ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​សមត្ថកិច្ច​កម្ពុជា​នឹង​ចាត់​វិធានការ​តាម​ច្បាប់​ប្រឆាំង​វត្តមាន​លោក សម រង្ស៊ី នៅ​កម្ពុជា​ប្រសិន​បើ​មាន​សំណើ​ពី​តុលាការ​ចំពោះ​សកម្មភាព​បំពាន​សាល​ក្រម​តុលាការ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំ​ពាក្យ រាជ​រដ្ឋាភិបាល។

ការត្រៀម​ចាត់វិធានការ​តាមច្បាប់​នេះ​បាន​កើតឡើង​បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ដែល​មាន​និន្នាការ​ទៅ​ខាង​លោក សម រង្ស៊ី បាន​រៀបចំ​ផែនការ​សម្រាប់​ដំណើរ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី មក​កម្ពុជា​វិញ។

តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃ​ទី ២២ មករា​ឆ្នាំ​នេះ​បាន​ឲ្យ​ដឹងថា ប្រសិន​បើ​មាន​សំណើ​ពី​តុលាការ​ចំពោះ​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​របស់​ សម រង្ស៊ី ថា ជា​ការ​បង្កើត​រូបភាព​នយោបាយ​ពាក់​ព័ន្ធ​នឹង​សកម្មភាព​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​អំពើ​ប្រឆាំង​នឹង​អំណាច​តុលាការ​នោះ រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏​ដូចជា​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ចាត់​វិធានការ​តាម​ច្បាប់។

សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា៖ «រាជរដ្ឋាភិបាល​សូមបញ្ជាក់ថា​គឺ​នៅតែ​រក្សា​និង​គោរព​អនុវត្ត​នូវ​គោល​ការណ៍​ប្រជា​ធិបតេយ្យ​នៃ​ការ​បែង​ចែក​អំណាច​ដាច់​ដោយ​ឡែក​ពីគ្នា​រវាង​អំណាច​នីតិ​ប្រតិបត្តិ​និង​អំណាច​តុលាការ ក៏​ដូចជា អំណាច​នីតិ​ប្បញ្ញត្តិ​ផង​ដែរ។ នៅ​ក្នុង​បរិការណ៍​នេះ បើ​មាន​ការ​ស្នើសុំ​ណាមួយ​ពី​តុលាការ រាជ​រដ្ឋាភិបាល​ក៏​ដូចជា​សមត្ថកិច្ច​ពាក់​ព័ន្ធ​នឹង​ចាត់​វិធាន​ការ​អនុវត្ត​តាម​អំណាច​ផ្លូវ​ច្បាប់»។

លោក ផៃ ស៊ី​ផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែងថា ការធ្វើ​មាតុ​ភូមិ​និវត្តន៍​របស់ សម រង្ស៊ី គឺជា​ឆន្ទៈ​បុគ្គល​សុទ្ធ​សាធ​ពី​ព្រោះ​ការ​ចាក​ចេញ​ពី​មាតុ​ភូមិ​របស់​សម រង្ស៊ី​ក៏​ជា​ជម្រើស​ផ្ទាល់​ខ្លួន និង​មាន​ចរិត​ជា​ឯកជន។ លោក​ថា រដ្ឋាភិបាលស្វាគមន៍ ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី។

លោក​បញ្ជាក់ថា៖ «យើង​ផ្តល់ព័ត៌មាន​តាមផ្លូវ​ច្បាប់​និង​វិធានការ​របស់​រាជ​រដ្ឋាភិបាល​ជូន​ដល់​ប្រជា​ពលរដ្ឋ​របស់​យើង។ យើង​រាជ​រដ្ឋាភិបាល យើង​មាន​វិធាន​ផ្លូវ​ច្បាប់​គ្រប់គ្រាន់​ក្នុង​ការ​ចាត់​វិធានការ​ចំពោះ​ជន​ណា​ដែល

ប្រមាថ​សាល​ដីកា​តុលាការ​ប្រសិន​បើ​តុលាការ​ស្នើសុំ​ការ​អន្តរា​គមន៍​ពី​រាជ​រដ្ឋាភិបាល»។

លោក មាស នី អ្នកវិភាគ​នយោបាយ​យល់ថា លោក សម រង្ស៊ី មិន​ហ៊ាន​ត្រឡប់​មក​កម្ពុជា​មុន​ពេល​ទោស​ទណ្ឌ​របស់​គាត់​ត្រូវ​បាន​លើក​លែង​ទេ ហើយ​រដ្ឋាភិបាល​ហ៊ាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​លោក សម រង្ស៊ី បើ​ទោះបី​មាន​អ្នក​ទៅ​គាំទ្រ​រូប​លោក​ច្រើន​យ៉ាង​ណា​ក៏ដោយ។

លោក​បាន​បញ្ជាក់ថា៖ «វា​គ្រាន់តែ​ជា​សារ​ឌឺដង​ដាក់គ្នា ហើយ​ខ្ញុំ​គិតថា ដំណើរ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី លុះត្រា​ណា​មាន​ការ​សម្រប​សម្រួល​ពី​អន្តរជាតិ តែ​បើ​គ្មាន​ការ​សម្រប​សម្រួល​ណាមួយ​នោះ​គាត់​នឹង​ប្រឈមមុខ​នឹង​គ្រោះ​ថ្នាក់​ច្រើន។ វា​ជា​រឿង​ធម្មតា​ទេ​ដោយសារ​កន្លង​មក រាជ​រដ្ឋាភិបាល​បាន​ចាត់​វិធាន​ផ្លូវ ច្បាប់​លើ​សកម្ម​ជន​នយោបាយ ផ្សេង។ អ្វីៗ​អាច​កើត​ឡើង​បាន​ហើយ​គេ​អាច​ចាប់​គាត់​បាន»។

លោក សម រង្ស៊ី ធ្លាប់បាន​ប្រកាស​ថា លោក​មានបំណង​ត្រឡប់មក​កម្ពុជា​ម្តង​ហើយ​ម្តង​ទៀត​ចាប់​ពី​លោក​បាន​និរទេស​ខ្លួន​ឯង​ទៅ​បរទេស​កាល​ពី​ឆ្នាំ ២០១៦ ប៉ុន្តែ​ជាក់​ស្តែង​លោក​មិន​បាន​វិល​ត្រឡប់​មក​កម្ពុជា​ដូច​ធ្លាប់​សន្យា​នោះ​ឡើយ។

ទាក់ទង​នឹង​ការប្រកាស​វិលត្រឡប់មក​កម្ពុជា​វិញ​នេះ លោក គង់ គាំ ទីប្រឹក្សា​គណបក្ស​ឆន្ទៈ​ខែ្មរ​ដែល​ទើប​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​លោក​មិន​រំពឹង​ថា លោក​សម រង្ស៊ី នឹង​ចូល​មក​ស្រុក​ខ្មែរ​ទេ​មុន​ពេល​ទទួល​បាន ការ​លើក​លែង​ទោស។

លោក​ថ្លែងថា៖ «ដូច្នេះ​សុទ្ធតែ​ជាការ​សាប​ខ្យល់ ខ្លាច​តែ​អ្នក​ដែល​កំពុង​ធ្វើតាម​ខ្យល់​នោះ​បែរ​ជា​ទទួល​ព្យុះ​ទៅ​វិញ​បាន​ន័យ​ថា នយោបាយ​សាប​ព្រោះ​ខ្យល់​របស់​អ្នក​ក្រៅ​ប្រទេស ធ្វើ​ឲ្យ​អ្នក​ក្នុង​ប្រទេស​រង​គ្រោះ។ ឧទាហរណ៍​ជាក់​ស្ដែង​ដូចជា​លោក គង់ ម៉ាស់ នៅ​ស្វាយរៀង ក្រសួង​មហាផ្ទៃ​ហៅ​សួរ​ហើយ​បញ្ជូន​ទៅ​ព្រៃ​ស ដោយសារ​តែ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត និង​ផែនការ​នានា​ក្រៅ​ប្រទេស​ហ្នឹង​ហើយ»។

លោក សម រង្ស៊ី បច្ចុប្បន្នកំពុង​ហ៊ុមព័ទ្ធ​ដោយ​ក្តីក្តាំ​ជាច្រើន​នៅ​តុលាការ ហើយ​ករណី​ខ្លះ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ជា​បន្ត​បន្ទាប់​រួច​ទៅ​ហើយ ក្នុង​នោះ​មាន​សំណុំ​រឿង​ព្រហ្មទណ្ឌ​ដូចជា ត្រូវ​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ ៥ ឆ្នាំ​ពាក់ព័ន្ធ​នឹង​ករណី​ក្លែង​ឯកសារ​ព្រំដែន​ កម្ពុជា-វៀតណាម និង​ផ្តន្ទា​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១ ឆ្នាំ ៨ ខែ​ចំពោះ​ករណី​បរិហារ​កេរ្តិ៍​និង​ញុះញង់​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ឃាតកម្ម​លើ​លោក បណ្ឌិត កែម ឡី និង​មាន​សំណុំ​រឿង​ផ្សេង​ទៀត​ដែល​មិន​ទាន់​ជម្រះ​ក្ដីនៅ​ឡើយ៕