ភ្នំពេញៈ ​ស្ត្រី​ម្នាក់​ដែល​គេ​ប្រទះឃើញ​សាកសព​ហើម​ស្អុយ​នៅក្នុង​បន្ទប់​ជួល​ត្រូវបាន​សមត្ថកិច្ច​ដាក់ការ​សន្និដ្ឋាន​ថា អាច​ត្រូវបាន​មិត្តប្រុស​របស់​នាង​សម្លាប់ បន្ទាប់មក​មិត្ត​ប្រុស​នោះ​បាន​សម្លាប់​ខ្លួន​ជាក្រោយ​នៅ​ទីតាំង​ផ្សេងគ្នា​ដែល​ហេតុការណ៍​នេះ​បាន​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​នៅ​ថ្ងៃទី​ ២២ ​កក្កដា ក្នុង​ភូមិ​ដំណាក់ធំ​ ៣ ​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌ​មានជ័យ​។

លោក ឯម ភារី នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្ទឹងមានជ័យ​ ៣ ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ស្ត្រី​រងគ្រោះ​ឈ្មោះ​ សួង ​ធី អាយុ​ ៣៣ ​ឆ្នាំ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ រីឯ​មិត្ត​ប្រុស​របស់​នាង​ឈ្មោះ​ ពៅ វុធ ​អាយុ ៣០ ​ឆ្នាំ​ក៏​ជា​កម្មករ​រោងចក្រ​ដូចគ្នា​ដែរ​។ សព​ស្ត្រី​រងគ្រោះ​មាន​ស្លាកស្នាម​ច្របាច់​នៅ​ត្រង់​បំពង់ក ហើយ​មាន​ឃើញ​ខ្សែភ្លើង​ឆក់​។

លោក​ថា​៖ «​ការសម្លាប់​នេះ សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យវិច័យ​ដាក់​ការសង្ស័យ​ថា គ្មាន​នរណា​សម្លាប់​ស្ត្រី​រងគ្រោះ​ក្រៅពី​មិត្ត​ប្រុស​របស់​នាង​ទេ បន្ទាប់មក​មិត្តប្រុស​នោះ​ទៅ​សម្លាប់​ខ្លួន​ជា​ក្រោយ​»​។

លោក​ប្រាប់​បន្តថា ករណី​នេះ​បើ​តាម​សាក្សី​ដែល​រស់នៅ​ជិត​ទីតាំង​បន្ទប់​ជួល​របស់​ស្ត្រី​រងគ្រោះ​បាន​និយាយប្រាប់​សមត្ថកិច្ច​ថា ជនរងគ្រោះ​ទាំង​ ២ ​នាក់​នេះ​គេ​មិន​ដឹងថា ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ឬ​យ៉ាងណា​ទេ ប៉ុន្តែ​ពួកគេ​ស្រលាញ់​គ្នា​របៀប​ជា​សង្សា តែ​ស្នាក់នៅ​បន្ទប់​ជួល​ខុស​គ្នា​ក្នុង​ភូមិ​តែមួយ​។

កាលពី​ថ្ងៃ​ទី​ ២០ ខែ​កក្កដា អ្នករស់នៅ​ក្បែរ​បន្ទប់​ស្ត្រី​រងគ្រោះ​បាន​ឃើញ​នាង និង​មិត្ត​ប្រុស​ចេញ​ពី​ធ្វើការ​ធម្មតា និង​នាំគ្នា​មក​បន្ទប់​ជួល​របស់​ស្ត្រី​រងគ្រោះ​។ ប៉ុន្តែ​ព្រឹក​ថ្ងៃទី​ ២២ ខែកក្កដា ប្រជាពលរដ្ឋ​នៅក្បែរ​បន្ទប់ជួល​នោះ​ធំក្លិន​ស្អុយ​ក៏នាំគ្នា​គាស់ទ្វារ​បន្ទប់​ចូល​ទើប​ឃើញ​សាកសព​ស្ត្រី​រងគ្រោះ​ហើម និង​មាន​ក្លិនស្អុយ​។

លោក​បញ្ជាក់ទៀត​ថា ចំណែក​បុរស​ឈ្មោះ ពៅ វុធ ​ដែល​ជា​មិត្តប្រុស​របស់​នាង​ក៏​ត្រូវ​បាន​ពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់ នៅ​ប៉ុន្មាន​ម៉ោង​ក្នុង​ថ្ងៃ​ដែល​ប្រទះឃើញ​សាកសព​ស្ត្រី​រងគ្រោះ​ដែរ ប៉ុន្តែ​បុរស​នោះ​ស្លាប់​នៅ​បន្ទប់​ជួល​ផ្សេងគ្នា​។ បើតាម​ការធ្វើ​កោសល្យវិច័យ​របស់​នគរបាល និង​គ្រូពេទ្យ​រកឃើញ​ថា បុរស​នោះ​ស្លាប់​ដោយ​គាំងបេះដូង​។

ទោះយ៉ាងណា​បើ​តាម​លោក​វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ជា​គ្រូពេទ្យ​ឯកទេស ជំនាញ​ផ្នែក​កោសល្យវិច័យ​សាកសព​នៃ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​ពី​ម្សិលមិញ​ថា តាម​ការពិនិត្យ​យ៉ាង​ហ្មត់ចត់​របស់លោក​ឃើញ​ថា សាកសព​របស់​ស្ត្រី​រងគ្រោះ​គឺ​មាន​ស្នាម​ច្របាច់ក ហើយ​មាន​ស្នាម​ឆក់​​ខ្សែភ្លើង​ទៀត​។ ដូច្នេះ​មាន​ន័យថា​ជនសង្ស័យ​ច្របាច់​ក​ស្ត្រី​រងគ្រោះ ហើយ​ខ្លាច​មិនទាន់​ស្លាប់​បាន​យក​ខ្សែភ្លើង​ឆក់​បន្ថែម ព្រោះ​នៅ​ផ្នែក​ឌុយ​ខ្សែភ្លើង​ក៏​មាន​ឃើញ​ស្នាម​ទូស្សេ​ដែរ​។

លោក​បញ្ជាក់ថា សាកសព​ស្ត្រី​ម្នាក់​នោះ​អាច​ត្រូវគេ​សម្លាប់​ចន្លោះ​ ៣ ​ថ្ងៃ​មុន ព្រោះ​សាកសព​មាន​សភាព​ស្អុយ​ហើម​ខ្លាំង​ទៅហើយ​។ ចំពោះ​បុរស​ដែល​ស្លាប់​នោះ​វិញ គឺ​លោក​មិនអាច​កំណត់​អត្តសញ្ញាណ​បាន​ថា ជា​ប្តី​របស់​ស្ត្រី​រងគ្រោះ​ឬ​យ៉ាងណា​ទេ តែ​នៅ​មុន​ពេល​ស្លាប់​គាត់​បាន​ប្រាប់​គេ​ថា គាត់​ឆ្អល់​ចុងដង្ហើម​ឈឺ​ដើមទ្រូង​ហើយ​ព្រឹក​ឡើង​ថ្ងៃទី​ ២២ កក្កដា គេ​ក៏​ឃើញ​គាត់​ដេកស្លាប់​នៅក្នុង​បន្ទប់​ជួល​។ «​ដូច្នេះ​រោគសញ្ញា​ទាំងអស់​នេះ​ដែល​ប្រទេស​កម្ពុជា​យើង​ប្រជាពលរដ្ឋ​ច្រើន​មាន​បញ្ហា​ជំងឺ​បេះដូង​»​។ លោក​បញ្ជាក់ថា​៖ «​ការស្លាប់​របស់​បុរស​នោះ​ទាក់ទង​នឹង​បញ្ហា​ជំងឺ​បេះដូង​ទេ​»៕