កំពង់ចាមៈ នៅក្នុង​រយៈពេល ២ ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​ ១៦ និង​ទី​ ១៧ ខែ​សីហា នគរបាល​ខេត្ត​កំពង់ចាម​បាន​បើក​យុទ្ធនាការ​ធ្វើតេស្ត​ទឹកនោម​ទៅលើ​អ្នកបើកបរ​រថយន្ត​ធុន​ធំ និង​ម៉ូតូ​ជាង ១០០ ​នាក់​ក្នុង​នោះ​បាន​រកឃើញ​មាន​អ្នក​ផ្ទុក​សារធាតុ​ញៀន​ចំនួន ១៩ ​នាក់​។

លោក អ៊ីម ស៊ាងឌី ស្នងការរង​ខេត្ត​កំពង់ចាម​​ បាន​ថ្លែង ​កាលពី​ថ្ងៃទី ១៧ ខែ​សីហា​ ម្សិលមិញ​ថា ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​នគរបាល​ចរាចរណ៍​ផ្លូវគោក ខេត្ត​កំពង់ចាម​ បាន​ចុះ​ធ្វើ​តេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​ញៀន​លើ​អ្នកបើកបរ​រថយន្ត​នៅ​ស្រុក​ជើងព្រៃ និង​ក្រុង​កំពង់ចាម​ហើយ​បាន​រកឃើញ​អ្នកបើកបរ​ចំនួន​ ៦ ​នាក់​ដែល​មាន​សារធាតុ​ញៀន​ក្នុង​ចំណោម​អ្នកបើកបរ ៦៧ ​នាក់​។

លោក​បញ្ជាក់​ថា​៖ «​យើង​បាន​អនុវត្ត​វិធានការ​នេះ​ជា​បន្តបន្ទាប់​នៅក្នុង​ខែ​សីហា​ហ្នឹង​...​យើង​មិន​ត្រឹមតែ​អនុវត្ត​យុទ្ធនាការ​ពិនិត្យ សារធាតុ​ញៀន​តែ​លើ​អ្នកបើកបរ​ទេ តែ​យើង​ក៏​អនុវត្ត​យុទ្ធនា​ការពង្រឹង​ការគោរព​ច្បាប់​ចរាចរណ៍​ផង​ដែរ​ដោយ​មាន​កិច្ចសហប្រតិបត្តិការ​គ្នា​រវាង​នគរបាល​ចរាចរណ៍ និង​អាជ្ញាធរ​គ្រឿងញៀន​មូលដ្ឋាន​»​។

លោក​ប៉ាន់​ប្រមាណ​ថា ក្នុង​ចំណោម​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ចំនួន ១០០ ​នាក់​អាច​មាន​អ្នកបើកបរ​ប្រមាណ​ចន្លោះ ១០ ទៅ ១៥ ​នាក់​ដែល​មាន​សារធាតុ​ញៀន ខណៈ​ដែល​បញ្ហា​គ្រឿងញៀន​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់​ផ្ទាល់ គ្រួសារ និង​សង្គម​។

បើ​យោង​តាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​ ១៧ ខែ​សីហា ឆ្នាំ​ ២០១៩ ឲ្យ​ដឹងថា ឈ្មោះ ធី ពុទ្ធា និង​ឈ្មោះ ដើង ណាឃីន ស្ថិតក្នុង​ចំណោម​អ្នកបើកបរ ៦ ​នាក់​ដែល​សមត្ថកិច្ច​បាន​រកឃើញ​មាន​សារធាតុ​ញៀន ហើយ​អ្នក​ទាំង​ ២ ​នេះ​ក៏បាន​បង្ក​របួស​ដល់​សមត្ថកិច្ច​មួយរូប​ផងដែរ​បន្ទាប់ពី​ពួកគេ​បាន​ដេញ​កាប់​គ្នា​នៅ​ចំណុច​គោលដៅ​កន្លែង​ត្រួតពិនិត្យ​។

គេហទំព័រ​បញ្ជាក់​ថា​៖ «​សមត្ថកិច្ច​បាន​បញ្ជា​ឲ្យ​ឈប់ តែ​ជន​ទាំង​ ២ ​មិន​ព្រម​ឈប់​ហើយ​ក៏​ជិះ​ម៉ូតូ​បំបុក​បារ៉ាស​របស់​សមត្ថកិច្ច បង្ក​ឲ្យ​មាន​របួស​លើ​សមត្ថកិច្ច​ឈ្មោះ វរសេនីយ៍ត្រី សេង លីណូ អធិការរង​ទទួល​ផែន​ការងារ​គ្រឿងញៀន​ស្រុក​ជើងព្រៃ​»​។

ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​រក្សាទុក​បណ្តោះ​អាសន្ន​ចំនួន ៣ ​គ្រឿង និង ម៉ូតូ​ចំនួន ៣ ​គ្រឿង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​។

លោក អ៊ីម ស៊ាងឌី បាន​ឲ្យ​ដឹង​ទៀត​ថា ​កាលពី​ថ្ងៃទី​ ១៦ ខែ​សីហា ឆ្នាំ​ ២០១៩ ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជាមួយ​នឹង​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ចុះ​ត្រួតពិនិត្យ​ធ្វើតេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​ញៀន​លើ​អ្នកបើកបរ​រថយន្ត​នៅ​ឃុំ​បារាយណ៍ ស្រុក​ព្រៃឈរ ដោយ​បាន​ត្រួតពិនិត្យ​រថយន្ត​ចំនួន​ ១០៣ ​គ្រឿង​ម៉ូតូ​ចំនួន ៩ ​គ្រឿង​ធ្វើតេស្ត​ទឹកនោម​លើ​អ្នក​បើកបរ​សរុប​ចំនួន ១១២ ​នាក់ និង​បាន​រកឃើញ​អ្នក​ជាប់​សារធាតុញៀន​ចំនួន ១៣ ​នាក់​។

ទន្ទឹម​នឹង​នេះ​នាយ​ឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ការចុះ​ធ្វើតេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​ញៀន​លើ​អ្នកបើកបរ​រថយន្ត​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ទូទាំង​ប្រទេស ហើយ​ថា​អាជ្ញាធរ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​បើកបរ​សហការ​ជាមួយ​អាជ្ញាធរ​ក្នុងការ​អប់រំ​អ្នកបើកបរ និង​ជួយ​ទប់ស្កាត់ និង​បង្ក្រាប​អ្នកបើកបរ​មិន​ឲ្យ​ប្រើប្រាស់​សារធាតុ​គ្រឿងញៀន​។

លោក​បញ្ជាក់​ថា​៖ «​នៅពេល​ដែល​គេ​ពិនិត្យ​ឃើញ​ថា​អ្នក​បើកបរ​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន គេ​នឹង​អនុវត្តតាម​វិធាន​ការដែល​ច្បាប់​បានចែង​។ នៅពេល​ដែល​យើង​អាច​កាត់បន្ថយ​អ្នក​ប្រើប្រាស់​ ឬ​លុបបំបាត់​អ្នកប្រើប្រាស់​ក៏​គ្មាន​អ្នកលក់ដូរ​គ្រឿងញៀន​ដែរ​»​។

បើ​យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្នុង​រយៈពេល ៦ ​ខែ​ដើម​ឆ្នាំ​នេះ​អ្នក​ដែល​បាន​មក​ទទួល​ការអប់រំ​ពី​បញ្ហា​គ្រឿងញៀន​មាន​ចំនួន ៣១៨២០៣៩ ​អង្គ-នាក់ ហើយ​ថា​អ្នកញៀន គ្រឿងញៀន ដែល​បាន​ទទួល​សេវា​ព្យាបាល​តាម​ប្រព័ន្ធ​សុខាភិបាល​នៅ​មូលដ្ឋាន​រាជធានី ខេត្ត​មាន​ចំនួន ៣ ៦៩៦ ​នាក់​៕