កណ្ដាលៈ នគរបាល​ខេត្ត​កណ្តាល​កំពុង​តាម​ចាប់​ជន​ម្នាក់ ខណៈ​គូកន​ម្នាក់ទៀត​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ចោទ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ចាប់ខ្លួនបាន​កាលពី​ថ្ងៃទី​ ២៧ ធ្នូ ពាក់ព័ន្ធ​ធ្វើ​គុត​ព្រះចៅអធិការវត្ត​ចេតិយ​ថ្មី ក្នុង​ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល​ពី​ថ្ងៃ​ទី​ ១៩ ​ធ្នូ ។

លោក ចៅ វុទ្ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ប្រាប់​ពី​ម្សិលមិញ​ថា ជន​ឈ្មោះ ឡៅ ទ្រី ហៅ​ ឃាង អាយុ​ ៥១ ​ឆ្នាំ​ ត្រូវបាន​អយ្យការ​​អម​សាលាដំបូង​ខេត្តកណ្តាល​ចោទប្រកាន់ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត ពីថ្ងៃ​ទី​ ២៧ ​ធ្នូ​ ដែលជា​ថ្ងៃ​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ធ្វើ​គុត​ព្រះចៅអធិការ​វត្ត​ចេតិយ​​ថ្មី ព្រះនាម ភោគ ធារិទ្ធ ប្រព្រឹត្ត​កាលពី​យប់​ថ្ងៃ​ ១៩ ​ធ្នូ​។

លោក​បាន​បន្តថា បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​លោកស្នងការ​នគរបាល​ខេត្ត​កណ្តាល ឈឿន សុចិត្ត បានដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ទើប​សមត្ថកិច្ច​របស់​លោក​ខិតខំ​រហូត​ចាប់​ខ្លួន​ជនសង្ស័យ​បានតែ​ម្តង​។ ​ប៉ុន្តែ​​លោក​ថា រឿងនេះ​មិនទាន់​អាច​បកស្រាយ​ឱ្យ​បាន​ទេ ព្រោះ​សមត្ថកិច្ច​កំពុង​តាមរក​បក្ខពួក​របស់​ជនសង្ស័យ​ដែល​បានគេច​ខ្លួន​។

លោក​ថ្លែងថា​៖ «​លោក​ព្រះរាជអាជ្ញារងឯក ស៊ុន រស្មី បាន​ចោទ ហើយ​ចៅក្រម​ស៊ើបសួរ​​ឯកភាព និង​ចេញ​ដីកាឃុំខ្លួន​ក្នុង​ពន្ធនាគារ​រួចហើយ​។ ​ជន​ម្នាក់នេះ​ [​ឡៅ ទ្រី​] ​ត្រូវ​ចោទ​ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​តាម​មាត្រា​ ២៨ និង​ម្នាក់ទៀត​ចោទ​បទឃាតកម្ម​គិតទុក​ជាមុន​តាម​មាត្រា​ ២០០ ​នៃ​ក្រម​ព្រហ្មទណ្ឌ​»​។

តាម​មាត្រា​ ២០០ ​នៃ​ក្រម​ព្រហ្មទណ្ឌ​នេះ​ប្រសិន​បើ​តុលាការ​រកឃើញ​ជនសង្ស័យ​ពិតជា​បាន​ប្រព្រឹត្ត​មែន​នឹងត្រូវ​ជាប់ពន្ធនាគារ​អស់​ ១ ​ជីវិត​។ រីឯ​មាត្រា​ ២៨ ​បាន​ចែងថា អ្នក ផ្តើមគំនិត​នៃ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​ត្រូវ​ផ្តន្ទាទោស​ដូចគ្នា​នឹង​ចារី​ដែរ​។

ដោយឡែក​លោក ដួង តេង អធិការនគរបាល​ស្រុក​ពញាឮ​ប្រាប់​ពី​ម្សិលមិញ​ដែរ​ថា ជនសង្ស័យ​ឈ្មោះ ឡៅ ទ្រី មាន​ប្រពន្ធ​ ២ ​នាក់ ​ដែល​ម្នាក់​រស់នៅក្នុង​ស្រុក​ពញាឮ​ និង​ប្រពន្ធ​ម្នាក់​​ទៀត​រស់នៅ​ស្រុក​កំពង់ត្រឡាច​​ខេត្ត​កំពង់ឆ្នាំង​។ ​ជននេះ​ត្រូវបាន​​ចាប់ខ្លួន​នៅ​ស្រុក​ពញាឮ​តែម្តង​។

លោក ដួង តេង រំឭក​ប្រាប់​​ថា ព្រះចៅអធិការ​ព្រះនាម ភោគ ធារិទ្ធ មាន​ព្រះជន្ម​ ៥៣ ​ព្រះវស្សា​ ត្រូវ​បាន​ប្រទះឃើញ​សុគត​ពី​ព្រឹក​ថ្ងៃទី​ ២០ ​ខែធ្នូ នៅ​​វត្ត​ចេតិយ​ថ្មី លើ​គ្រែ​ក្នុង​បន្ទប់​ដែល​ព្រះអង្គសិង​។

បើតាម​លោក ដួង តេង ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាពថា កាលពី​ខែតុលា រូបគេ​បាន​ទូរស័ព្ទ​ណាត់ជួប​ឈ្មោះ ស្រេង ស្រ៊ុន​ (​អ្នក​គេចខ្លួន​) ​នៅ​ហាង​ម្លប់​ស្វាយ​ជិត​ផ្លូវ​ចូល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​វិហារហ្លួង​។ ​ពេលនោះ​រូបគេ​បាន​ប្រាប់​ ស្រេង ស្រ៊ុន ​ថា គេ​ធ្លាប់​ឈ្លោះ​គ្នា​ជាមួយ​ចៅអធិការ​វត្ត​ចេតតិយ​ថ្មី ហើយ​បាន​សួររក​អ្នកស៊ីឈ្នួល​សម្លាប់​មនុស្ស​។

ពេលនោះ​ ស្រេង ស្រ៊ុន ថា កុំភ័យ​ឱ្យតែ​លុយ​មក​។ ​បន្ទាប់មក​​ក៏​ព្រម​គ្នា​ក្នុងតម្លៃ​ $៧ ០០០​។

ប៉ុន្តែ​ក្រោយមក ឈ្មោះ​ ស្រេង ស្រ៊ុន ប្ដូរ​មក​ទារ​ថ្លៃ​ ១ ​ម៉ឺន​ដុល្លារ ​ព្រោះ​​ត្រូវធ្វើ​គ្នា​ ៣ ​នាក់​។ ​ពេលនោះ​ខ្លួន​បាន​កក់​លុយ​ឱ្យ​ ៣ ​ពាន់​ដុល្លារ​។ លុះដល់​ល្ងាច​ថ្ងៃទី​ ១៩ ខែធ្នូ ស្រេង ស្រ៊ុន បាន​ទូរស័ព្ទ​ប្រាប់ថា​បាន​ផ្តាច់ជីវិត​ចៅអធិការ​រួច​ និង​បាន​ទារលុយ​ពី​ខ្លួន​បង្គ្រប់ តែ​ខ្លួន​ថា ចាំ​ស្អែក​។ ​លុះដល់​​ថ្ងៃទី​ ២០ ​ធ្នូ ​រូបគេ​ (​ឡៅ ទ្រី​) ​បាន​បើករថយន្ត​ម៉ាក​ព្រូស​យកលុយ​ ៧ ​ពាន់​ដុល្លារ​ទៀត​ឱ្យឈ្មោះ​​ ស្រេង ស្រ៊ុន ជា​ជនដៃដល់ ។

លោក​ ដួង តេង បាន​បន្តថា​​តាម​ចម្លើយ​ឈ្មោះ ឡៅ ទ្រី គឺ​ផែន​ការធ្វើ​គុត​ព្រះសង្ឃ​នេះ ព្រោះ​ចង់យក​ផ្ទះ​ និង​តូប​ផ្សារ​នៅ​ផ្សារ​មាន់​អាំង​រាជធានី​ភ្នំពេញ និង​ដី​ ២ ​ឡូត៍​ទៀត​នៅ​ផ្សារ​ត្រាច​ខេត្ត​កំពង់ឆ្នាំង​។ ​មុនពេល​ធ្វើ​គុត​ខ្លួន​បាន​យកលុយ​ ១១ ៥០០ ​ដុល្លារ​ ពី​ព្រះអង្គ​ដោយ​ប្រាប់ថា​​យកលុយ​ទៅ​សង់ផ្ទះ​ឱ្យតែ​តាមពិត​រូបគេ​មិនបាន​សង់ផ្ទះ​ឱ្យ​ទេ​។

លោក​ថា ឈ្មោះ ឡៅ ទ្រី ប្រាប់​​សមត្ថកិច្ច​ទៀតថា រូបគេ​បាន​ដឹងថា ព្រះចៅអធិការ​រងគ្រោះ​នឹង​សឹក​នៅ​ដំណាច់ឆ្នាំ​ ២០២០ ​នេះ​ដើម្បី​ទៅកាន់​កាប់​ និង​គ្រប់គ្រង​ផ្ទះសំបែង​ព្រះអង្គ​វិញ​។ ហេតុដូច្នេះ​ហើយ​ទើប​ខ្លួន​រៀបចំ​ផែនការ​សម្លាប់​ដើម្បី​បំបិទមាត់​ព្រះអង្គ​តែម្ដង​៕