ភ្នំពេញៈ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ផ្សេងទៀត បន្ទាប់ពី​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​តាំងខ្លួន​ជា​អ្នក​សារព័ត៌មាន ហើយ​បាន​ផ្ញើ​សារ​ទៅ​សុំ​ប្រាក់​ ៤០ ​ម៉ឺន​រៀល​ ពី​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ លោក រ័ត្ន ស្រ៊ាង​។

លោក​ ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិនទាន់​ប្រមូល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​ករណីនេះ​ទេ​។ ករណីនេះ​លោក​បានឃើញ​ព័ត៌មាន​តែ​ ១ ​ផ្នែក​គឺ​តែ​ពី​ភាគី​ម្ខាង​។ «​យើង​មិនទាន់​ដឹងថា ចម្លើយ​ពី​ខាង​គាត់​ (​ប៉េអឹម​) ​យើង​មិនទាន់​ដឹងថា ជន​ម្នាក់​នោះ​ពិត​ ឬ​មិន​ពិត​ ឬ​ជា​ការបន្លំ​តគ្នា​គឺ​យើង​មិនដឹង​ដែរ​។ តែ​ចាំមើល​របាយការណ៍​ជាក់លាក់​បន្តិច​សិន​ទើប​យើង​ចាត់ការ​»​។

លោក​បញ្ជាក់ថា បើ​តាម​គេ​ផ្សព្វផ្សាយ អ្នក​ដែល​បាន​យក​ឈ្មោះ​អ្នកសារព័ត៌មាន​ទៅ​ប្រើ​សុំ​ប្រាក់​នោះ​មាន​ឈ្មោះ ជុំ សុភាព ជា​ចាងហ្វាង​កាសែត​រស្មី​ខ្មែរ​។ លោក​កំពុង​ស្រាវជ្រាវ​មើលថា​តើ​ពិតជា​មានឈ្មោះ​នៅក្នុង​អង្គភាព​សារព័ត៌មាន​ដែល​បាន​សុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ព័ត៌មាន​ដែរ​ឬ​អត់​។

បើតាម​លោក សុវណ្ណ ប្រសិន បើ​មាន​ជន​ជា​អ្នកសារព័ត៌មាន​ណា​ម្នាក់ ជំរិត​ទារប្រាក់​ជា​ថ្នូរ​នឹង​ការចុះផ្សាយ​នោះ​ក្រសួង​ព័ត៌មាន​នឹង​ដកហូត​អាជ្ញាប័ណ្ណ​ជន​នោះ​។

ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​បាន​ទូរស័ព្ទ​ទៅ​លោក ផាន់ តារាវុធ អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​បទល្មើស​នៃ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​សុំ​ការបញ្ជាក់​ពី​បញ្ហា​នេះ​តែ​លោក​ឆ្លើយថា ព័ត៌មាន​ទាក់ទង​នឹង​បទល្មើស​ផ្សេងៗ គឺ​កងរាជអាវុធហត្ថ​មាន​អ្នកនាំពាក្យ​ជា​អ្នក​ឆ្លើយបំភ្លឺ​។

ប៉ុន្តែ​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ថ្លែងថា ការងារ​បង្ក្រាប បទល្មើស​នេះ​គឺជា​សមត្ថកិច្ច​អាវុធហត្ថ​ដែល​បាន​សហការ​ជាមួយ​អយ្យការ​អម​សាលាដំបូង​រាជធានី ភ្នំពេញ​។ «​ខ្ញុំ​សុំឱ្យ​សួរ​ទៅ​អយ្យការ​វិញ​ព្រោះ​យើង​ធ្វើ​ការងារ​នេះ​មាន​ការសម្របសម្រួល និង​ដឹកនាំ​ដោយ​អយ្យការ អ៊ីចឹង​សុំ​ទៅ​សួរ​ខាង​អយ្យការ​វិញ​»​។

លោក​ គុជ គឹមឡុង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​មិន​បាន​ឆ្លើយតប​តាម​សារ​អេឡិចត្រូនិក​ចំពោះ​ការសុំ​បញ្ជាក់​ពី​បញ្ហា​នេះ​ទេ​។ ទោះយ៉ាងណា​បើ​យោងតាម​ផេច​ហ្វេសប៊ុក​របស់​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​សរសេរ​ថា នៅ​ល្ងាច​ថ្ងៃទី​ ១៩ ខែ ធ្នូ ឆ្នាំ​ ២០២០ ​មាន​លេខ​ទូរស័ព្ទ​ ១ ​តាំងខ្លួន​ជា​បុគ្គលិក​ទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ​ ១១ បាន​ផ្ញើ​សារ​តាម​ប្រព័ន្ធ WhatsApp ទៅកាន់​លោក​ រ័ត្ន ស្រ៊ាង ​មេបញ្ជាការ កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​។

សារ​នោះ​មាន​ខ្លឹមសារ​ថា​ «​ខ្ញុំបាទ ប៉ែន នួន ខ្វះខាត​ផ្ទាល់ខ្លួន ប្រពន្ធ​របស់ខ្ញុំ (​ឆ្លងទន្លេ​) ខ្វះខាត​សុំ​ឯកឧត្តម​ចំនួន​ ៤០ ​ម៉ឺន​រៀល​សូម​ឯកឧត្តម​មេត្តា​ជួយ​ខ្ញុំបាទ​ផង​សូម​អរគុណ​»​។ ជននេះ​បាន​ផ្ញើ​ភ្ជាប់​មក​ជាមួយ​នូវ​បណ្ណសារ​ព័ត៌មាន​ដែលមាន​ឈ្មោះ និង​រូបថត ប៉ែន នួន​។ ដោយមាន​ការសង្ស័យ លោក​ រ័ត្ន ស្រ៊ាង​ក៏បាន​ឆែក​សួរ​ទៅ​ប្រធាន​ព័ត៌មាន​ទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ​ ១១ ​ហើយ​ប្រធាន​ព័ត៌មាន​រូបនេះ​បញ្ជាក់ថា សាមីខ្លួន ឈ្មោះ​ ប៉ែន នួន គឺជា​អតីត​សហការី​ឆ្លើយឆ្លង​ព័ត៌មាន​ទូរទស្សន៍​អប្សរា​ហើយ​សាមីខ្លួន ពុំ​ដឹង​រឿង​អ្វី​ទេ​។ ឯ​អ្នក​ដែល​យក​បណ្ណ​ព័ត៌មាន​ដែលមាន​ឈ្មោះ​ និង​រូបថត​របស់ ប៉ែន នួន ទៅ​ដើរ​សុំ​លុយ​នោះ​គឺជា​ជន​ក្លែងបន្លំ​។

បន្ទាប់ពី​បានទទួល​ព័ត៌មាន​រួចហើយ​លោក​មេបញ្ជាការ អាវុធហត្ថ​រាជធានី​បាន​ប្រើ​វិធានការ​ជំនាញ​អូសទាញ​ជន​ក្លែងបន្លំ​រូបនោះ​ឱ្យមក​ជួប​ទើប​កម្លាំង​ជំនាញ​របស់​អាវុធហត្ថ​ឃាត់ខ្លួន​បុរស​រូបនោះ ដើម្បី​សួរនាំ​។ បើតាម​ផេច​អាវុធហត្ថ​បុរស​រូបនោះ​ឆ្លើយថា រូបគាត់ គ្រាន់តែ​មក​ជំនួស​គេ​រីឯ​អ្នក​ដែល​ប្រើ​គាត់​មក​ឈ្មោះ​ ជុំ សុភាព ជា​ចាងហ្វាង កាសែត​រស្មីខ្មែរ​បាន​ឱ្យ​ខ្លួន​កាន់​ទូរស័ព្ទ​មក​ជំនួស​ដែល​ទូរស័ព្ទ​នោះ គឺជា​លេខ​ទូរស័ព្ទ​ដែល​តាំងខ្លួន​ថា ឈ្មោះ​ ប៉ែន នួន​។

សមត្ថកិច្ច​បាន​ឆែក​ក្នុង​ទូរស័ព្ទ​នោះ​មាន​សារ​ទំនាក់ទំនង ប្រើ​បណ្ណ​ព័ត៌មាន​ផ្សេងៗ​ផ្ញើ​ទៅ​ស្ថាប័ន​ក្រសួង មន្ទីរ អង្គភាព និង​អាជីវករ​ជាច្រើន​ដើម្បី​សុំ​ប្រាក់ និង​មាន​រូបភាព បណ្ណ​ព័ត៌មាន​របស់​អ្នកព័ត៌មាន​ជាច្រើន​ទៀត​។ ឈ្មោះ ជុំ សុភាព ក៏បាន​យក​បណ្ណ​នេះ​ទៅប្រើ​ប្រាស់​ដើម្បី​សុំ​លុយ​គេ​ដូចគ្នា​ផងដែរ​។

បច្ចុប្បន្ន​ឈ្មោះ ជុំ សុភាព បាន​រត់​គេចខ្លួនបាត់ ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​​ជន​នេះ​៕