កំពង់ស្ពឺៈ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្រុង​ច្បារមន​បាន​ដោះលែង​ទៅវិញ​បុរស​-​ស្ត្រី​ចំនួន ៤២ ​នាក់ បន្ទាប់ពី​ត្រូវបាន​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​ ២៧ ខែ ធ្នូ ​ឆ្នាំ​ ២០២០ នៅក្នុងពេល​ចុះ​ផ្អាក​សកម្មភាព​អាជីវកម្ម​ក្លិប​កម្សាន្ត ម៉ាស្ទ័រកុងតឺន័រ ដែល​បាន​បើក​ការប្រមូលផ្ដុំ​រាំច្រៀង បំពាន​លើ​បម្រាម​របស់​ក្រសួង​សុខាភិបាល​ស្ដីពី​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក អ៊ូច ហ៊ាង អធិការ​ក្រុង​ច្បារមន​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ក្នុង​ប្រតិបត្តិការ​នា​យប់​ថ្ងៃទី ២៧ ខែធ្នូ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស ស្ត្រី​ ៤២ ​នាក់​ ក្នុង​នោះ​មាន​ ១១ ​នាក់​ ត្រូវបាន​រកឃើញ​មាន​សារធាតុ​ញៀន​ក្រោយពី​បាន​ធ្វើ​តេស្ត​ទឹកនោម​។

ទោះ​ជា​យ៉ាងណា​លោក​ថា ភ្ញៀវ​ដែល​មក​ផឹកស៊ី រាំរែក​ទាំងនោះ​ត្រូវបាន​ដោះលែង​ឱ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​អស់ហើយ ក្រោយពី​បានធ្វើ​ការអប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​នៃ​ការប្រមូលផ្ដុំ ដែល​ផ្ទុយទៅនឹង​បម្រាម​របស់​ក្រសួង​សុខាភិបាល​។

បើតាម​លោក​ ហ៊ាង ក្លឹប​កម្សាន្ត​ម៉ាស្ទ័រកុងតឺន័រ​នេះ​មាន​ការបែងចែក​ជា​ ២ ​ផ្នែក គឺ​ផ្នែក​ខាង​មុខជា​អាហារដ្ឋាន​ដែលមាន​ផ្ដល់​សេវា​ម្ហូបអាហារ ចំណែក​ផ្នែក​ខាងក្នុង​ជា​រង្គសាល​ដែលមាន​ការប្រគំ​តន្ត្រី​ច្រៀង​រាំ​។

លោក​បញ្ជាក់ថា ក្រោយពី​ត្រួតពិនិត្យ​ភាពជាក់ស្ដែង​ឃើញ​មាន​ការប្រព្រឹត្ត​ផ្ទុយ​ពី​បម្រាម​របស់​ក្រសួងសុខាភិបាល​ស្ដីពី​ការបង្ការ​ទប់ស្កាត់​ការចម្លង​មេរោគ​កូរ៉ូណា សមត្ថកិច្ច​បានសម្រេច​បិទ​ជា​បណ្ដោះអាសន្ន​ចំពោះ​ផ្នែក​រង្គសាល​រហូត​ដល់​មាន​ការណែនាំ​ថ្មី​។

លោក​បន្តថា​៖ «​ប៉ុន្តែ​ផ្នែក​អាហារដ្ឋាន​យើង​អនុញ្ញាតឱ្យ​ដំណើការ​ដដែល ដោយ​អនុលោម​ទៅតាម​សេចក្ដីណែនាំ​របស់​ក្រសួង​សុខាភិបាល​ស្តីពី​ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម​»​។

ជុំវិញ​ករណីនេះ លោក​ ហាន លៀងហេង ម្ចាស់​អាជីវកម្ម​ក្លិប​កម្សាន្ត ម៉ាស្ទ័រកុងតឺន័រ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា លោក​បាន​យល់​ព្រមធ្វើ​កិច្ចសន្យា​បិទ​ផ្នែក​រង្គសាល​ជា​បណ្ដោះអាសន្ន​ទៅ​តាម​ការណែនាំ​របស់​សមត្ថកិច្ច​។

ប៉ុន្តែ​លោក​បាន​អះអាងថា លោក​បាន​អនុវត្ត​វិធាន​បង្ការ​អនាម័យ និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​ទាំង​ផ្នែក​អាហារដ្ឋាន និង ផ្នែក​រង្គសាល ដោយមាន​ដាក់​ដប​ទឹក​អាល់កុល​សម្រាប់​ឱ្យ​ភ្ញៀវ​លាងដៃ​។ លោក លៀងហេង ថ្លែងថា​៖ «​នៅពេលនេះ​ខ្ញុំ​បានសម្រេច​បិទ​ផ្នែក​រង្គសាល​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​ផ្នែក​អាហារដ្ឋាន គឺ​នៅ​បន្ត​ការលក់​ម្អូប​អាហារ​ជាធម្មតា ដើម្បី​រកប្រាក់​ចំណូល​ទប់ទល់​បំណុល​ធនាគារ​»​។

បើតាម​លោក​ លៀងហេង ចាប់តាំងពី​មាន​ការផ្ទុះ​ឆ្លង​ជំងឺ​កូវីដ​ ១៩ មក​ការរក​ប្រាក់ចំណូល​ពី​អាជីវកម្ម​ក្លិប​កម្សាន្ត​របស់លោក​មាន​ការធ្លាក់ចុះ​យ៉ាងគំហុក​ដែល​ខែ​ខ្លះ​ស្ទើរតែ​រកប្រាក់​បើក​ឱ្យ​បុគ្គលិក​មិន​គ្រប់​ផង ព្រោះ​គ្មាន​ភ្ញៀវ​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ថ្វីដ្បិតតែ​ក្នុង​រយៈពេល​ ២-៣ ​ថ្ងៃ​កន្លងមកនេះ កម្ពុជា​រក​ពុំ​ឃើញ​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩​ ក្ដី ប៉ុន្តែ​គ្រប់គ្នា​មិនត្រូវ​ធ្វេសប្រហែស​ចំពោះ​ជំងឺឆ្លង​ជា​សកល​នេះឡើយ​។

លោកស្រី​បាន​ថ្លែងថា​៖ «​ការមិន​គោរព​អនុវត្ត​ទៅតាម​វិធាន​ណែនាំ​ស្ដីពី​ការបង្ការ ទប់ស្កាត់ ការឆ្លង​ជំងឺ​កូវីដ ១៩ នឹង​នាំមក​នូវ​គ្រោះថ្នាក់​មិន​សម្រាប់តែ​ខ្លួន​អ្នក​ម្នាក់​ប៉ុណ្ណោះ​ទេ ថែមទាំង​គ្រោះថ្នាក់​ដល់​គ្រួសារ និង​សង្គមជាតិ​ថែមទៀត​»៕