កណ្ដាល/តាកែវៈ ​បុរស​ ២ ​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ដោះលែង​ពី​ថ្ងៃ​ទី​ ២១ ​មេសា បន្ទាប់ពី​ឃាត់ខ្លួន​បាន​ប៉ុន្មាន​ម៉ោង​ករណី​លួច​ដាំ​កញ្ជា​ជាង​ ១០០ ​ដើម​នៅ​ភូមិ​ពោធិ៍ ឃុំ​ត្រើយស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល ស្រប​ពេល​កញ្ជា​ជាង​ ៤ ​ពាន់​ដើម​នៅ​ខេត្តតាកែវ​ទើប​ត្រូវ​បាន​កាប់​ដុតចោល​ពីថ្ងៃ​ ១៨ ​មេសា​។

លោក រស់ ចន្ថា អធិការនគរបាល​ស្រុក​ស្អាង​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា បុរស​​ឈ្មោះ ហេង ហុកសេង អាយុ​ ៦០ ​ឆ្នាំ និង​ឈ្មោះ​ ឌឿ ឡេង អាយុ​ ៥៤ ​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ពោធិ៍ក្រោម ឃុំ​ត្រើយស្លា​ ស្រុក​ស្អាង ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​រឿង​ដាំ​កញ្ឆា​នោះ​ត្រូវបាន​ដោះលែង​វិញ​ហើយ​ដោយសារ​ពួកគាត់​ទើប​ដាំ​លើកដំបូង​។

លោក​ថា​៖ «​បញ្ហា​នេះ​ខាង​ថ្នាក់លើ​របស់ខ្ញុំ​បញ្ជា​មក​ខ្ញុំ​ឲ្យ​ដោះលែង​ពួកគាត់​វិញ ព្រោះ​ពួកគាត់​ប្រព្រឹត្ត​លើក​ទី​ ១ ប៉ុន្តែ​យើង​អប់រំ​ពួកគាត់​ឲ្យ​ឈប់​ប្រព្រឹត្ត​»​។

លោក នៅ ប៊ុនណា អធិការរង​ស្រុក​​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​បាន​​ប្រាប់​កាលពី​ម្សិលមិញ​ថា ដំណាំ​កញ្ជា​ដែល​សមត្ថកិច្ច​របស់​លោក​ចុះទៅ​កាប់បំផ្លាញ​ចោល​នោះ​មាន​ ១១៥ ​ដើម​ដែល​​បុរស​ទាំង​ ២ ​នាក់​លួច​បន្លំ​ដាំ​នៅ​ចន្លោះ​ដើម​ត្រាវ​។

លោក​បាន​បន្តថា មុន​ឃាត់ខ្លួន​បុរស​ទាំង​ ២ ​នាក់​នោះ​គឺ​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​ ២១ ​មេសា​មាន​ពលរដ្ឋ​បានមក​រាយការណ៍​ពី​ករណី​នេះ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ឃុំ​ត្រើយសា្ល​បានដឹង​។ ​ភ្លាមៗ​នោះ​នគរបាល​ប៉ុស្តិ៍​បាន​រាយការណ៍​បន្ត​មក​លោក​ទើប​មាន​ការចុះ​ទៅ​ពិនិត្យ​ក៏​ឃើញ​ដូច​អ្វី​ពលរដ្ឋ​បាន​រាយការណ៍​មែន​។

លោក​ ប៊ុនណា បន្តថា​ពេល​ឃើញ​ដាំ​ដើម​កញ្ជា​ជាក់ស្តែង សមត្ថកិច្ច​លោក​បាន​ចាត់​កម្លាំង​ ៥ ​ទៅ​ ៦ ​នាក់​ឲ្យ​ទៅ​កាប់​ដើម​កញ្ឆា​នោះ ដែល​មាន​សរុប​ ១១៥ ​ដើម​ និង​បាន​ឃាត់ខ្លួន​បុរស​ ២ ​នាក់​ខាងលើ​ ខណៈ​ពួកគាត់​កំពុង​នៅក្នុង​ចម្ការ​ដំណាំ​ត្រាវ ហើយ​បាន​នាំ​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សាកសួរ​។

លោក​ថា​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​បុរស​​ទាំង​ ២ ​នាក់​បាន​សារភាពថា ពិតជា​បាន​លួច​ដាំ​កញ្ជា​នេះ​មែន ប៉ុន្តែ​ពួកគាត់​បាន​សន្យាថា ឈប់​ប្រព្រឹត្ត​ទៀត​ហើយ​។ បើ​តាម​លោក ប៊ុនណា ក្នុង​មូលដ្ឋាន​ស្រុក​ស្អាង​កន្លងមក​មិន​ធ្លាប់មាន​ករណី​លួច​ដាំ​កញ្ឆា​បែប​នេះ​ទេ ហើយ​នេះ​គឺជា​លើក​ទី​ ១ ​ហើយ​ដែល​មាន​អ្នក​លួច​បន្លំ​ដាំ​។

ករណី​ដោយឡែក​មួយទៀត​កាលពី​​ថ្ងៃ​ ១៧-១៨ មេសា​សមត្ថកិច្ច​នគរបាល​​ខេត្ត​តាកែវ​ក៏​បាន​កាប់ និង​ដុតបំផ្លាញ​ដើម​កញ្ឆា​ជាង ៤ ០០០ ​ដើម​ផងដែរ នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ព្រៃអំពក និង​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់​។ នេះ​បើ​តាម​លោក​ វង់ សុខជា នាយការិយាល័យ​ស្ដីទី​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ​។

លោក វង់ សុខជា បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពីថ្ងៃ​ ១៩ ​មេសា​ថា ប្រតិបត្តិការ​ ២ ​ថ្ងៃនោះ​មាន​ការសហការ​ពី​នគរបាល​មូលដ្ឋាន​ឃុំ​ព្រៃអំពក និង​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ដោយ​បាន​រកឃើញ​ និង​កាប់​ដុតចោល​ដើម​កញ្ឆា ៤ ២៨៥ ​ដើម​នៅ​នឹង​កន្លែង​។ ​ជាមួយ​នេះ​បាន​បំផ្លាញ​អាង​ស្ដុក​ទឹក​ធ្វើ​ពី​កៅស៊ូ​តង់​ចំនួន​ ៨ ​នៅ​​ក្នុង​ភូមិសាស្ត្រ​នៃ​ឃុំ​ទាំង​ ២ ​ខាងលើ​។

តាម​របាយការណ៍​របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ឲ្យ​ដឹងថា ចាប់ពី​ដើម​ខែ​មករា ឆ្នាំ​ ២០២០ មក​ទល់​ថ្ងៃទី​ ១៨ ខែ​មេសា​មាន​ជនសង្ស័យ​ ២០ ​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ រក្សាទុក និង​ដាំ​កញ្ឆា​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​។ ក៏​​ប៉ុន្តែ​បើ​តាម​លោក វង់ សុខជា ករណី​លួច​ដាំ​ដំណាំ​កញ្ឆា​នេះ​នៅតែមាន​ក្នុង​ឃុំ​ព្រះបាទ​ជាន់ជុំ និង​ឃុំ​ព្រៃ​អំពក​នៃ​ស្រុក​គិរីវង់ ពិសេស​នៅជាប់​មាត់បឹង និង​តាម​ភ្នំ​តូចៗ​ជិត​ព្រំដែន​វៀតណាម​៕