មណ្ឌលគិរីៈ មន្ត្រី​នគរបាល​ម្នាក់​ និង​មន្ត្រី​យោធា​ ២ ​នាក់​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​តាម​រក​ដើម្បី​សាកសួរ​ដោយ​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះ​អាវុធ​បណ្ដាល​ឲ្យ​មន្ត្រី​ ៣ ​នាក់​ស្លាប់​នៅ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​កាលពី​ល្ងាច​ថ្ងៃ​ ៣០ ​មករា​ ខណៈ​គ្រួសារ​សព​ស្នើ​​ឲ្យ​ជួយ​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​។ នេះ​បើ​តាម​លោក ប៊ូ ប៊ុនឈាត អធិការ​ស្រុក​អូររាំង​កាលពី​ម្សិលមិញ​។

លោក ប៊ុនឈាត បាន​ប្រាប់​ថា​សមត្ថកិច្ច​កំពុង​ស្វះស្វែង​រក​លោក ផេង ពេញ នាយ​នគរបាល​ប៉ុស្តិ៍​ព្រំដែន​អូរលែរ លោក កើត វេហា ជា​នាយ​ប៉ុស្តិ៍​យោធា​ការពារ​ព្រំដែន​នៅ​វរៈ​ ១០៣ និង​ឈ្មោះ ងួន ជា ដែល​ជា​មន្ត្រី​ការពារ​ព្រំដែន ខណៈ​ពួកគេ​កំពុង​គេច​ខ្លួន​។

លោក ប៊ុនឈាត បាន​បញ្ជាក់​ថា​៖ «​អ្នក​ដែល​សង្ស័យ​បាន​គេច​ខ្លួន​បាត់​ហើយ​។ មាន​ឈ្មោះ ផេង ពេញ និង លោក កើត វេហា ជា​យោធា​នាយ​ប៉ុស្តិ៍​ការពារ​ព្រំដែន​នៅ​វរៈ​ ១០៣​។ ​យើង​មិន​ដឹង​ថា​ ២ ​នាក់​នោះ​មួយ​ណា​ដែល​បាន​ប្រព្រឹត្ត​ទេ​»​។

ប៉ុន្តែ​លោក​បាន​អះអាង​ថា​ចំពោះ ឈ្មោះ ងួន ជា ប្រហែល​ជា​មិន​ជាប់​ពាក់ព័ន្ធ​ទេ​ដោយសារ​គាត់​ជា​កម្លាំង​នៅ​ការពារ​ថែរក្សា​ត្រាក់ទ័រ និង​រថយន្ត​វិស្វកម្ម​ដែល​កំពុង​ធ្វើ​ផ្លូវ​។

យ៉ាង​ណា​ក៏ដោយ​លោក​យល់​ថា​៖ «​យើង​មិន​អាច​ទាន់​សន្និដ្ឋាន​បាន​ទេ វា​អាស្រ័យ​ទៅ​លើ​ក្រុម​ការងារ​»​។

ភ្លាមៗ​បន្ទាប់ពី​មាន​ការ​ផ្ទុះ​អាវុធ​មាន​មន្ត្រី​កងរាជ​អាវុធហត្ថ​ការពារ​ជម្រក​សត្វព្រៃ​ឈ្មោះ សេក វឌ្ឍនា និង លោក តើន សុខណៃ ជា​មន្ត្រី​អនុរក្ស​នៃ​មន្ទីរបរិស្ថាន​ខេត្ត​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ម្នាក់​ទៀត​ជា​បុគ្គលិក​អង្គការ WCS ឈ្មោះ ថុល ខ្នា បាន​ស្លាប់​ពេល​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អូររាំង​។

ទាក់ទង​នឹង​ការ​ស្រាវជ្រាវ​ករណី​នេះ​លោក ប៊ុតឈាត បាន​ថ្លែង​ថា​សមត្ថកិច្ច​បាន​រកឃើញ​គ្រាប់​កាទូស​កាំភ្លើង​ ៧ ​គ្រាប់​សុទ្ធ​តែ​ប្រភេទ ​AK និង​ថា​ជន​​រងគ្រោះ​ត្រូវ​គេ​ពួន​ស្ទាក់​បាញ់​ពេល​កំពុង​ល្បាត​។

លោក​បន្ដ​ថា​៖ «​នៅ​ពេល​ពួកគេ​ល្បាត​​មាន​គេ​ពួនស្ទាក់​ចាំ​បាញ់​តែ​ម្តង​។ ពួកគាត់​មិន​អាច​បាញ់​តដៃ​បាន​ទេ​ដោយសារ​ក្រុម​គាត់​មាន​កាំភ្លើង​តែ​ម្នាក់​គឺ​មន្ត្រី​កងរាជ​អាវុធហត្ថ​ហើយ​ដោយសារ​គាត់​ជិះ​ម៉ូតូ​មុខ​គេ គាត់​ត្រូវ​បាន​គេ​បាញ់​សម្លាប់​មុន​ដោយ​ត្រូវ​ ៣ ​គ្រាប់​ត្រង់​ដើមទ្រូង ក្បាល និង​ថ្ងាស​»​។

លោក យឺត កាន អាយុ​ ២៤ ​ឆ្នាំ​ត្រូវ​ជា​ប្អូនបង្កើត​របស់​លោក តើន សុខណៃ ជនជាតិ​ភាគតិច​ និង​ជា​មន្ត្រី​ឧទ្យានុរក្ស​​តំបន់​ការពារ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​បាន​ថ្លែង​នៅ​ពេល​កំពុង​ធ្វើ​បុណ្យ​នៅ​ខេត្ត​មណ្ឌលគិរី​កាលពី​ម្សិលមិញ​ថា​បង​គាត់​មាន​កូន​ ២ ​នាក់​ដោយ​ម្នាក់​អាយុ​ ៥ ​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​ ១ ​ខួប ​២ ​ខែ​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​យើង​ទាមទារ​ឲ្យ​អាជ្ញាធរ​ស្វះសែ្វង​រក​ជន​ដៃដល់​ទាំង​ ៣ ​នាក់​ដែល​បាន​ពាក់ព័ន្ធ​នឹង​ការ​បាញ់​បងប្រុស​ខ្ញុំ​»​។ ​លោក​​ថា​៖ «​ទោះបី​ជា​គាត់​ឈឺ​ក៏​ទៅ​ដើរ​ល្បាត​ដែរ​។ ​គាត់​លះបង់​ទាំង​ពេលវេលា និង​កម្លាំងកាយ​ដើម្បី​ការពារ​ព្រៃឈើ​ដែរ​»​។

«​គាត់​ធ្លាប់​និយាយ​ជាមួយ​ខ្ញុំ​ថា បើ​មាន​ថ្ងៃ​ណា​មួយ​អ្នក​អាក្រក់​មាន​បំណង​មិន​ល្អ​ចំពោះ​គាត់​ដោយសារ​ការពារ​ព្រៃឈើ គាត់​សុខចិត្ត​ស្លាប់ ពួកយើង​ធ្លាប់​ដាស់​តឿន​គាត់​ឲ្យ​ប្រុងប្រយ័ត្ន​...​ហើយ​គាត់​ថា​មិន​បាច់​ភ័យ​ទេ​...​បង​ធ្វើការ​តាម​តួនាទី​របស់​បង​...​យើង​មិន​នឹកស្មាន និង​ហួសចិត្ត​ដែល​រឿង​នេះ​បាន​កើតឡើង​ចំពោះ​រូបគាត់​»​។ លោក​ កាន ក៏​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​គិតគូរ​ដល់​គ្រួសារ​គាត់​ផង ដោយ​ប្រពន្ធ​គាត់​នឹង​មាន​ការ​លំបាក​ក្នុង​ជីវភាព​គ្រួសារ​។

ដោយឡែក​អ្នកស្រី ភាន លីនដា អាយុ​ ៣០ ជា​ភរិយា​សព​លោក សេក ​វឌ្ឍនា ដែល​មាន​កូនស្រី​ ២ ​នាក់​ម្នាក់​អាយុ​ ៦ ​ឆ្នាំ​ និង​ម្នាក់​អាយុ​ ៤ ​ឆ្នាំ​បាន​ថ្លែង​ថា​គាត់​បាន​រៀបការ​ជាមួយ​គ្នា​ប្រហែល​ ៨ ​ឆ្នាំ​ហើយ​ដោយ​គ្រួសារ​មាន​ជីវភាព​​សមរម្យ​ដែល​បាន​មក​ដោយសារ​ការ​បឹង​ប្រែង​ពី​ប្ដី​ប្រពន្ធ​គាត់​។

អ្នកស្រី​ថា ​ស្វាមី​អ្នកស្រី​បាន​បម្រើ​ការងារ​ជា​មន្ត្រី​កងរាជ​អាវុធហត្ថ​ ៧ ​ឆ្នាំ​ហើយ និង​ថា​គាត់​បាន​ទៅ​ប្រចាំការ​នៅ​ខេត្ត​មណ្ឌលគិរី​ ២ ​អាណត្តិ​មក​ហើយ ហើយ​ជា​លើក​ទី​ ២ ​ហើយ​ដែល​គាត់​ចុះ​ធ្វើការ​ជាមួយ​អង្គការ​ WCS​។

អ្នកស្រី​បញ្ជាក់​ទាំង​ក្ដុកក្ដួល​ថា​៖ «​គាត់​ស្រឡាញ់​ខ្ញុំ​ណាស់ នៅ​ពេល​គាត់​មាន​លុយ​គាត់​តែងតែ​ផ្ញើ​ឲ្យ​ខ្ញុំ ខ្លាច​ខ្ញុំ​អត់​អី​ហូប​»​។

អ្នកស្រី​បន្ត​ថា​នៅ​ពេល​អ្នកស្រី​កំពុង​នៅ​ក្នុង​ហាង​សាឡន​របស់​អ្នកស្រី​នៅ​ភ្នំពេញ គាត់​បាន​ទូរស័ព្ទ​មក​ដោយ​ប្រាប់​ថា​កំពុង​ដើរ​ធ្វើការ ហើយ​ថា​គាត់​ហត់​ណាស់ ហើយ​នៅ​មុន​បិទ​ទូរស័ព្ទ​គាត់​ថា​នឹង​ទាក់ទង​ម្តង​ទៀត ប៉ុន្តែ​នៅ​ម៉ោង​ប្រហែល​ ៦-៧ ​ល្ងាច​ស្រាប់​តែ​មេ​របស់​គាត់​ទូរស័ព្ទ​មក​ប្រាប់​ថា​គាត់​ស្លាប់​ហើយ​។

អ្នកស្រី​បាន​បន្ត​ថា​៖ «​វា​នឹង​មាន​ការ​លំបាក​ដោយសារ​មនុស្ស​ស្រី​មា្នក់​ហើយ​មាន​កូន​ ២ ​នាក់​ក្នុង​បន្ទុក​។ ​តើ​យើង​យល់​យ៉ាង​ណា​ដែរ​មិន​បាច់​ខ្ញុំ​និយាយ​ប្រាប់​ក៏​គិត​ឃើញ​ដែរ​»​។

អ្នកស្រី​ថ្លែង​ទាំង​ទឹកភ្នែក​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា​អាជ្ញាធរ​នឹង​រក​យុត្តិធម៌​ពីព្រោះ​ខ្ញុំ​បាន​បាត់បង់​គ្រួសារ​មួយ​ដែល​មាន​ភាព​កក់ក្តៅ ដូច្នេះ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ​បើ​សិន​ជា​គាត់​ស្លាប់​ទៅ​ដោយ​មិន​អាច​រក​អ្នក​សម្លាប់​គាត់​មិន​បាន​។ ត្រូវ​តែ​រក​អ្នក​ដែល​បាញ់​គាត់​ឲ្យ​ឃើញ​ឲ្យ​ខ្ញុំ​។ ​រឿង​ធំ​បំផុត​ខ្ញុំ​ចង់​រក​អ្នក​ដែល​សម្លាប់​ប្តី​ខ្ញុំ​»​។

លោក​ ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​និង លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​ ខណៈ​អភិបាល​ខេត្ត​មណ្ឌលគិរី​លោក ស្វាយ សំអ៊ាង ថ្លែង​ថា​ករណី​នេះ​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​។

ដោយឡែក​មន្ត្រី​អ្នក​នាំពាក្យ​ព្រះរាជអាជ្ញា​ខេត្ត​មណ្ឌលគិរី​លោក ម៉ម វ៉ាន់ដា ក៏​បាន​ថ្លែង​ដែរ​ថា​៖ «​យើង​កំពុង​ធ្វើការ​នេះ​ដើម្បី​បន្ត​ស្វែងរក​មុខ​សញ្ញាជន​ដែល​ប្រព្រឹត្ត​បទល្មើស​ហ្នឹង​...​ឥឡូវ​យើង​មាន​តម្រុយ​ច្រើន​ហើយ និង​ភ័ស្តុតាង​ក៏​ច្រើន​ដែរ​» ប៉ុន្តែ​លោក​បដិសេធ​ប្រាប់​ពី​ចំនួន​ជនសង្ស័យ និង​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​៕ NS