ត​ជាប់​គុក​ ដើម្បី​ការពារ​ដីព្រៃ​សាធា​រណៈ​របស់​រដ្ឋ»៕

អត្ថបទគួរចាប់អារម្មណ៍