ភ្នំពេញៈ កម្លាំង​សមត្ថកិច្ច​សរុប​ចំនួន​ ៨ ​ម៉ឺន​នាក់ ​នឹង​ត្រូវ​ដាក់​ពង្រាយ​ ដើម្បី​ការងារ​សន្តិសុខ​ពេល​បោះ​ឆ្នោត​ជ្រើ​ស​តាំង​​តំណាង​រាស្ត្រ​រដ្ឋសភា​ នៅ​ថ្ងៃ​ទី ​២៩ ខែ​កក្កដា​ ខាង​មុខ ខណៈ​ដែល គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) បាន​ចេញ​សេចក្តី​ណែ​នាំ​អំពី​សន្តិ​សុខ​​សុវត្ថិ​ភាព​សម្រាប់​ការ​បោះ​ឆ្នោត​នេះ។​

នាយ​ឧត្តម​សេនីយ៍ ​គៀត ​ច័ន្ទថារិទ្ធ អគ្គ​ស្នង​ការរង​នគរ​បាល​ជាតិ​​ និង ​ជា​អ្នក​នាំពាក្យ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​បាន​ថ្លែង​ កាល​ពី​ថ្ងៃទី​ ១៨​ ខែ​មេសា​ថា កម្លាំង​សមត្ថ​កិច្ច​សរុប​ ៨​ ម៉ឺន​នាក់​ នឹង​ត្រូវ​ដាក់​ពង្រាយ ​ដើម្បី​រក្សា​សន្តិ​សុខ​ការ​បោះ​ឆ្នោត​​សកល​ជ្រើស​តាំង​តំណាង​រាស្ត្រ​ខាង​មុខ​នេះ។

នៅ​ក្នុង​គេហ​ទំព័រ​នគរ​បាល​ជាតិ​បាន​ស្រង់សម្ដី របស់​លោក​ក្នុង​ក្នុង​​ពិធីបើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ ស្តី​ពី​ច្បាប់​​បទបញ្ជា​ និង​ នីតិវិធី​​សម្រាប់​ការ​បោះ​ឆ្នោត​ និង ​ក្រម​សីល​ធម៌​សម្រាប់​ភ្នាក់​ងារ​សន្តិសុខ​បោះ​ឆ្នោត​ដែល​មាន​រយៈ​ពេល ​៣ ​ថ្ងៃ​ គឺ​ពី​ថ្ងៃទី​ ១៨ ដល់​ថ្ងៃ​ទី​ ២០ ខែ​មេសា​​នេះ នៅ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ។

ភ្នំពេញ​​ ប៉ុស្តិ៍​ មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​លោក គៀត ​ច័ន្ធថារិទ្ធ បាន​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ប៉ុន្តែ​គេហទំព័រ​នគរ​បាល​ជាតិ​បាន​​ស្រង់​សម្ដី លោក​ដែល​បាន​អះ​អាង​ថា កម្លាំង​ទាំង ​៨ ​ម៉ឺន​នាក់​នេះ «មកពី​កងយោ​ធពល​ខេមរ​ភូមិន្ទ​ ​និង​ កងរាជ​អាវុធហត្ថ​ និង​មាន​កម្លាំង​ប្រជា​ការពារ​ត្រៀម​ជួយ​នៅ​តាម​ឃុំ​សង្កាត់​ និង​ក្រុង​ ស្រុក​ ខណ្ឌ​ ប្រ​មាណ​ជាង​ ២ ​ម៉ឺន​នាក់ ​ផង​ដែរ​»។​

កាល​ពី​សប្តាហ៍​មុន ​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ចេញ​សេចក្តី​ណែ​នាំ​មួយ​ដល់​ប្រធាន​គណៈ​កម្មការ​រាជធានី​ខេត្ត​ ដោយ​​ស្នើ​​ឲ្យ​សហការ​​ជាមួយ​ស្នង​ការ​ដ្ឋាន​រាជធានី​ខេត្ត​គ្រប់​លំដាប់​ថ្នាក់ និង ​ភាគី​ពាក់​ព័ន្ធ​ចាត់​វិធានការ​ឲ្យ​ទាន់​ពេល​វេលា​ក្នុងករណី​មាន​ករណី​អ​សន្តិ​សុខ​ណា​មួយ​កើត​ឡើង។

កាល​ពី​បោះ​ឆ្នោត​ ឃុំ​-សង្កាត់ ​ឆ្នាំ​ ២០១៧ ​កន្លង​ទៅ​ កម្លាំង​សមត្ថ​កិច្ច​ចំនួន​ ៥ ​ម៉ឺន​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ការពារ​សន្តិ​សុខ​ពេល​បោះ​ឆ្នោត​៕