កំពង់ស្ពឺៈ ​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​កំពុង​ស្វែងរក​ចាប់​ខ្លួន​បុរស​ម្នាក់​ពី​បទ​សង្ស័យ​ថា​សម្លាប់​ប្រពន្ធ រួច​ទម្លាក់​ចូល​ក្នុង​អណ្តូងទឹក បន្ទាប់ពី​សាកសព​ត្រូវ​បាន​ម្ដាយ​ប្រទះ​ឃើញ​កាលពី​ថ្ងៃទី​ ៣០ ខែ​មេសា​ក្នុង​ភូមិ​អូរគគីរ ឃុំ​តាំងក្រូច ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ​។

លោក សម សាក់ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ​សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន​ជនសង្ស័យ​ដោយ​បាន​តាម​ដល់​ស្រុកកំណើត ប៉ុន្តែ​ជន​នោះ​រត់​បាត់​ដោយ​មិន​ចូល​ភូមិកំណើត​ទេ​។

លោក​ប្រាប់​ថា​បើ​តាម​ស្ត្រី​ឈ្មោះ ម៉ន ឡង អាយុ​ ៥៦ ​ឆ្នាំ​ជា​ម្តាយ​ស្ត្រី​រងគ្រោះ​ថា​ក្នុង​ហេតុការណ៍​នេះ​គាត់​ជា​ម្តាយ​មិន​បាន​ដឹង​រឿង​ទេ ប៉ុន្តែ​គាត់​បាន​សង្កេតឃើញ​ថា​កូនប្រសា​គាត់​បាន​ចេញ​បាត់​ពី​ផ្ទះ​ហើយ​ក៏​មិន​បាន​ប្រាប់​គាត់​ថា ទៅ​ទីណា​ដែរ​។

លោក សម សាក់ ប្រាប់​ថា​មូលហេតុ​ដែល​សមត្ថកិច្ច​សង្ស័យ​លើ​បុរស​ជា​ប្តី​ថា​​ជា​អ្នក​សម្លាប់​ស្ត្រី​រងគ្រោះ ព្រោះ​ជន​នោះ​បាន​គេច​បាត់​ពី​ផ្ទះ​តាំងពី​ថ្ងៃ​កើត​ហេតុ​នោះ​មក​។ ​រីឯ​ឯកសារ​ពាក់ព័ន្ធ​នឹង​ស្ត្រី​រងគ្រោះ​ដូចជា​អត្តសញ្ញាណប័ណ្ណ​គាត់ និង​ឯកសារ​ផ្សេង​ទៀត​ត្រូវ​ជនសង្ស័យ​ប្រមូល​យក​អស់​។

ទោះបី​យ៉ាង​ណា​លោក សម សាក់ ប្រាប់​បន្ថែម​ថា​៖ «​តាម​ការសន្និដ្ឋាន​របស់​គ្រូពេទ្យ និង​ព្រះរាជអាជ្ញា​រួម​ទាំង​មន្ត្រី​ជំនាញ​ក្រោយ​ធ្វើ​កោសល្យវិច័យ​នៅ​កន្លែង​កើត​ហេតុ​ឃើញ​ថា ស្ត្រី​រងគ្រោះ​មាន​ស្នាមរបួស​ជង្គង់​ម្ខាង ហើយ​នៅ​រន្ធ​ភេទ​ក៏​មាន​របួសធ្ងន់​ដែរ​។ ​ប៉ុន្តែ​លើ​ខ្លួនប្រាណ​មិន​មាន​ស្លាកស្នាម​អ្វី​ទេ​»​។

លោក ហង់ តូច នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​តាំងក្រូច ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ស្ត្រី​រងគ្រោះ​ឈ្មោះ ផៃ សុខគៀង អាយុ​ ២០ ​ឆ្នាំ ឯ​ប្តី​ឈ្មោះ ម៉ាត់ វុទ្ធី ហៅ​ ម៉ាប់ ​អាយុ​ ២៥ ​ឆ្នាំ​បាន​រៀបការ​ជាមួយ​គ្នា​ប្រហែល​ ១ ​ឆ្នាំ​ហើយ ប៉ុន្តែ​ពួកគេ​មិនទាន់​មាន​កូន​ទេ​។ ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​ជា​អ្នកចំណាកស្រុក និង​បាន​មក​ស្នាក់នៅ​ចាំចម្ការ​ឲ្យ​គេ​ក្នុង​ភូមិ-ឃុំ​កើតហេតុ ដូច្នេះ​ករណី​ប្រវត្តិ​ជនសង្ស័យ​លោក​មិន​បាន​ដឹង​ច្បាស់​ទេ​។

លោក ហង់ តូច បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ជា​អាជ្ញាធរ​គ្រប់គ្រង​នៅ​ទីនោះ​មែន​ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ដឹង​ពី​ប្រវត្តិ​ជនសង្ស័យ​ទេ​ ប៉ុន្តែ​ម្តាយក្មេក​គេ​ប្រាប់​ថា​ប្តី​ប្រពន្ធ​ទាំង​ ២​ ​នាក់​នេះ​ឈ្លោះ​ប្រកែក​គ្នា និង​ប្រើ​ហិង្សា​ញឹកញាប់​ណាស់​»​។

លោក​រំឭក​ប្រាប់​តាម​សម្តី​ម្តាយ​ស្ត្រី​រងគ្រោះ​ថា​មុន​ថ្ងៃ​កើត​ហេតុ កូនស្រី​គាត់​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្ដី ហើយ​បន្ទាប់​មក​នៅ​ក្នុង​ថ្ងៃទី​ ២៩ ខែ​មេសា ឆ្នាំ​ ២០១៨ ប្ដី​ប្រពន្ធ​នេះ​បាន​បាត់​ពី​ផ្ទះ ប៉ុន្តែ​គាត់​មិន​បាន​ចាប់អារម្មណ៍ ព្រោះ​សព្វដង​បើ​ពួកគេ​ឈ្លោះ​គ្នា​ហើយ​តែង​នាំ​គ្នា​ទៅ​លេង​ផ្ទះ​បងប្អូន​បាត់​ ១ ​ថ្ងៃ​ ២ ​ទើប​មក​វិញ ដូច្នេះ​ទើប​គាត់​មិន​អើពើ​រក​ពួកគេ​។

លោក​បន្ត​ថា​លុះ​ដល់​ថ្ងៃទី​ ៣០ ​មេសា​ម្តាយ​ស្ត្រី​រងគ្រោះ​បាន​យក​ខោអាវ​ទៅ​បោក​នៅ​អណ្តូងទឹក​ដែល​មាន​ជម្រៅ​ពី​ដី​ដល់​ផ្ទៃ​ទឹក​ ៤ ​ម៉ែត្រ​នោះ​ក៏​ប្រទះ​ឃើញ​កូនស្រី​ស្លាប់​អណ្តែត​ទឹក​ទើប​រត់​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ទៅ​។

លោក​នាយ​នគរបាល​ប៉ុស្តិ៍​បញ្ជាក់​ប្រាប់​ថា មូលហេតុ​ដែល​ជនសង្ស័យ​សម្លាប់​ស្ត្រី​រងគ្រោះ​នេះ​អាច​មកពី​ការប្រចណ្ឌ​ច្រើន​ជាង​រឿង​ទំនាស់​ក្នុង​គ្រួសារ ព្រោះ​ចាប់​តាំងពី​ស្ត្រី​រងគ្រោះ​រៀបការ​មក​ជនសង្ស័យ​មិន​ឲ្យ​ស្ត្រី​រងគ្រោះ​ទៅ​ធ្វើការ​ក្រៅ​ផ្ទះ​ទេ ហើយ​ក៏​តែងតែ​រករឿង​នាង​ផង​ដែរ​៕