ភ្នំពេញៈ​ នគ​របាល​ខណ្ឌ​កំបូល​​កំពុង​ស្រាវ​ជ្រាវ​ និងតាម​​ចាប់បុរស​ម្នាក់​ពាក់​ព័ន្ធ​​ករណី​សម្លាប់​ស្រី​កំណាន់​របស់​ខ្លួន ​បន្ទាប់ពីពលរដ្ឋ​ប្រទះ​ឃើញ​​​សាក​សព​កំពុង​ហើម​ស្អុយ​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កាល​ពី​ថ្ងៃ​ទី​ ១៦​​មិថុនា ​នៅ​ភូមិ​គោក​ខ្សាច់​សង្កាត់​ប្រទះ​ឡាង ​​ខណ្ឌ​កំបូល​ រាជ​ធានី​ភ្នំពេញ។​

លោក​ ហង្ស​ មុន្នី​ អធិការ​នគ​របាល​ខណ្ឌ​កំបូល​ប្រាប់​​នៅថ្ងៃទី​ ១៧​ មិ​ថុ​នា​នេះថា​ ស្រ្តី​រង​គ្រោះ​ដែលស្លា​ប់​ឈ្មោះ​ ហេង​ សុខ​ឃឿន​ អាយុ​ ៤៥ ​ឆ្នាំ ​​ជា​កម្មការិ​នី​រោង​ចក្រ​កាត់ដេរ​និងជា​ស្រ្តី​មេម៉ាយមា​ន​កូន​ប្រុស​-​ស្រី ​​២ ​នាក់​និង​ភូមិ​ជ្រួលឃុំ​កន្សោម​អក​ ស្រុក​កំពង់​ត្របែក​ ខេត្ត​ព្រៃវែង​។​​ ចំណែក​ជនស​ង្ស័យ​ឈ្មោះ ​ពេជ្រ ​ចន្ថា ​អាយុ​ ៤៣ ​ឆ្នាំ​ ជា​កម្មករ​សំណង់ និង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ស្វាយ​រៀង ​តែ​ជនសង្ស័យ​បាន​រ​ត់គេ​ច​ខ្លួនបា​ត់ហើយ​។​

លោកបញ្ជាក់ថា៖​ «ឥឡូវនេះ​សមត្ថកិច្ច​នគរបាល​ខ្ញុំ​កំពុងស្រាវជ្រាវ​តាម​ចាប់ខ្លួន​​ជនសង្ស័យ​​ហើយ​។គាត់ត្រូវ​បានសមត្ថកិច្ច​សង្ស័យ​ថា​បាន​សម្លាប់​ស្រ្តី​រងគ្រោះ​​»។

លោក​ប្រាប់​តាម​សម្តីកូនស្រី​របស់​ស្រ្តីរងគ្រោះ​​ថា ម្ដាយនាង​បាន​យកប្តី​ក្រោយ ​(ជនល្មើស)​ និង​​រស់​នៅ​ជា​មួយគ្នា​បានប្រហែល​ ៣​ ឆ្នាំ​មក​ហើយ​ បន្ទាប់ពី​គាត់លែងលះ​គ្នា​​ជា​មួយ​ប្តីមុនជាឪពុករបស់នាង។

ប៉ុន្តែ​ក្រោយ​ពី​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ជា​មួយ​ជន​សង្ស័យ​​ឈ្មោះ​ ពេជ្រ ​ចន្ថា ​មក​ គឺ​ប្តី​ក្រោយ​ម្នាក់​នេះ​វាយ​ធ្វើ​បាបស្រ្តី​រង​គ្រោះ​គ្មាន​លស់​ថ្ងៃ​​ឡើយ​។ដោយសារ​ស្រ្តីរងគ្រោះ​ទ្រាំ​លែងបាន​ក៏ប្តឹង​សមត្ថកិច្ច​​ឲ្យ​ចាប់​ខ្លួន​ម្តង​មក​ហើយ​កាល​ពី​ឆ្នាំ​២​០​១​៩​ ប៉ុន្តែ​ត្រូវបានសមត្ថកិ​ច្ច​ដោះលែងវិញ​ក្រោយ​ពី​មាន​ការអប់រំ​។​

លោកថា​៖«ជនល្មើសធ្លាប់​​បង្ក​ហិង្សាវាយ​​ដំស្រ្តី​រងគ្រោះ​រហូត​មាន​​របួស​ស្នាម​ហើយ​សមត្ថកិច្ច​ឃាត់​ខ្លួន​គាត់​រយៈពេល​ខ្លី​ម្តង​ដែរ​»​។

លោក​ អធិការ ​ហង្ស​ មុន្នី ​បន្ថែមថា កាល​ពី​ថ្ងៃ​ទី​ ១៦​ ខែមិថុនា ​វេលាម៉ោ​ង​ជាង​ ១១​ ថ្ងៃ​ត្រង់​ ម្ចាស់​ផ្ទះ​ដែល​ស្រ្តីរងគ្រោះ​ជួល​ស្នាក់​នៅ​បាន​ធុំក្លិន​ស្អុយ​ចេញ​ពី​បន្ទប់​ជួល​ ប៉ុន្តែ​ទ្វារ​បន្ទប់​ត្រូវ​​បាន​ចាក់​​សោ​ពី​ខាង​ក្រៅ​។ពេលនោះ​ម្ចាស់ផ្ទះ​បាន​កាត់​​សោ​ទ្វារ​ចូល​ទៅ​ក្នុង​បន្ទប់​​ ​ក៏​ឃើញ​សាកសព​​ស្រ្តី​រងគ្រោះហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។​

លោក​ប្រាប់​ឲ្យ​ដឹងថា​ ក្រោយពីទទួល​បានព័ត៌មាន​​នេះ​សមត្ថកិច្ច​​របស់លោក​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​​ជា​មួយ​នគរបាល​​បច្ចេកទេស​វិទ្យាសាស្រ្ត ​​និង​គ្រូពេទ្យ​​ ដើម្បី​ធ្វើ​​កោសល្យវិច័យ​និងសន្និដ្ឋាន​ថា​ ជនរងគ្រោះ​អាច​ត្រូវ​ជនសង្ស័យ​សម្លាប់​ដោយ​ខ្ទប់ដង្ហើម​ ដែលអាចកើតឡើង ៣​ ថ្ងៃ​មុន គឺអាចនៅ​ថ្ងៃ​ទី​ ១​៣​ មិថុនា​។

លោក​បានឲ្យដឹង​ទៀត​ថា​ បើតាម​ការនិយាយ​ប្រាប់​របស់​ឈ្មោះ ​ម៉ន​ សុភា អាយុ ១៨ ឆ្នាំ ដែលត្រូវជា​កូន​ស្រី​ស្រ្តី​រងគ្រោះ​ថា​ នាង​មិនបានរស់នៅជាមួយម្តាយទេ ប៉ុន្តែនៅថ្ងៃទី ១៦ មិថុនា នោះ គេ​ទូរស័ព្ទ​ប្រាប់​អំពី​ការ​ស្លាប់​របស់​ម្តាយ​នាង​។

លុះពេល​មក​ដល់​ឃើញ​សភាព​បែបនេះ​នាង​មាន​អារម្មណ៍​​តក់​ស្លុត​ខ្លាំង​ណាស់​៕