ព្រះសីហនុៈ​ ដោយ​ផ្អែ​ក​លើលទ្ធ​ផល​ធ្វើ​កោ​សល្យ​វិច័យ​​សាក​សព​ និង ​ពិនិត្យ​​នៅ​កន្លែង​កើត​ហេតុ​ស​មត្ថកិច្ច​​បាន​អះអាង​ថា ​បុរស​ម្នាក់​ដែលស្លាប់​ នៅ​ភូមិ ​៥ ​សង្កាត់​លេខ ​៤ ​ក្រុង​-​ខេត្ត​ ព្រះ​សីហនុ​ កាល​ពី​ថ្ងៃ​ទី ​២១​ មេសា​ នោះ ពុំ​មែន​ករណី​ឃាត​កម្ម​ទេ ​ប៉ុន្តែ​ ជា​ការ​ធ្វើ​អត្ត​ឃាត​​ខ្លួន​ឯង​ ​។

លោក ​កុល ​ផាលី ​ស្នងការរង​នគរ​បាល​ខេត្ត​ព្រះសីហនុ​ បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​ កាល​ពី​ម្សិល​មិញ​ថា​ ជន​រង​គ្រោះ​​ឈ្មោះ ស៊​ន់​ ជា​ អាយុ​​ ៣០​ឆ្នាំ​ ​ស្នាក់​បន្ទប់​ជួល​ក្នុង​ ភូមិ​-​សង្កាត់ ​កើត​ហេតុ​ខាង​លើ​ បាន​ធ្វើ​អត្ត​ឃាត​​ខ្លួន​ឯង​​​ព្រោះ​ក្នុង​បន្ទប់​របស់​គាត់​​មាន​ចាក់​សោ​ពី​ខាង​ក្នុង​។​

លោក​ថា​៖ «មុន​ដំបូង​សមត្ថ​កិច្ច​​ខ្ញុំ ​ស្មាន​តែមាន​គេ​​សម្លាប់​គាត់​ ប៉ុន្តែ​ក្រោយ​ពី​ពិនិត្យ​មើល​នៅ​កន្លែង​​កើតហេតុ​បញ្ជាក់​ថា​គ្មាន​​តម្រុយ​ណា​ដែល​គួ​រ​ឲ្យ​សង្ស័យ​ថា​ជា​អំពើ​ឃាតកម្ម​ទេ​។ ​ករណី​នេះ​ ខ្ញុំ​បញ្ចប់​ការ​ស្រាវជ្រាវ​ហើយ​»។

បើតាម លោក​ កុល ​ផាលី​ នៅជុំវិញ​បន្ទប់​កើត​ហេតុ​​មិន​ឃើញ​មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ថា​ អាច​មាន​នរណា​សម្លាប់​ជនរងគ្រោះ​ទេ​។ រីឯ ​ខាង​ក្នុង​បន្ទប់​ក៏​គ្មាន​ប្រឡោះ​ចូល​​​ដែល​នេះ​បញ្ជាក់​ថា​ជនរ​ង​គ្រោះ​​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​។

លោក​ សំ​​ ប្រាក់​ នាយ​នគរ​បាល​ប៉ុស្តិ៍​សង្កាត់​លេខ ​៤ ​ក្រុង​ព្រះ​សីហនុ​ ប្រាប់​ដោយ​ផ្អែក​តាម​សម្តី​សាក្សី​ថា​ ជនរងគ្រោះ​​មាន​គ្នា​ ៣​ នាក់​ដែល​មាន​ស្រុក​កំណើត​នៅ ​ខេត្ត​សៀមរាប ។ ប៉ុន្តែ​ ពួក​គាត់​បាន​នាំ​គ្នា​មក​ខេត្ត​​ព្រះសីហ​នុ​​ និង​ បាន​ជួល​បន្ទប់​ស្នាក់​​នៅ​ក្នុង​ ភូ​មិ​-​សង្កាត់​ កើត​ហេតុ ​ដើម្បី​ប្រកប​មុខ​រប​រ​លក់​ដូរ​ និង ​ធ្វើ​ការ​​តាម​ក្រុម​ហ៊ុន​ឯក​ជន​។

ក៏​ប៉ុន្តែ​សាក្សី​ថា ​ជនរង​គ្រោះ​​មិន​សូវ​ធ្វើការ​បាន​ជាប់លាប់​ទេ​ ដោយសារ​អាការរោគ (សរសៃប្រសាទ)​​​ របស់​គាត់​។ ​លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​ ២១ ​ខែ​ មេសា​ ​​គ្នីគ្នា​របស់​គាត់ ​២ ​នាក់​ទៀត​បាន​ចេញ​ទៅ​ធ្វើ​ការ​អស់​។ លុះ​ដល់​ម៉ោង​ប្រមាណ​​ ៥ ​ល្ងាច​​ ​ថ្ងៃដដែល​ ស្រ្តីម្ចាស់​បន្ទប់​ជួល​បាន​ទៅ​មើល​បន្ទប់​​ជនរងគ្រោះ​ព្រោះ​ឃើញ​បិទទ្វារ​ជិត ហើយ​បាន​យក​ដៃ​រុញ​ទ្វារ​នោះតែ​​ជា​ប់​គន្លឹះ​ពីខា​ង​ក្នុ​ង​។

លោក​បន្ត​ថា​ ដោយ​ឃើញ​ដូច្នោះ​ស្រ្តីម្ចាស់​ផ្ទះ​មានសង្ស័យ​ក៏​អើត​មើល​តាម​ចន្លោះ​បង្អួច​ក៏​ឃើញ​ជនរងគ្រោះ​ដេក​ដោយ​មាន​ប្រឡាក់​ឈាម​នៅ​លើ​កំរាល​​ឥដ្ឋ​ផង​។ ពេលនោះ​ស្រ្តីម្ចា​ស់​ផ្ទះ​​បាន​ស្រែក​ឲ្យ​អ្នក​ជិត​ខាង​មក​ជួយ​ពិនិត្យ​មើល​ភិន​ភាគ​របស់​ជនរងគ្រោះ​ និង​ ស្នាម​ឈាម​ហូរ​ដែល​ដំបូង​សង្ស័យ​ថា ​អាច​ជា​អំពើ​ឃាតកម្ម​។ ​ប៉ុន្តែ​ អ្នក​ជិត​ខាង​គ្រាន់​តែ​នាំ​គ្នា​អើត​មើល​ប៉ុណ្ណោះ ​​ព្រោះ​រង់ចាំ​ឲ្យ​សមត្ថកិច្ច​នគរបាល​ពិនិត្យ​ជា​មុន​សិន​។​

លោក​បញ្ជា​ក់​ថា​ បន្ទាប់​​មក​ ម្ចាស់​​ផ្ទះ​បាន​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​របស់​លោក​ហើយ​លោក​បាន​រាយការណ៍​បន្ត​ទៅ ​លោក ​ជួន ​ណារិន្ទ​ ស្នង​ការ​នគរ​បាល​ខេត្ត​ព្រះ​សីហនុ ហើយ​បា​នដឹក​នាំ​សមត្ថ​កិច្ច​ជំនាញ​ផ្នែក​បច្ចេក​ទេស​វិទ្យាសាស្រ្ត​ចុះទៅ​​ទី​តាំង​កើត​ហេតុ​រួច​បាន​គាស់​ទ្វារ​បន្ទប់​នោះ​​ដើម្បី​ចូល​ពិនិត្យ​សាក​សព​។​

លោក​ថ្លែង​ថា​៖ «នៅ​ក្នុង​បន្ទប់​នោះ​មាន​តែ​គាត់​ម្នាក់​ឯង​សូម្បី​រក​​តែ​​ច្រក​ចេញ​មក​ក្រៅមួយ​ប្រឡោះ​តូច​​គឺ​អត់​មាន​ទាំង​អស់​ អីចឹង​យើង​សន្និដ្ឋាន​ទៅ​គឺ​​ជនរងគ្រោះ​សម្លាប់​ខ្លួន​ឯង​ច្រើន​ជាង​»​។

លោក​បន្ត​ថា​ ក្រៅ​ពី​នោះ​សមត្ថ​កិច្ច​បាន​ឃើញ​កាំបិត​ចិត​បន្លែតូ​ចមួយ​មាន​ប្រឡាក់​ឈាម​នៅក្បែរ​សាក​សព​​​​ហើយ​នៅ​ផ្នែក​ ក​ មាន​ស្នាម​អារ​ ដាច់​បំពង់​ក​ដែល​​បង្ហាញ​ពី​លក្ខណៈ​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​។​

ចំណែក​បុរស ​២ ​​នាក់​ដែល​មាន​ស្រុក​កំណើត​ជា​មួយ​ជនរងគ្រោះ​បានប្រាប់​សមត្ថ​កិច្ច​ថា​​ជន​រង​គ្រោះ​មាន​ជំងឺ​សសៃ​ប្រសាទ​តែ​​គេ​មិន​ដឹង​ថាគាត់​មាន​​លិខិត​បញ្ជាក់​ពី​គ្រូពេទ្យ​ឬ​យ៉ាង​ណា​ទេ​។ពួកគេថា​ជន​រង​គ្រោះ​បាន​ប៉ង​សម្លាប់​ខ្លួន​២​ទៅ​៣​ដង​មក​ហើយ​​តែ​មាន​គេ​ជួ​យទា​ន់។ ​ប៉ុន្តែ​ដល់​ពេល​លើក​នេះ​គាត់​នៅ​ម្នាក់​ឯង​ក៏មាន​ឱកាស​សម្លាប់​ខ្លួន​បាន​សម្រេច​​។​

លោក​បញ្ជា​ក់​ថា​ ក្រោយ​ធ្វើ​កោ​សល្យ​វិច័យ​រួច​សមត្ថ​កិច្ច​បាន​ប្រគល់​​សាក​សព​ជូន​ក្រុម​គ្រួសារ​​គាត់ហើយ​៕​