ព្រះវិហារ/កណ្ដាល: គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​ ១៧ ​គ្រាប់​ ដែល​នៅមាន​គុណភាព​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ស្រុក​ត្បែងមានជ័យ និង​មន្ត្រី​អង្គការ​ដោះមីន​កម្ពុជា​ចុះទៅ​ដោះ​ចេញ​ពី​ដីចម្ការ​ពលរដ្ឋ​នៅ​ភូមិ​មហាផល​ធំ ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្ត​​ព្រះវិហារ ខណៈ​នៅ​ខេត្ត​កណ្ដាល​មន្ត្រី​ CMAC ក៏បាន​បន្សាប​គ្រាប់បែក​ ១ ​គ្រាប់ ​ដែល​បាន​ទម្លាក់​ពី​យន្តហោះ​ទម្ងន់​ ២៣០ ​គីឡូ​ផងដែរ​។

លោក ប៉ៃ ជិន អធិការរង​នគរបាល​ស្រុក​ត្បែងមានជ័យ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា កាលពី​ថ្ងៃទី​ ៥ ខែមេសា ​ថ្មីៗ​នេះ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ និង​​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឈានមុខ​សហការ​ជាមួយ​ក្រុម​ជំនាញ​នៃ​អង្គការ​ដោះមីន​កម្ពុជា​បាន​ចុះទៅ​ដោះ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចេញ​ពី​ដីចម្ការ​របស់​ពលរដ្ឋ​នៅ​ទីតាំង​ខាងលើ​នេះ​បាន​ចំនួន​ ១៧ ​គ្រាប់​។

លោក​បន្តថា​ក្នុង​ពេល​បំពេញ​ការងារ​នោះ ក្រុមមន្ត្រី​បាន​ពិនិត្យ និង​ប្រមូលយក​គ្រាប់​បាន​ ១៧ ​គ្រាប់​ដែល​ក្នុងនោះ​មាន​គ្រាប់ផ្លោង​ប្រភេទ​ ៣៧ ​មិល្លីម៉ែត្រ​ ចំនួន​ ១៥ ​គ្រាប់ ក្បាល​គ្រាប់​ប្រភេទ​ ៦០ ​មិល្លីម៉ែត្រ​ ចំនួន​ ១ ​គ្រាប់ និង​ប្រភេទ​គ្រាប់​បេ​ ៤០ ​ចំនួន​ ១ ​គ្រាប់​ ដែល​គ្រាប់​ទាំងនោះ​សុទ្ធតែ​នៅមាន​គុណភាព​។

លោក​ ប៉ៃ ជិន បាន​បញ្ជាក់ថា​៖ «​ក្រោយពី​ទទួល​ដំណឹង​ពី​ពលរដ្ឋ​ជា​ម្ចាស់​ចម្ការ ពួកខ្ញុំ​បាន​ចុះទៅពិនិត្យ​ផ្ទាល់ ហើយ​បាន​ផ្សព្វផ្សាយ​ប្រាប់​ពលរដ្ឋ​នៅ​​តំបន់​នោះ​កុំ​ឲ្យ​នាំគ្នា​មក​ជិត​​ទីតាំង​មាន​គ្រាប់​មិនទាន់​ផ្ទុះ​នេះ ​ព្រោះ​ខ្លាច​គ្រោះថ្នាក់​ដល់​គាត់​។

បន្ទាប់មក​យើង​បាន​រាយការណ៍​ទៅ​អង្គការ​ជំនាញ​ខាង​ដោះមីន​មកជួយ​ដោះ​គ្រាប់​នោះ​ចេញ ប៉ុន្ដែ​មិន​បង្ក​ឲ្យ​ខូចខាត​សម្ភារ​​ ឬ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​»​។

លោក​បន្ថែមថា កន្លងមក​នៅ​​មូលដ្ឋាន​ស្រុក​ត្បែងមានជ័យ​នេះ​​មិនទាន់​មាន​ជនរងគ្រោះ​ដោយសារ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទេ ប៉ុន្ដែ​អាជ្ញាធរ​ធ្លាប់​រកឃើញ​គ្រាប់​ដែល​បន្សល់ទុក​ពី​សម័យ​សង្គ្រាម​ជាច្រើន​គ្រាប់​រួចមកហើយ​។ ​ដូច្នេះ​អាជ្ញាធរ​នៅតែ​បន្ដ​​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​របស់​​វា​ដោយ​តម្រូវ​ឲ្យ​ពលរដ្ឋ​ប្រញាប់​រាយការណ៍​ទៅ​មន្ត្រី​អាជ្ញាធរ​ភ្លាម ប្រសិន​បើ​បាន​ជួបប្រទះ​គ្រាប់​មិនទាន់​ផ្ទុះ​ទាំងនោះ​។

លោក ស៊ិន កុសល ប្រធាន​ក្រុម​កម្ទេច​គ្រឿង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៃ​អង្គការ​ដោះមីន​កម្ពុជា​ប្រចាំការ​នៅ​ខេត្តព្រះវិហារ​ខេត្ត​​ស្ទឹងត្រែង ខេត្តក្រចេះ និង​ខេត្ត​បាត់ដំបង​បាន​ថ្លែង​ពី​ម្សិលមិញ​​ថា ក្រោយពី​ទទួល​ព័ត៌មាន​ពី​​សមត្ថកិច្ច​ភ្លាម​លោក​ និង​ក្រុម​ការងារ​ ៣ ​នាក់​ផ្សេងទៀត​ចុះទៅ​​ដល់​ទីតាំង​នោះ និង​បាន​បោះ​ស្លាក​សញ្ញា​សម្គាល់​មុន​ពេល​​ដោះ​គ្រាប់​ចេញ​ពី​ក្នុង​ដី​។

លោក​បន្តថា គ្រាប់​យុទ្ធភណ្ឌ​​ទាំងនេះ​សុទ្ធតែ​នៅមាន​គុណភាព ហើយ​ប្រសិន​មាន​គេ​យក​វា​ទៅ​ដំ​ ឬ​ដុត​នោះ វា​នឹង​ផ្ទុះ​ជាក់​ជាមិនខាន​។ ​លោក​រំឭក​ឲ្យ​ក្រុមការងារ​ធ្វើការ​ដោយ​ប្រុងប្រយ័ត្ន​ និង​វេចខ្ចប់​តាម​ក្បួនខ្នាត​ដោយ​ដឹកជញ្ជូន​មក​ដាក់​បន្សាប​នៅ​ទីស្នាក់ការ​របស់​អង្គការ​ដោះមីន​​កម្ពុជា​នៅ​ទី​រួម​ខេត្ត​ព្រះវិហារ​។

លោក កុសល បញ្ជាក់ថា​៖ «​ក្រុមការងារ​ពួកខ្ញុំ​ប្រចាំការ​តែ​ ៤ ​ខេត្ត​ទេ​ គឺ​ខេត្តព្រះវិហារ ខេត្ត​ស្ទឹងត្រែង ខេត្តក្រចេះ និង​ខេត្តបាត់ដំបង ហើយ​ធ្វើការ​តាមតែ​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ និង​​ពលរដ្ឋ​រាយការណ៍​ជូន​ប៉ុណ្ណោះ ព្រោះ​កម្លាំង​ជំនាញ​យើង​តិច​។ ក្រុមការងារ​ខ្ញុំ​ធ្លាប់ជួយ​រំដោះ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ច្រើន​​ករណី​ហើយ​នៅ​ឆ្នាំ​ ២០២០ ​នេះ ហើយ​ថែមទាំង​មាន​ករណី​ផ្ទុះ​​ស្លាប់ និង​របួស​ទៀតផង តែ​ខ្ញុំ​មិន​ចាំ​ចំនួន​ច្បាស់​ទេ​»​។

លោក ហង់ នាត នាយប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​ឈានមុខ​មិនអាច​សុំ​ការ​បញ្ជាក់​បន្ថែម​​ជុំវិញ​ករណីនេះ​បាន​ទេ​កាលពី​ម្សិលមិញ ដោយ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន​។

ទោះយ៉ាងណា​លោក ស៊ិន កុសល បាន​សាកសួរ​ម្ចាស់​ចម្ការ​ (​មិន​បញ្ចេញ​អត្តសញ្ញាណ​) ​បាន​ឆ្លើយថា លោក​ និង​ភរិយា​បាន​បើក​ត្រាក់ទ័រ​ទៅ​ភ្ជួរដីចម្ការ​ខាងក្រោយ​ភូមិ​ប្រមាណ​ជា​ ២ ​គីឡូម៉ែត្រ​។ ​លុះ​ភ្ជួរ​បាន​ ១ ​ជុំ​ក៏​ប៉ះ​​ចំ​គ្រាប់​នោះ តែ​ពី​ដំបូង​ស្មានថា​​ជា​គល់ឈើ លុះ​ចុះទៅ​ពិនិត្យ​ក៏​​ឃើញ​គ្រាប់ផ្លោង​ ១ ​គ្រាប់ ហើយ​​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​​ជាបន្ទាន់​។ ​បន្ទាប់មក​អាជ្ញាធរ​បាន​​ហៅ​អ្នកជំនាញ​មកជួយ​ដោះគ្រាប់​នោះ​ក៏​ស្រាប់តែ​ប្រទះឃើញ​នៅ​ខាងក្រោម​ដី​ថែមទៀត​ដែល​សរុប​មាន​រហូត​ដល់​ ១៧ ​គ្រាប់​។

ករណី​ដោយឡែក​មួយទៀត​កាលពី​ម្សិលមិញ​មន្ត្រី​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​បាន​ដោះ​បន្សាប​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ប្រភេទ​ MK82 ​ទម្ងន់​ ២៣០ ​គីឡូក្រាម​ ១ ​គ្រាប់ ​ប្រកប​ដោយ​សុវត្ថិភាព​នៅក្នុង​ភូមិ​ស្លែងមានជ័យ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល​។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​លោក ហេង រតនា នាយក CMAC កាលពី​ម្សិលមិញ​។

លោក ហេង រតនា បាន​កោតសរសើរ​មន្ត្រី​ជំនាញ​ចំពោះ​​ការប្រើប្រាស់​អាវក្រោះ និង​មួក​សុវត្ថិភាព​ការពារ​ខ្លួន​ពី​គ្រាប់​រំសេវ​ជាមួយ​នឹង​ការប្រើប្រាស់​ម៉ាស់ និង​ក្រមា​ខែ្ម​ការពារ​អាមេរោគ​ចង្រៃ​កូ​វីដ​ ១៩​។

លោក​ថា​៖ «​ជំងឺ​កូវីដ​ ១៩ ​ពិតជា​គំរាមកំហែង​យើង​មែន ប៉ុន្តែ​យើង​មិន​ចុះ​ញ៉ម​ឈប់​ធ្វើ​កិច្ចប្រតិបតិ្តការ​របស់​យើង​ដោយសារ​ការគំរាម​របស់​វា​ទេ យើង​បន្ត​កិច្ចការ​យើង​ជាធម្មតា​សម្រាប់​សេចក្តីសុខ និង​សុវត្ថិភាព​សង្គមជាតិ​»៕