សៀមរាប៖ តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ការ​ដាក់​វិន័យ​បែប​ហិង្សា​ដោយ​ការ​វាយ​នឹង​រំពាត់​នៅ​វត្ត​រាជបូព៌ ខេត្ត​សៀមរាប កើត​ចេញ​ពី​ការ​គេច​វេះ​មិន​ចូល​រៀន ខ្ជិល​ធ្វើ​ការងារ​ក្នុង​វត្ត​មិន​ចូលរួម​ធ្វើ​អនាម័យ និង​ចេញ​ក្រៅ​វត្ត​រហេតរហូត ដោយ​គ្មាន​វិន័យ។ ទោះបី​មាន​ការ​ប្រៀនប្រដៅ​បែប​ហិង្សា​ក្តី ក៏​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ពី​គុណសម្បត្តិ​គួរ​កោត​សរសើរ​របស់​ព្រះចៅអធិការ​វត្ត​នោះ ក្នុង​ផ្នែក​សាសនា និង​ការ​អប់រំ។

ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មហាជន​បាន​បញ្ចេញមតិ​យល់​ឃើញ​ផ្សេង​គ្នា បន្ទាប់​ពី​មាន​ការ​បង្ហោះ​វីដេអូ​ពី​អំពើហិង្សា វាយ​នឹង​រំពាត់​ទៅ​លើ​ព្រះសង្ឃ​មួយ​ចំនួន​នៅ​ក្នុង​វត្ត​រាជបូព៌ ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប។ ការ​បញ្ចេញ​វីដេអូ​នេះ​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​លើ​អំពើហិង្សា​នោះ រហូត​ដល់​មាន​ការ​ចុះ​ធ្វើ​អធិការកិច្ច​សម្របសម្រួល និង​ការ​ធ្វើ​កិច្ចសន្យា​ពី​សំណាក់​ព្រះចៅ​អធិការវត្ត​ព្រះ​តេជគុណ ពិន សែម។

ទោះ​យ៉ាងណា ការ​រិះគន់​ពី​លោក ​ផែង វណ្ណៈ ទៅ​លើ​ការ​ដាក់វិន័យ​ហិង្សា​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ការ​រិះគន់​នេះ​ជា​ការ​ប្រមាថ​ទៅ​លើ​សមាជិក​ថេរ​សភា​សង្ឃ​ខេត្ត និង​មន្ត្រីរដ្ឋបាល​ខេត្ត​សៀមរាប។ លោក ​ផែង វណ្ណៈ ដែល​គេ​មើល​ឃើញ​មាន​ភាព​សកម្ម​លើ​បណ្តាញ​ហ្វេសប៊ុក​ជាមួយ​គេហទំព័រ​នោះ ក្រសួង​ព័ត៌មាន​បាន​លុប​អាជ្ញាប័ណ្ណ​ពី​ម្សិលមិញ។

ក្រសួង​ព័ត៌មាន​បញ្ជាក់​ថា បុគ្គល ផែង វណ្ណៈ បាន​ជេរ​ប្រមាថ​ចំពោះ​ព្រះសង្ឃ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​វិស័យ​ព្រះពុទ្ធសាសនា ដែល​ជា​សាសនា​របស់​រដ្ឋ។ ជា​ការ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ​ និង​កិច្ច​សន្យា​អាជីវកម្ម។

បើ​តាម​កំណត់​ហេតុ​សម្របសម្រួល​ចុះ​ថ្ងៃទី ១៣ មីនា ព្រះសង្ឃ​ដែល​រង​ការ​ប្រៀនប្រដៅ​បែប​ហិង្សា​មាន​ចំនួន ៩ អង្គ។ អំពើ​ហិង្សា​នោះ​កើត​ឡើង​ដោយសារ​តែ​ការ​ល្មើស​វិន័យ​របស់​វត្ត។ យ៉ាង​ណា​ក៏​ដោយ ព្រះ​តេជគុណ ពិន សែម ព្រះជន្ម ៨០ ព្រះវស្សា ​បាន​សន្យា​ថា នឹង​ឈប់​ប្រើ​អំពើ​ហិង្សា ​ដើម្បី​អប់រំ​ភិក្ខុ និង​សាមណេរ ហើយ​ប្រៀនប្រដៅ​តាម​បែប​អហិង្សា​វិញ។ ព្រះអង្គ​ក៏​បាន​សន្យា​ថា មិន​មាន​ការ​គុំកួន ស្អប់ខ្ពើម ឬ​រើសអើង​ដល់​ភិក្ខុ​សាមណេរ​ដែល​ប្រព្រឹត្ត​ខុស​ទាំង​នោះឡើយ។

អគ្គស្នងការដ្ឋាន​គរបាល​ជាតិ​កាល​ពី​ថ្ងៃទី ១៧ ខែ​មីនា បាន​ចេញ​សេចក្ដី​បំភ្លឺ​អំពី​ករណី​នេះ​ដោយ​បញ្ជាក់​ថា៖ «ផ្អែក​តាម​ការ​បំភ្លឺ​របស់​ភិក្ខុ និង​សាមណេរ​ចំនួន ៨ អង្គ ​បាន​ឱ្យ​ដឹង​ថា ព្រះអង្គ​បាន​ទទួល​នូវ​ការ​ដាក់​វិន័យ​ពី​សំណាក់​ព្រះគ្រូ​ចៅអធិការ​វត្ត ពិត​ប្រាកដ​មែន ព្រោះ​ព្រះអង្គ​បាន​ល្មើស​នឹង​វិន័យ​ផ្ទៃ​ក្នុង​របស់​វត្ត ដូច​ជា​ការ​គេច​វេះ​ចូល​រៀន ខ្ជិលច្រអូស​ធ្វើ​ការងារ​ក្នុង​វត្ត មិន​ចូលរួម​ធ្វើ​អនាម័យ ចេញ​ក្រៅ​វត្ត​រហេតរហូត​គ្មាន​វិន័យ។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បញ្ជាក់​ថា ភិក្ខុ និង​សាមណេរ​ទាំង​នោះ​ទទួល​ការ​ដាក់​វិន័យ ដោយ​ខ្លះ​ទទួល​ការ​ពិន័យ​ដោយ​វាយ​នឹង​រំពាត់​ផ្ដៅ​ពី ១ រំពាត់ រហូត​ដល់ ១០០ រំពាត់។ ការ​អនុវត្ត​វិន័យ​នេះ ព្រះគ្រូ​ចៅ​អធិការ​ពុំ​បាន​អនុវត្ត​ផ្ទាល់​ទេ គឺ​បាន​បញ្ជា​ឱ្យ​ព្រះសង្ឃ​ព្រះនាម ​ហន សុខហេង ជា​អ្នក​វាយ រីឯ​ព្រះគ្រូ​ចៅអធិការ​គង់​មើល​រហូត​ដល់​ការ​ដាក់​វិន័យ​ត្រូវ​បាន​ចប់​សព្វ​គ្រប់។

ព្រះគ្រូ​ចៅអធិការ ព្រះនាម ពិន សែម មាន​សង្ឃដីកា​ថា ព្រះអង្គ​ពិត​ជា​បាន​ដាក់​ពិន័យ ដោយ​មាន​ទាំង​ការ​ស្តីបន្ទោស និង​ប្រើ​រំពាត់​ផ្តៅ​វាយ​ទៅ​លើ​ភិក្ខុ និង​សាមណេរ​នៅ​ក្នុង​វត្ត​រាជបូព៌ ដែល​ប្រព្រឹត្ត​ខុស​វិន័យ​ម្ដង​ហើយ​ម្ដង​ទៀត។ អ្នក​ដែល​វាយ​នោះ គឺ​ជា​សាមណេរ​ណា​ដែល​បាន​កែប្រែ​ខ្លួន​រួច​ហើយ។ ការ​ដាក់​វិន័យ​នេះ ព្រះអង្គ​មាន​បំណង​ឱ្យ​ព្រះសង្ឃ​គ្រប់​អង្គ​គង់​ក្នុង​វត្ត​នេះ​ទទួល​បាន​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​ចៀស​ផុត​ពី​ការ​ផ្ដន្ទាទោស​ដោយ​ច្បាប់​រដ្ឋ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មាន​ការ​លើក​ឡើង​ខុសៗ​គ្នា ដោយ​អ្នក​ខ្លះ​អះអាង​ថា ព្រះ​តេជគុណ ពិន សែម មិន​គួរ​ប្រើ​វិធីសាស្ត្រ​បែប​ហិង្សា ​ដើម្បី​ធ្វើ​ការ​អប់រំ​ទេ។ ប៉ុន្តែ​ក៏​មាន​មតិ​លើក​ឡើង​ថា ការ​ធ្វើ​បែប​នេះ គឺ​ជា​វិន័យ​ដែល​មាន​ចែង​ក្នុង​វត្ត ហើយ​ជា​វិធីសាស្ត្រ​បុរាណ​មួយ​ដែល​ធ្លាប់​ប្រើ​ជា​យូរ​មក​ហើយ។ ក្រៅ​ពី​នេះ​ក៏​មាន​មតិ​កោត​សរសើរ​ដល់​ព្រះអង្គ​ដែល​ចេញ​លិខិត​កិច្ច​សន្យា​ឈប់​ប្រើ​អំពើហិង្សា​តទៅ​ទៀត។

ព្រះ​តេជគុណ រិន សារ៉ូ ព្រះជន្ម ៤២ វស្សា គឺ​ជា​សិស្ស​របស់​ព្រះ​តេជគុណ ពិន សែម ធ្លាប់​បាន​គង់​នៅ​វត្ត​រាជបូព៌​អស់​រយៈពេល ៦ ឆ្នាំ ដែល​បច្ចុប្បន្ន​នេះ ​កំពុង​បន្ត​ការសិក្សា​នៅ​ប្រទេស​កូរ៉េខាងត្បូង ផ្នែក​សង្គមវិទ្យា។ ព្រះអង្គ​បាន​រៀបរាប់​ថា នៅ​ឆ្នាំ ១៩៩៣ ព្រះ​តេជគុណ ពិន សែម ទទួល​បាន​ឋានៈ​ជា​ព្រះមហា​វិមលធម្ម​ពី​សម្ដេច​ព្រះ​នរោត្តម សីហនុ ដោយសារ​តែ​កិច្ច​ប្រឹងប្រែង​ផ្សព្វផ្សាយ​ព្រះពុទ្ធ​សាសនា។ ព្រះអង្គ​ត្រូវ​ទៅ​គង់​នៅ​វត្ត​ឧណ្ណាលោម ប៉ុន្តែ​ព្រះអង្គ​មិន​និមន្ត​ទៅ​ទេ ​សុខ​ចិត្ត​ត្រឡប់​ទៅ​គង់​នៅ​វត្ត​រាជបូព៌​វិញ។

ព្រះ​តេជគុណ ​រិន សារ៉ូ បាន​បញ្ជាក់​ថា៖ «ប៉ុន្តែ​លោក​មិន​នៅ​ទេ ដោយសារ​តែ​លោក​ស្រណោះ​វត្ត​រាជបូព៌​ដែល​ខ្ទេចខ្ទាំ​អស់។ បើ​ទៅ​នៅ​វត្ត​ឧណ្ណាលោម នៅ​ភ្នំពេញ លោក​ឡើង​តែ​ឋានៈ​តែ​អត់​បាន​ធ្វើ​ការ​ពេញ​ដៃ​ពេញ​ជើង។ ដូច្នេះ​លោក​ត្រឡប់​មក​វត្តបូព៌​វិញ ហើយ​រៀបចំ​ឱ្យ​មាន​សាលាបាលី​នៅ​ឆ្នាំ ១៩៩៥»។

ពាក់ព័ន្ធ​ការ​វាយ​នឹង​រំពាត់ ​ដើម្បី​អប់រំ​នោះ ព្រះ​តេជគុណ រិន សារ៉ូ បញ្ជាក់​ថា កាល​ពី​ព្រះអង្គ​គង់​នៅ​វត្ត​នោះ ក៏​មាន​ការ​វាយ​អប់រំ​ដែរ។ តែ​ជា​ទូទៅ​វាយ​លើ​ដៃ និង​ខ្នង មិនមែន​វាយ​គូទ​ដូច​ការ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ទេ ហើយ​អ្នក​វាយ ​គឺ​ព្រះសង្ឃ​ជា​កូន​សិស្ស មិនមែន​ព្រះ​តេជគុណ ពិន សែម អ្នក​វាយ​ទេ។ ដូច្នេះ​លោក​មិន​ច្បាស់​ថា រូប​ដែល​បង្ហោះ​នោះ​ពិត​ជា​បាន​ថត​ចេញពី​វត្ត​រាជបូព៌ ​ឬ​យ៉ាង​ណា។

ការ​វាយ​អប់រំ​នោះ​មិនមែន​ធ្វើ​ឡើង​គ្រប់​ពេល​ដែល​ខុស​ទេ គឺ​សរុប​ម្តង បន្ទាប់​ពី​ព្រះសង្ឃ​អង្គ​នោះ ប្រព្រឹត្ត​កំហុស ៤ ឬ ៥ ដង ហើយ​គេច​វេះ​មិន​ចូល​ខ្លួន​មក​ជម្រះ​បញ្ជី ឬ​សួរ​នាំ​ពី​អ្នក​គ្រប់គ្រង។

ព្រះអង្គ​ពន្យល់​ពី​វិន័យ​នៅ​វត្ត​រាជបូព៌​ដូច្នេះ​ថា៖ «នៅ​វត្តបូព៌​នេះ ១ អាទិត្យ​គេ​ប្រជុំ​ម្ដង​ ដើម្បី​បូក ​ឬ​ដក​ការ​ប្រព្រឹត្ត​ខុស ដោយ​មាន​កា​រក​សង្ឃ​ជា​អ្នក​រាយការណ៍។ កា​រក​សង្ឃ​គេ​ចែក​ជា ៦ ផ្នែក រួមមាន​បរិស្ថាន កិច្ច​វត្ត អាហារភោជន ផ្នែក​ចាត់​ព្រះសង្ឃ​ទៅ​បុណ្យ​ជាដើម។ ប្រសិន​បើ​ព្រះសង្ឃ​អង្គណា​ខុស​ក្នុង​ផ្នែក​ណា​មួយ កា​រក​សង្ឃ​នឹង​អប់រំ ហើយ​យក​បញ្ជី​ស្នាម​ឡើង​ទៅ​លើ ហៅ​ព្រះសង្ឃ​អង្គ​នោះ​ជួប​តេជគុណ ពិន សែម ហើយ​តេជគុណ​ទូន្មាន»។ ព្រះអង្គ​បន្ត​ថា ការ​វាយ​អប់រំ​នោះ​មិនមាន​ព្រះសង្ឃ​អង្គណា​មាន​ការ​គុំកួន​អ្វី​ទេ ព្រោះ​ចាត់​ទុក​ថា ​ជា​ការ​អប់រំ។

ព្រះអង្គ​មើល​ឃើញ​ស្នា​ព្រះហស្ត​របស់​ព្រះ​តេជគុណ ពិន សែម ធំធេង​មិន​អាច​បរិយាយ​បាន រួមមាន​ការ​បង្កើត​សាលា​ភាសាបាលី ការ​បង្កើត​ស្ថានីយវិទ្យុ​អប់រំ​តាម​បែប​ពុទ្ធសាសនា ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​ព្រះសង្ឃ​ក្នុង​ការ​ស្វែងរក​អាហារូបករណ៍​សម្រាប់​ការ​សិក្សា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។

គុណ​សម្បត្តិ ១ ទៀត គឺ​ការ​មិន​បំភ្លេច​កូន​សិស្ស​របស់​លោក ទោះ​សិស្ស​នោះ ដល់​ទី​ណា ក៏​លោក​តែង​ទាក់ទង​សួរ​សុខ​ទុក្ខ។ ព្រះអង្គ​ក៏​ជា​អ្នក​អភិរក្ស​សិល្បៈ​វប្បធម៌​ខ្មែរ ដូច​ជា​ចម្លាក់​ស្បែក​ធំ និង​របាំ​បុរាណ និង​ជា​អ្នក​ស្រឡាញ់​បរិស្ថាន​ផង​ដែរ។

ព្រះអង្គ​បន្ថែម​ថា៖ «អ៊ីចឹង​ហើយ​បាន​អាត្មា​ពិចារណា​ទៅ​ថា ពិបាក​រក​លោកតា​ចាស់​ទុំ​ណា​ដែល​នៅ​មាន​នៅ​ក្នុង​ស្រុក​យើង។ សព្វថ្ងៃ​គេ​បំបួស​ហើយ ទៅ​ណា​ទៅៗ យើង​រៀន​ក៏​ដោយ មិន​រៀន​ក៏​ដោយ ស្រេច​នឹង​ចិត្ត​យើង គ្មាន​អ្នកណា​គេ​ហៅ​ជេរ​ទេ។ អ៊ីចឹង​ហើយ​បាន​អាត្មា​ពិភាក្សា​ជាមួយ​ព្រះសង្ឃ​ផ្សេង​ទៀត​ថា យើង​នៅ​មាន​សំណាង​ដែល​ចាស់​ប្រហែល​យើង​ហើយ នៅ​មាន​លោកគ្រូ​តាម​ជេរ​ប្រដៅ​ដល់​កូរ៉េ ដល់​អាមេរិក»។

លោក​ ថន វណ្ដុង ប្រធាន​អង្គការ​សកម្មភាព​ព្រះពុទ្ធ​សាសនា​ដើម្បី​អភិវឌ្ឍន៍​សង្គម ដែល​ធ្លាប់​បាន​បួស​រៀន​ក្នុង​ព្រះពុទ្ធ​សាសនា​អស់​រយៈពេល ២០ ឆ្នាំ បាន​ថ្លែង​ថា លោក​ធ្លាប់បាន​ទៅ​ស្នាក់នៅ​បណ្ដោះអាសន្ន​មួយ​រយៈ​ពេល​ខ្លី​នៅ​វត្ត​រាជបូព៌។ លោក​មើល​ឃើញ​គុណសម្បត្តិ​ដ៏​ច្រើន​លើសលប់​របស់​ព្រះ​តេជគុណ​ ពិន សែម ដែល​បាន​បូជា​កម្លាំង​កាយ​ចិត្ត ប្រាជ្ញា​ស្មារតី ជួយ​អប់រំ​ដល់​យុវជន​រាប់​សែន​នាក់។

លោក​ថ្លែង​ថា ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​តេជគុណ​ ពិន សែម ធ្វើ​ឱ្យ​វត្ត​រាជបូព៌​មិន​ត្រឹមតែ​ជា​កន្លែង​បណ្ដុះបណ្ដាល​ផ្នែក​ពុទ្ធចក្រ​ទេ ថែម​ទាំង​ជា​កន្លែង​បណ្ដុះបណ្ដាល​បែប​អាណាចក្រ ផ្នែក​វប្បធម៌ និង​បេតិកភណ្ឌ​ជា​ច្រើន​ទៀត​ដូចជា​ល្ខោន​ស្បែក​ធំ ល្ខោន​ស្រមោល​ជា​ដើម។

ទោះយ៉ាងណា លោក​ថា ការ​អប់រំ​តាម​បែប​ហិង្សា​មិន​ទាន់​ត្រឹមត្រូវ​តាម​គន្លង​ព្រះពុទ្ធ​សាសនា​ទេ ព្រោះ​ព្រះពុទ្ធ​អប់រំ​មនុស្ស​ឱ្យ​ប្រកាន់​ធម៌​អហិង្សា។ ប៉ុន្តែ​ថា តើ​ការ​ដាក់​វិន័យ​របស់​ព្រះតេជគុណ​ ពិន សែម ត្រូវ ​ឬ​ខុស​នោះ វា​អាស្រ័យ​លើ​មតិ​មហាជន។

លោក​ថ្លែង​ថា៖ «ជា​រួម ទោះ​យើង​ចង់​ឱ្យ​កូនចៅ សិស្សគណ​របស់​យើង​ល្អ​ប៉ុនណា​ក៏​ដោយ យើង​ត្រូវ​ធ្វើ​អ្វី​មួយ​ដែល​មិន​ប្រាសចាក​ពី​ច្បាប់​ព្រះពុទ្ធ​សាសនា។ បើ​និយាយ​ពី​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ គឺ​យើង​ប្រាស​ចាក​ពី​ច្បាប់​សកល​ដែរ ព្រោះ​សិទ្ធិ​មនុស្ស​ការ​វាយដំ ​ការ​គំរាម ការ​ប្រើ​ហិង្សា ដោយ​វាចា ដោយ​ចិត្ត និង​កាយវិការ​ជា​រឿង​ដែល​យើង​ត្រូវ​ចៀសវាង»។

លោក ​សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែង​ថា ​លោក​ក៏​មិន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រើ​អំពើ​ហិង្សា​ជា​វិធីសាស្ត្រ​ក្នុង​ការ​អប់រំ​នោះ​ទេ។ កាល​ពី​មុន​ វិធីសាស្ត្រ​នេះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​មែន តែ​សម័យ​បច្ចុប្បន្ន​នេះ គួរ​តែ​លុប​បំបាត់ ហើយ​យក​ការ​ពន្យល់​មក​ជំនួស​វិញ។

ចំណែក​លោក​ ចាន់ សុផល អ្នក​វិភាគ​ម្នាក់​ក៏​បាន​តាម​ដាន​បញ្ហា​នេះ និង​បាន​ចែក​រំលែក​ការ​យល់​ឃើញ​របស់​លោក​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ លោក​សរសេរ​ថា រឿង​វិធីសាស្ត្រ​កែប្រែ​មនុស្ស​វា​ជា​រឿង​បែប​បច្ចេកទេស គឺ​ប្រៀប​ដូចជា​ការ​ប្រើប្រាស់​ថ្នាំ​អ្វី​ឱ្យ​ត្រូវ​នឹង​អ្នក​ជំងឺ។ លោក​ថា បើ​ពេទ្យ​វិញ ជួន​កាល​អាច​សម្រេច​ចិត្ត​កាត់​ជើង​អ្នក​ជំងឺ ដើម្បី​កុំ​ឱ្យ​ដំបៅ​រីក​សម្លាប់​អ្នក​ជំងឺ។

ក្នុង​ហ្វេសប៊ុក​បង្ហោះ​មួយ​ដាច់​ដោយ​ឡែក លោក​បាន​រៀបរាប់​ពី​ការ​អប់រំ​កូន​ដោយ​ប្រើ​រំពាត់ ដោយ​ថា លោក​មាន​រំពាត់​នៅ​ក្បែរ​ខ្លួន នៅ​ពេល​កូន​ទាំង ៣ របស់​លោក​រៀន​អនឡាញ​ជា​រៀងរាល់​ថ្ងៃ។ ក៏​ប៉ុន្តែ​កម្រ​បាន​វាយ​ពួក​គេ​ណាស់ លើកលែង​តែ​កូន​ពៅ​ដែល​បាន​កុហក​ម្តង​ជា ២ ដង ដោយ​កូន​លួច​មើល​រឿង​តុក្កតា មិន​ឆ្លងឆ្លើយ​នឹង​គ្រូ​រហូត​ដល់​គ្រូ​ផ្តាច់​ចេញ​ពី Zoom និង​រាយការណ៍​ប្រាប់​មក​លោក ​ឬ​ម្ដាយ។ លោក​បាន​ព្រមាន ២-៣ ដង​ហើយ តែ​កូន​នៅ​តែ​ខិលខូច។

នៅ​ចុង​បញ្ចប់​នៃ​សំណេរ លោក ចាន់ សុផល សរសេរ​ថា៖«ខ្ញុំ​យល់​ឃើញ​ថា ការ​កំណត់​យក​វិធីសាស្ត្រ ឬ​ស្តង់ដា​តាម​ប្រទេស​អ្នក​មាន​មក​អនុវត្ត​នៅ​ប្រទេស​ក្រីក្រ ដោយ​ខុស​បុរេ​លក្ខខណ្ឌ អាច​នាំ​ឱ្យ​មាន​បញ្ហា។ សិទ្ធិ និង​សេរីភាព ងាយ​ក្លាយជា​ភាព​សេរី​ជ្រុល អនាធិបតេយ្យ គ្មាន​វិន័យ និង​កង្វះ​ការ​ទទួល​ខុស​ត្រូវ»៕