ភ្នំពេញៈ សមត្ថកិច្ចនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានទុកឱសានវាទដល់ម្ចាស់អាល់កុលក្លែងក្លាយ (មេតាណុល) ដែលបង្ក្រាប និងដកហូតបានកាលពីថ្ងៃទី ២ ខែមេសា សរុបចំនួន ៥៩ ៤០២ លីត្រ ឱ្យចូលខ្លួនទៅដោះស្រាយនៅត្រឹមថ្ងៃពុធ ទី ៨ ខែ មេសា ឆ្នាំ ២០២០ បើមិនដូច្នោះទេនឹងចាត់វិធានការបន្តតាមច្បាប់។
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ថា គិតត្រឹមល្ងាចថ្ងៃទី ៥ ខែមេសា អគ្គនាយកដ្ឋាន ក.ប.ប បានបើកយុទ្ធនាការបង្ក្រាបអាល់កុលក្លែងក្លាយ (មេតាណុល) សរុបបានចំនួន ៦៤១៧៨ លីត្រមករក្សាទុកដើម្បីអនុវត្តតាមនីតិវិធី។ ក្នុងនោះអាល់កុលក្លែងក្លាយសរុបចំនួន ៥៩៤០២ លីត្រត្រូវបានរកឃើញ និងឃាត់ទុកបណ្តោះអាសន្ននៅខេត្តកណ្តាល និងរាជធានីភ្នំពេញ។
លោកថ្លែងថា៖ «បច្ចុប្បន្នអគ្គនាយកដ្ឋាន ក.ប.ប បានបង្ក្រាបអាល់កុលក្លែងក្លាយ (មេតាណុល) សរុបបាន ៦៤ ១៧៨ លីត្រ។ ប៉ុន្ដែដោយសារធាតុមេតាណុលនេះមានការលំបាកក្នុងការរក្សាទុក យើងក៏បានទាក់ទងទៅខាងស្ថានីយប្រេងឥន្ធនៈធំៗដែរ ប៉ុន្ដែគេមិនមានកន្លែងសម្រាប់រក្សាទុក។ ដូច្នេះជានីតិវិធីយើងកំពុងគោរពស្នើសុំព្រះរាជអាជ្ញាដើម្បីកម្ទេចចោល»។
ដោយសង្កេតឃើញក្នុងពេលថ្មីៗនេះមានជនខិលខូចមួយចំនួនឆ្លៀតឱកាសនាំចូល និងចែកចាយអាល់កុលក្លែងក្លាយដែលធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ លោក អូន បានបញ្ជាដល់មន្ត្រីក្រោមឱវាទឱ្យចុះស្រាវជ្រាវ និងបង្ក្រាបជាបន្ទាន់ការធ្វើចរាចរណ៍ ចែកចាយ នូវសារធាតុអាល់កុលក្លែងក្លាយទូទាំងប្រទេស។
ជាលទ្ធផលតាមរយៈវិធានការនេះកាលពីថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២០ មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.បសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អាជ្ញាធរដែនដី និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងខេត្តកណ្តាល និងព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីបានដឹកនាំរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប ចុះត្រួតពិនិត្យទីតាំងស្តុកអាល់កុលក្លែងក្លាយចំនួន ២ កន្លែងគឺស្ថិតនៅទីតាំងទី ១ នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងទីតាំងទី ២ ស្ថិតនៅផ្លូវ ០១A បុរីពិភពថ្មីកំបូល៣ ភូមិស្ងួងពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោកបញ្ជាក់ថា៖ «ក្រោយការត្រួតពិនិត្យ និងយោងលទ្ធផលវិភាគ អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៧៦៣ ប៊ីដុង និង ២២៤ ធុង សរុបស្មើនឹង ៥៩ ៤០២ លីត្រ ត្រូវបានព្រះរាជអាជ្ញារងសម្រេចឱ្យអគ្គនាយកដ្ឋាន ក.ប.ប ធ្វើការដកហូតមករក្សាទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តនីតិវិធីបន្ត»។
ក្រោយបង្ក្រាបអាល់កុលក្លែងក្លាយទាំង ២ ទីតាំងខាងលើនៅថ្ងៃទី ៣ ខែមេសា អគ្គនាយកដ្ឋាន ក.ប.ប បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់អាល់កុលក្លែងក្លាយទាំង ២ ទីតាំងខាងលើឱ្យចូលខ្លួនមកដោះស្រាយនៅអគ្គនាយកដ្ឋាន ក.ប.ប ឱ្យបានមុនថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២០ ជាកំហិត។ ក្នុងករណីម្ចាស់ទំនិញមិនបានចូលខ្លួនមកដោះស្រាយទេ អគ្គនាយកដ្ឋាន ក.ប.ប នឹងចាត់វិធានការបន្តតាមនីតិវិធីច្បាប់។
លោក ផាន អូន បញ្ជាក់ថា៖ «ត្រឹមថ្ងៃអាទិត្យម្សិលមិញម្ចាស់ទីតាំងទាំង ២ ខាងលើនៅមិនទាន់ចូលខ្លួនមកដោះស្រាយ និងពន្យល់ហេតុផលដល់សមត្ថកិច្ចនៅឡើយទេ។ ដូច្នេះយើងទុកឱសានវាទដល់ពួកគាត់ដល់ថ្ងៃទី ៨ ខែមេសានេះ»។
អគ្គនាយកដ្ឋាន ក.ប.ប បានអំពាវនាវដល់សាធារណជន ជាពិសេសអាជីវករលក់ដុំ និងលក់រាយទាំងអស់មេត្តាចូលរួមសហការ និងស្វែងយល់អំពីការប្រកបអាជីវកម្មដោយការទទួលខុសត្រូវខ្ពស់ ចៀសវាងការធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ និងប្រឈមចំពោះមុខច្បាប់ថែមទៀតផង៕
វីដេអូ៖