ព្រះសីហនុៈ សមត្ថកិច្ចខេត្តព្រះសីហនុបានប្រកាសបិទចរាចរណ៍ទូក និងកាណូតដឹកភ្ញៀវទេសចរទៅកាន់កោះនានាជាបណ្ដោះអាសន្នស្របពេលដែលតំបន់សមុទ្រទិសខាងត្បូងឆៀងខាងលិចនេះបាន និងកំពុងញាំញីដោយខ្យល់កន្ត្រាក់ និងទឹករលកខ្លាំង។
ស្នងការនគរបាលខេត្តព្រះសីហនុលោក ជួន ណារិន្ទ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ពីម្សិលមិញថា ការប្រកាសបិទលើកនេះគឺសមត្ថកិច្ចក៏នឹងត្រូវដាក់ពង្រាយបង្កើនការយាមកាមមិនឲ្យមានការលួចធ្វើចរាចរណ៍ទូក ឬកាណូតផ្សេងៗដើម្បីបង្ការនូវគ្រោះថ្នាក់ដែលអាចកើតមានដោយសារសម្ពាធទាបបង្កជាខ្យល់កន្ត្រាក់ និងទឹករលក។
លោកថា៖ «កន្លងមកយើងបានជូនដំណឹងកុំឲ្យមានការធ្វើចរាចរណ៍នៅពេលភ្លៀង ឬខ្យល់ខ្លាំងតែនៅតែមានការលួចធ្វើចរាចរណ៍អ៊ីចឹងហើយលើកនេះគឺយើងបិទចរាចរណ៍ទាំងស្រុងរហូតដល់ស្ថានការណ៍ប្រសើរវិញទើបបើកដើម្បីរក្សានូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក៏ដោយ»។
លោកស្នងការបានឲ្យដឹងថា ពាក់ព័ន្ធនឹងសុវត្ថិភាពនេះភ្ញៀវទេសចរបរទេសជាង ២០ នាក់ដែលបានទៅស្នាក់នៅលើកោះរ៉ុងបានជួបប្រទះនឹងបញ្ហាក្នុងការធ្វើដំណើរត្រឡប់មកកាន់តំបន់គោកវិញកាលពីល្ងាចថ្ងៃទី ១៤ ខែកញ្ញា ព្រោះតែខ្យល់កន្ត្រាក់ និងទឹករលកខ្លាំងប៉ុន្តែសមត្ថកិច្ចដែលឈរជើងនៅកោះរ៉ុងបានជួយសម្រួល និងបញ្ជូនត្រឡប់មកវិញដោយសុវត្ថិភាពកាលពីថ្ងៃទី ១៥ ខែកញ្ញា៕