ភ្នំពេញៈ សមត្ថកិច្ចត្រៀមរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅទូទាំងប្រទេស ជាពិសេសនៅជុំវិញសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃបើកសវនាការលើលោក កឹម សុខា ដែលជាប់ចោទពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» នៅថ្ងៃពុធ ទី ១៥ មករា ខានស្អែកនេះ។
សំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលលោក កឹម សុខា ត្រូវបានចោទប្រកាន់នឹងត្រូវបើកជំនុំជម្រះនៅថ្ងៃទី ១៥ មករា ខាងមុខនេះធ្វើឡើងប្រមាណជាង ២ ឆ្នាំ បន្ទាប់ពីលោកត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នក្រោមការត្រួតពិនិត្យដោយតុលាការ។ ខណៈដែលថ្ងៃសវនាការជិតមកដល់សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងពីម្សិលមិញថា សមត្ថកិច្ចនឹងរឹតបន្តឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស ជាពិសេសនៅជុំវិញបរិវេណសាលាដំបូងរាជធានីភ្នំពេញ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានថ្លែងប្រាប់កាលពីម្សិលមិញយ៉ាងដូច្នេះថា៖ «យើងបានរៀបផែនការការពារស្រេចបាច់អស់ហើយ។ វិធានការរបស់យើងមិនមែនធ្វើតែកន្លែងសវនាការទេ គឺយើងស្វះស្វែងទាំងសណ្ដាប់ធ្នាប់ក្នុងទីក្រុងភ្នំពេញទាំងមូល រួមទាំងការធានាសុវត្ថិភាព និងទប់ទល់នឹងការបំផុស ញុះញង់នានាអាចជាសមាជិករបស់ក្រុមអ្នកណាផ្សេងទៀតនោះនៅទូទាំងប្រទេស»។
លោកបន្តថា៖ «យើងនឹងចាត់វិធានការអប់រំណែនាំឲ្យប្រជាពលរដ្ឋយល់ដឹងអំពីអង្គហេតុ អង្គច្បាប់នៃដំណើរការកាត់ក្ដីនេះ ហើយដោយឡែកកម្លាំងសមត្ថកិច្ចបានត្រៀមលក្ខណសម្បត្តិអស់ហើយ ទាំងការបញ្ចៀសចរាចរណ៍ ទាំងសណ្ដាប់ធ្នាប់ទូទៅ ប្រសិនជាមានហេតុការណ៍កើតឡើងគឺយើងបានគិតគូរអស់ហើយ»។
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងស្រដៀងគ្នានេះដែរថា៖ «យើងត្រូវរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅទីនោះ និងនៅជុំវិញដើម្បីសម្រួលចរាចរណ៍ ប្រជាពលរដ្ឋចេញចូលធ្វើដំណើរ។ យើងធ្វើម៉េចរៀបចំឲ្យវាល្អដើម្បីឲ្យដំណើរការនៃការកាត់ក្ដី»។
លោកបានបញ្ជាក់ថា សមត្ថកិច្ចនឹងមិនអនុញ្ញាតឲ្យអ្នកគាំទ្រលោក កឹម សុខា ទៅឈរនៅក្បែរបរិវេណតុលាការទេ ព្រោះអាចធ្វើឲ្យមានការរំខានដល់ដំណើរការរបស់តុលាការ។
លោកថ្លែងថា៖ «[តើយើង] ឲ្យទៅរញ៉េរញ៉ៃហើយបង្កអសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅនោះយ៉ាងម៉េចកើត? រឿងបិទផ្លូវអី យើងចាំមើលជាក់ស្ដែង ប៉ុន្តែផែនការការពារយើងមានអស់ហើយ»។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងមួយអំពីការកំណត់ចំនួនអ្នកចូលរួមស្ដាប់សវនាការរបស់លោក កឹម សុខា។ សាលាដំបូងបានបញ្ជាក់ថា ដោយសារសាលសវនាការអាចទទួលសាធារណជនចូលរួមបានត្រឹមតែប្រមាណ ៣០ នាក់សាលាដំបូងតម្រូវឲ្យមានការចុះឈ្មោះសម្រាប់អ្នកដែលចង់ចូលស្ដាប់សវនាការនេះ។
សេចក្ដីជូនដំណឹងរបស់តុលាការសរសេរថា៖ «ដើម្បីឲ្យដំណើរការសវនាការប្រព្រឹត្តទៅបានរលូន ធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អប្រសើរ សាធារណជនដែលមានបំណងចូលរួមស្ដាប់សវនាការនេះអញ្ជើញមកទាក់ទងជាមួយលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងរាជធានីភ្នំពេញដើម្បីចុះឈ្មោះ និងទទួលយកប័ណ្ណចូលរួមចាប់ពីថ្ងៃទី ១០ ដល់ទី ១៤ ខែមករាត្រឹមវេលាម៉ោង ១១ និង ៣០ នាទីព្រឹក»។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតអំណាងរាស្ត្រខេត្តតាកែវនៃអតីតគណបក្សសង្គ្រោះជាតិបានថ្លែងពីម្សិលមិញថា សមត្ថកិច្ច និងអាជ្ញាធរគួរតែអនុញ្ញាតឲ្យអ្នកគាំទ្រលោក កឹម សុខា ទៅក្បែរបរិវេណតុលាការដើម្បីតាមដានសវនាការរបស់លោក កឹម សុខា ក្នុងនាមប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ និងសន្តិភាព។
លោកបន្តថា៖ «ខ្ញុំយល់ថា ប្រសិនជាបង្ហាញភាពភ័យខ្លាច ឬខ្លាចកម្លាំងអតីតគណបក្សប្រឆាំងងើបតវ៉ា អាហ្នឹងខ្ញុំយល់ថា ជាការគាបសង្កត់ទៅវិញទេ។ ទោះជាមានការងើបតវ៉ាណាមួយក៏ដោយអហិង្សា វាអត់មានអីខុសទេ ព្រោះជាប្រទេសមួយដែលប្រកាន់របបប្រជាធិបតេយ្យគួរតែអនុញ្ញាត»។
លោក ចាន់ ចេន មេធាវី ១ រូប ក្នុងចំណោម ៤ រូប ដែលការពារក្ដីលោក កឹម សុខា យល់ថា សាធារណជនទាំងជាតិ និងអន្តរជាតិ គួរតែតាមដានសំណុំរឿងនេះ ព្រោះវាមិនមែនជាសំណុំរឿងសាមញ្ញទេ។
លោកថា ដើម្បីផ្ដល់ព័ត៌មានឲ្យទូលំទូលាយទៅដល់សាធារណជន គួរតែសាលាដំបូងរកវិធីយ៉ាងណា ដើម្បីនាំព័ត៌មាន ឬដំណើរការក្ដីក្នុងសវនាការនេះឲ្យសាធារណជនបានជ្រាបតាមតែវិធីដែលតុលាការអាចធ្វើបាន។
លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញមិនអាចសុំការបញ្ជាក់បន្ថែមអំពីចំនួនសាក្សីសរុបដែលត្រូវចូលបំភ្លឺបានទេ។
សាក្សីម្នាក់គឺលោក ម៉ា ចិត្រា និយាយថា លោកនឹងទៅចូលរួមក្នុងនាមសាក្សីនៅថ្ងៃសវនាការតាមការកោះហៅរបស់តុលាការ។
សាក្សីម្នាក់ទៀតគឺអ្នកស្រី ស ស៊ន ដែលជាសកម្មជនដីធ្លីបុរីកីឡាបានឲ្យដឹងថា អ្នកស្រីធ្លាប់ត្រូវបានតុលាការសាកសួរម្ដងរួចហើយកាលពី ២ ឆ្នាំមុន ពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា ដែលពេលនោះតុលាការសួរអ្នកស្រីពាក់ព័ន្ធនឹងយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ»។ អ្នកស្រីនឹងទៅចូលរួមនៅក្នុងសវនាការនោះ៕
វីដេអូ៖