
បុរសជេរប្រមាថលោក ហ៊ុន សែន ត្រូវបានដោះលែងថ្ងៃទី ៥ កុម្ភៈនៅពោធិ៍សាត់។ រូបថត ហ្វេសប៊ុក
ពោធិ៍សាត់ៈ បុរសម្នាក់ដែលបានជេរប្រមាថលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមបណ្តាញសង្គមហ្វេសប៊ុកកាលពីប៉ុន្មានថ្ងៃមុននៅស្រុកវាលវែង ខេត្តពោធិ៍សាត់ត្រូវបានសមត្ថកិច្ចដោះលែងឲ្យមានសេរីភាពវិញហើយ ក្រោយពីជននោះបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។
លោកវរសេនីយ៍ឯក ម៉ូ លីដា ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានថ្លែងពីម្សិលមិញថា ក្រោយពីទទួលបទបញ្ជារបស់លោក ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែង កាលពីរសៀលថ្ងៃទី ៣ ខែកុម្ភៈ បានចុះឃាត់ខ្លួនឈ្មោះ មុត សាមៀន ភេទប្រុស អាយុ ៣៤ ឆ្នាំ ពាក់ព័ន្ធករណីជេរប្រមាថថ្នាក់ដឹកនាំតាមបណ្តាញសង្គមហ្វេសប៊ុក។ ការចាប់ខ្លួននេះធ្វើឡើង ខណៈដែលបុរសរូបនេះកំពុងស្ថិតក្នុងរោងអាពាហ៍ពិពាហ៍មួយដែលជាអ្នកថតរូបមង្គលការស្ថិតក្នុងភូមិផ្ចិកជ្រុំ ឃុំប្រមោយ ស្រុកវាលវែង។
លោកបានបន្តថា ក្រោយពីចាប់ខ្លួនបុរសនោះសមត្ថកិច្ចស្រុកវាលវែងបានបញ្ជូនជាងថតរូបឈ្មោះ មុត សាមៀន ដែលពាក់ព័ន្ធនឹងការបង្ហោះសារជេរប្រមាថមេដឹកនាំទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់នៅរសៀលថ្ងៃទី ៥ កុម្ភៈ ហើយ។ បន្ទាប់ពីមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តធ្វើការសាកសួរ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរួចមក សមត្ថកិច្ចក៏បានសម្រេចធ្វើការដោះលែងជននោះ។
លោកបញ្ជាក់ថា៖ «គាត់បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់គាត់»។ គាត់បាននិយាយនៅលើហ្វេសប៊ុកថា «ទាល់តែខ្មែរងាប់បានការពារ នាយករដ្ឋមន្ត្រីនេះដូចអត់គ្រប់ទឹក។ មួយទៀតស្តាប់ប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអំពីកូរ៉ូណាតិចមើល៍ ស្មានតែក្មេងអត់ដែលចូលសាលា»។
មន្ត្រីនគរបាលរូបនោះបន្ថែមថា បុរសនេះក៏មានសារជាសំឡេងផងដែរ ហើយខ្លួនបានទទួលសារភាពហើយថាខ្លួនបានសរសេរមែន។
លោកបន្ថែមថា៖ «បន្ទាប់ពីបានឃុំខ្លួន ៤៨ ម៉ោងរួចហើយឯកឧត្តមអគ្គរង [នៃអគ្គស្នងការដ្ឋាននគរបាលជាតិ] ខាងសន្តិសុខ និងឯកឧត្តមអភិបាលខេត្ត និងលោកព្រះរាជអាជ្ញាបានឯកភាពធ្វើការអប់រំ និងបានឲ្យត្រឡប់ទៅផ្ទះវិញហើយ។ គាត់ក៏បានសុំទោសជាសាធារណៈ ហើយយើងក៏បានធ្វើកំណត់ហេតុឲ្យឪពុកម្តាយធានា និងអប់រំ និងឈប់បរិហារជាសាធារណៈលើបុគ្គលហើយបានឲ្យត្រឡប់ទៅវិញ»។
លោក អំ សំអាត នាយករងផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូបានថ្លែងថាការចាប់ខ្លួនបុរសខាងលើអាចធ្វើឲ្យប៉ះពាល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋដែលធានាដោយច្បាប់ ដោយសារតែប្រទេសប្រជាធិបតេយ្យអនុញ្ញាតឲ្យមានការរិះគន់ដើម្បីធ្វើការស្ថាបនា។ ដូច្នេះមន្ត្រីសាធារណៈសមត្ថកិច្ចត្រូវតែមានការកម្រិតនៃការអត់ធ្មត់ខ្ពស់ចំពោះការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ហើយត្រូវការបែងចែកឲ្យច្បាស់លាស់រវាងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងបទល្មើស។
លោកថា៖ «អាជ្ញាធរគួរតែពិចារណាផងដែរទៅលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ។ អ្វីទៅជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ហើយអ្វីទៅជាបទល្មើស។ ពីព្រោះនៅក្នុងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ការរិះគន់គឺដើម្បីស្ថាបនាគឺចៀសមិនផុតនោះទេ ហើយបើគ្មានការរិះគន់ទេក៏មិនមានការរីកចម្រើនដែរ។ នៅក្នុងន័យនេះមន្ត្រីសាធារណៈ ឬក៏អាជ្ញាធរសាធារណៈគួរតែមានការកម្រិតនៃការអត់ធ្មត់ខ្ពស់ ហើយពិចារណាថា តើអ្វីជាសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋដើម្បីឲ្យវាមានលម្ហសិទ្ធិសេរីភាព»៕