ព្រះ​សី​ហនុៈ​ មន្ត្រី​នគរ​បាល​ខេត្ត​ព្រះ​សី​ហនុ​បាន​សម្រេច​ដោះ​លែង​ជន​ជាតិ​ចិ​​នប្រុស​-​ស្រី ៥​ នាក់ ​ក្នុង​ចំ​ណោម​ ៦ នាក់ ​កាល​ពី​ម្សិល​មិញ​ ក្រោយ​ពី​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​ ៦ ​ខែ​តុលា​ ពេល​កំ​ពុង​ដាក់​កម្លាំង​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទះ​នៅ​លើ​ដង​ផ្លូវ​ ក្នុង​សង្កាត់​ ២ ​ខេត្ត​ព្រះ​សី​ហនុ​។​

លោក​ តី​ វិសាល​ អធិការ​នគរ​បាល​​ក្រុង​ព្រះ​សីហនុ​ប្រាប់​ពីម្សិល​មិញ​ថា​ ការ​ដោះ​លែង​មនុស្ស​ទាំង​ ៥​ នាក់​នោះ​ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​ការ​សាក​សួរ​របស់​សមត្ថ​កិច្ច​ ដោយ​បញ្ជាក់​ថា ​ពួក​គេ​មិន​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ច្បាប់​នោះ​ទេ។​ ​មាន​តែ​បុរស​អាយុ​ ៣១ ​ឆ្នាំ​ម្នា​ក់​ប៉ុណ្ណោះ​ ដែល​ឃាត់​ខ្លួន​ព្រោះ​មាន​បទ​ល្មើស​ ដោយ​គេ​មាន​កាំ​ភ្លើង​ជាប់​ខ្លួន​សម្រាប់​ប្រើ​ប្រាស់​ដោយ​គ្មាន​ច្បាប់​អនុ​ញាត្តិ​។​

លោក​ វិសាល ​ថ្លែង​​ថា​៖​ ​«​ចំពោះ​បុរស​សង្ស័យ​ម្នាក់​នោះ​សមត្ថ​កិច្ច​របស់​ខ្ញុំ​កំពុង​បន្ត​សាក​សួរ​ ដើម្បី​​ធ្វើ​របាយ​ការណ៍​បញ្ជូន​បន្ត​ទៅ​ស្នង​ការ​ដ្ឋាន​ខេត្ត​ទៀត​។​ ​គាត់​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​អាវុធ​ខុស​ច្បាប់​»​។​

លោក​បាន​ឲ្យ​ដឹង​ថា ​កាល​ពី​យប់​ថ្ងៃ​ទី​ ៦​ តុលា​​ មន្ត្រី​ជំ​នាញ​បាន​​ដាក់​កម្លាំង​នៅ​តាម​គោល​ដៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅក្បែរ​ផ្សារ​ពាណិជ្ជ​កម្ម​​ក្នុង​សង្កាត់​ ២​ ក្រុង​ព្រះ​សីហនុ​។​ នៅ​ពេល​នោះ​សមត្ថ​កិច្ច​បាន​ហៅ​រថ​យន្ត​ ១​ គ្រឿង​ ម៉ាក​អាល់​ផាត​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ 2BE​-​0032 ​ឲ្យ​ឈប់​ដើម្បី​ធ្វើការ​​ត្រួត​ពិនិត្យ​ឃើញ​​មាន​មនុស្ស​ប្រុស​-​ស្រី​ ជា​ជ​ន​ជាតិ​ចិន​ចំនួន​ ៦ នាក់​ជិះ​ក្នុង​រថ​យន្ត​។

​ក្នុង​រថយន្ត​សមត្ថ​កិច្ច​ឆែក​ឃើញ​មាន​កាំភ្លើង​ខ្លី​ ១​ ដើម​ ម៉ាក​ G-​Loc​k ​1​9​ ​G​e​n​5​ មាន ​បង់​កាំភ្លើង​ចំនួន​ ២​ និង​គ្រាប់​ចំនួន​ ៣០ គ្រាប់​។​ ​បុរស​ជាប់​សង្ស័យ​ម្នាក់​ដែល​ជា​ម្ចាស់​កាំភ្លើង​បាន​និយាយ​ប្រាប់​សមត្ថ​កិច្ច​​ថា​ ពួកគេ​ជា​ភ្ញៀវ​ទេស​ចរ​ហើយ​ទើប​មក​លេង​ខេត្ត​ព្រះ​សីហនុ​​មិន​ដល់ ​១ ខែ​ផង​ទេ ​​រីឯ​កាំ​ភ្លើង​ដែល​នៅ​ក្នុង​​រថ​យន្ត​នោះ ​គឺ​រូប​គេ​បាន​ទិញពី​មនុស្ស​ម្នាក់​ ដើម្បី​ទុក​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ។​ ​​​ប៉ុន្តែ​គ្មាន​បំណង​ឬ​រៀប​ចំ​គម្រោង​ដើម្បី​ប្រព្រឹត្ត​បទ​ល្មើស​​ណា​មួយ​ទេ​។​

ពាក់​ព័ន្ធ​បញ្ហា​សន្តិ​សុខ​​សណ្តាប់​ធ្នាប់​នៅ​ខេត្ត​ព្រះ​សីហនុ​នេះ​ ត្រូវ​បាន​លោ​ក​ស្រី ​ជៀប​ សុធាវី​ មន្រ្តី​សម្រប​សម្រួល​នៃ​សមា​គមន៍​ការពារ​សិទ្ធិ​មនុស្ស​​អាដ​ហុក​ប្រចាំ​ខេត្ត​ព្រះ​សីហនុ​ថ្លែង​ថា ​ខេត្ត​មួយ​នេះ​​​មាន​​​មនុស្ស​ធ្វើ​បន្លាស់​ទី​​ច្រើន​ ​ទាំង​អ្នក​មក​ធ្វើ​ការ​និង​​ជន​ទេស​ចរ​ប​រទេស។​ ដូច្នេះ​​បទ​​ល្មើស​តែ​ង​តែ​កើត​មាន​ឡើង​​ដូច​ជា​បទ​ល្មើស​គ្រឿង​ញៀន ​បទ​ល្មើស​វាយ​តប់​គ្នា​​៕​