ភ្នំពេញ: មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានដុតបំផ្លាញបង្គា ៤៤៩ កេស ទម្ងន់ជាង ១១ តោន បន្ទាប់ពីចាប់បាននៅភ្នំពេញកាលពីចុងខែឧសភាពីក្រុមឈ្មួញដែលលួចនាំចូលពីវៀតណាមតាមច្រកទ្វារអន្តរជាតិព្រែកចាក ខណៈឈ្មួញ ៣ នាក់ តម្រូវឲ្យធ្វើកិច្ចសន្យាព្រមានឲ្យឈប់ប្រព្រឹត្ត។
លោក ហេង មាលី ប្រធានសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ពីម្សិលមិញបានបដិសេធធ្វើអត្ថាធិប្បាយជុំវិញករណីនេះដោយលោកអះអាងថា កំពុងជាប់រវល់មិនអាចនិយាយទូរស័ព្ទបានទេ។
ក៏ប៉ុន្តែលោក គង់ វុទ្ធី អនុប្រធានការិយាល័យសាខានៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានថ្លែងពីម្សិលមិញថា មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បានដុតកម្ទេចចោលបង្គាក្លាស្សេចំនួន ៤៤៩ កេស ដែលមានទម្ងន់ជាង ១១ តោន នៅទីលានចាក់សំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីថ្ងៃទី ៣០ ខែឧសភា។
លោកបន្តថា ពិធីនេះមានការចូលរួមពីមន្ត្រីនគរបាលរាជធានីភ្នំពេញទទួលផ្នែកបទល្មើសសេដ្ឋកិច្ច និងសម្របសម្រួលដោយលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ចំណែករថយន្ត ៣ គ្រឿងដែលជាមធ្យោបាយដឹកជញ្ជូនទំនិញល្មើសនេះត្រូវបានយកមករក្សាទុកនៅអគ្គនាយកដ្ឋាន ក.ប.ប បណ្ដោះអាសន្នដើម្បីបន្តនីតិវិធី។
លោកបញ្ជាក់ថា៖ «ក្នុងបង្គាទាំង ១១ តោននេះ យើងបានរកឃើញសារធាតុម្យ៉ាងដូចចាហួយ ប៉ុន្ដែសារធាតុនេះមិនបង្កផលប៉ះពាល់សុខភាពមនុស្សទេ គឺគ្រាន់តែបន្លំបរិមាណមានន័យថា ដាក់ឲ្យវាកាន់តែធ្ងន់ ចំណេញគីឡូ។ ក្រុមឈ្មួញទាំងនេះ មិនមែនជាលក្ខណៈក្រុមហ៊ុនទេគឺពួកគាត់ជាអ្នកទទួលទិញរាយពីវៀតណាមដោយគ្មានលិខិតបញ្ជាក់ត្រឹមត្រូវ ហើយដឹកយកមកលក់នៅភ្នំពេញ»។
លោក គង់ វុទ្ធី បន្ថែមថា ជនល្មើស ៣ នាក់ ដែលជាឈ្មួញម្ចាស់បង្គានេះ ត្រូវបានសមត្ថកិច្ចជំនាញអប់រំណែនាំ ព្រមទាំងតម្រូវឲ្យពួកគាត់ធ្វើកិច្ចសន្យាព្រមាន និងបញ្ឈប់សកម្មភាពជួញដូរទំនិញខុសច្បាប់ក៏ដូចជាផលិតផលដែលមានសារធាតុគីមីបង្កឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានថ្លែងពីម្សិលមិញថា លោកបានទទួលព័ត៌មានពីការដុតបំផ្លាញបង្គាទាំង ១១ តោននេះ ប៉ុន្ដែកម្លាំងលោកមិនបានចូលរួមក្នុងកម្មវិធីនេះទេ ដោយគ្រាន់តែបានចូលរួមបង្ក្រាបករណីនេះ។
លោកថា៖ «ខ្ញុំដឹងថា មន្ត្រីជំនាញយើងយកបង្គាទៅដុតចោលនៅទីតាំងចាក់សំរាមខណ្ឌដង្កោហ្នឹង ប៉ុន្ដែសមត្ថកិច្ចខ្ញុំអត់បានចូលរួមទេ គឺពួកខ្ញុំបានចូលរួមតែកិច្ចការបង្ក្រាបឡានដឹកបង្គាកាលពីថ្ងៃទី ២៩ ខែឧសភា កន្លងទៅ ហើយក៏បានប្រគល់សំណុំរឿងឲ្យមន្ត្រីជំនាញចាត់ចែង»។
តាមគេហទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋាន (ក.ប.ប) បានឲ្យដឹងកាលពីម្សិលមិញថានៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ ឧសភា មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប សហការជាមួយមន្ត្រីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផ្នែកបទល្មើសសេដ្ឋកិច្ច ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានស្ទាក់ឃាត់រថយន្តដឹកគ្រឿងសមុទ្រចំនួន ៣ គ្រឿងនៅលើផ្លូវជាតិលេខ ៤ និងផ្លូវជាតិលេខ ៣ ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌដង្កោរាជធានីភ្នំពេញ។
បើតាមអគ្គនាយកដ្ឋាន ក.ប.ប. ក្រោយត្រួតពិនិត្យលើទំនិញទាំងអស់នេះសមត្ថកិច្ចបានរកឃើញបង្គាមានចាក់បញ្ចូលនូវសារធាតុម្យ៉ាងដែលស្រដៀងចាហួយ ហើយបានរឹបអូសយកមកដុតបំផ្លាញចោលតែម្ដង៕
វីដេអូ៖