ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​គ្រោង​រៀបចំ​ពិធី​ដុត​កម្ទេច​ផលិតផល​ក្លែងក្លាយ និង​ខូច​គុណភាព​ដែល​សមត្ថកិច្ច​រឹបអូស​បាន​ប្រមាណ​ជាង ១១០ ​តោន ​ដោយ​ក្នុងនោះ ១០ ​តោន​ នឹង​ត្រូវ​ដុតបំផ្លាញ​ចោល​នៅ​ខេត្ត​កំពង់ធំ​នៅ​ចុងខែ​កុម្ភៈ និង​ជាង​ ១០០ ​តោន​ទៀត​គ្រោង​ដុត​បំផ្លាញចោល​នៅ​អំឡុង​ដើម​ខែ​មីនា​។

លោក លីវ សុផាណារិទ្ធ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​នឹង​ធ្វើការ​បែងចែក​ជា​ ២ ​ដំណាក់កាល​គឺ​ទី​ ១ គណៈកម្មាធិការ​គ្រោង​រៀបចំ​ដុតបំផ្លាញ​ផលិតផល​ក្លែងក្លាយ​ចំនួន ១០ ​តោន​ នៅ​ខេត្តកំពង់ធំ​នៅ​ចុង​ខែ​កុម្ភៈ​នេះ ដែល​មាន​ដូចជា គ្រឿងសម្អាង គ្រឿង​ឧបភោគបរិភោគ និង​ផលិត​ក្លែងក្លាយ​មួយចំនួន​។ ចំណែក​ដំណាក់កាល​ទី​ ២ គ្រោង​នឹង​ដុតបំផ្លាញ​ផលិតផល​ក្លែងក្លាយ ប្រមាណ ១០០ ​តោន​នៅ​អំឡុង​ដើម​ខែ​មីនា ក្រោយពី​តុលាការ​បាន​ចេញ​ដីកា​អនុញ្ញាត​ឲ្យ​ធ្វើការ​កម្ទេចចោល​។

លោក​បញ្ជាក់ថា​៖ «​គម្រោង​ដុត​កម្ទេច​ផលិតផល​ក្លែងក្លាយ និង​ខូចគុណភាព​ប្រមាណ​ជាង ១១០ ​តោន​នេះ គឺ​យើង​បាន​ការ​យល់ព្រម​ពី​តុលាការ​ខេត្ត​កំពង់ធំ និង​តុលាការ​រាជធានី​ភ្នំពេញ​ហើយ អ៊ីចឹង​យើង​ធ្វើការ​ដុត​បំផ្លាញ​ចោល​ទាំងអស់​តែ​ម្ដង ប៉ុន្ដែ​ពេលនេះ​ខ្ញុំ​មិនទាន់​ដឹង​ពី​ពេលវេលា​ជាក់លាក់​​នៅ​ឡើយ​។ ជុំវិញ​ការវាយតម្លៃ​ទំនិញ​ខូចគុណភាព​ទាំងនោះ​មាន​តម្លៃ​ប៉ុន្មាន​នោះ​គឺ​ខ្ញុំ​អត់​ចាំ​ច្បាស់​ទេ​»​។

លោក ទ្បី សុភាព ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​អ្នក​លក់​ឱសថ​កម្ពុជា​ថ្លែង​ថា លោក​គាំទ្រ​ចំណាត់ការ​របស់​សមត្ថកិច្ច​ជំនាញ​ក្នុង​ការ​ចាត់វិធានការ​ចំពោះ​ឈ្មួញ​ខិលខូច​ដែល​តែង​រកស៊ី​ក្លែងបន្លំ​គុណភាព​ទំនិញ​។

លោក​បន្តថា លោក​ចង់​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​រួម​គ្នា រវាង​សមាគម និង​អាជ្ញាធរ​លើ​ការផ្សព្វផ្សាយ អប់រំ បណ្តុះបណ្តាល​ធនធានមនុស្ស និង​បច្ចេកទេស​ដោយ​ប្រើប្រាស់​វិធាន​នានា ឬ​កំណត់​វិធីសាស្ត្រ​ក្នុង​ការសម្គាល់​អត្តសញ្ញាណ​ផលិតផល​ឱសថ គ្រឿង​សម្អាង​ក្លែងក្លាយ​ខុសច្បាប់​នាំចូល​ដោយ​គ្មាន​អាជ្ញាប័ណ្ណ រំលោភ​លើ​កម្មសិទ្ធិបញ្ញា រំលោភ​លើ​សិទ្ធិ​នាំចូល​ផ្ដាច់មុខ ដើម្បី​ពង្រឹង​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ផលិតផល​ក្លែងក្លាយ ខុសច្បាប់ និង​ថត​ទុក​នូវ​រាល់​ប្រភេទ​នៃ​ផលិតផល​ទាំងនោះ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់​។

លោក​បញ្ជាក់ថា​៖ «​កន្លង​មក​នេះ​ខ្ញុំ​មាន​ការកត់សម្គាល់​ថា​មាន​ក្រុម​ឈ្មួញ​មួយ​ចំនួន​គាត់​នាំចូល​ផលិតផល​ច្រើន​ប្រភេទ​មក​លក់​ដោយ​មាន​អ្នកខ្លះ​គាត់​ដឹងថា ផលិតផល​គាត់​ក្លែងក្លាយ ខូចគុណភាព ប៉ុន្ដែ​គាត់​ធ្វើ​ពុត​ជា​មិនដឹង ហើយ​នៅតែ​​បន្ត​លក់​ទៅ​ឲ្យ​អ្នកផ្សេង​ប្រើប្រាស់ រីឯ​មួយ​ចំនួន​ទៀត​គាត់​អត់​ដឹងថា ផលិតផល​គាត់​ក្លែងក្លាយ ឬ​ខូចគុណភាព​ទេ​គឺ​គាត់​ក៏​លក់​ឲ្យ​គេ​ប្រើ​ដែរ ដោយសារ​តែ​គាត់​អត់​ដឹង​ផលិតផល​នោះ​យ៉ាងម៉េច​។ ដូច្នេះ​យើង​ទាំងអស់​គ្នា ត្រូវ​តែ​ចូលរួម​ផ្សព្វផ្សាយ ដើម្បី​លុបបំបាត់​ផលិតផល​ក្លែងក្លាយ​នៅលើ​ទីផ្សារ​យើង​»​។

កាលពី​ថ្ងៃទី​ ៩ ខែ​កុម្ភៈ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការនាំ​ចូល ការផលិត និង​ការចែកចាយ​ផលិតផល ឱសថ គ្រឿងសម្អាង ដែល​ក្លែងក្លាយ​នាំ​ចូល​គ្មាន​ការអនុញ្ញាត រំលោភ​កម្មសិទ្ធិបញ្ញា និង​រំលោភសិទ្ធិ​នាំចូល​ផ្តាច់មុខ​។

លោក មៀច សុផាន់ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ថ្លែងថា កន្លងមក​គណៈកម្មាធិការ​បាន​ប្រតិបត្តិ​ការបង្ក្រាប និង​បំផ្លាញចោល​ផលិតផល​ខុសច្បាប់​ជាច្រើន​លើក និង​មាន​ចំនួន​រាប់រយ​តោន​រួមមាន ផលិតផល​ឱសថ គ្រឿងសម្អាង ផលិតផល​ប្រើប្រាស់ និង​គ្រឿង​ឧបភោគ​បរិភោគ​ខុសច្បាប់ និង​ខូច​គុណភាព​ជាច្រើន​សន្ធឹកសន្ធាប់ និង​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​ជាច្រើន​នាក់​។

លោក​បន្ដថា ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​កាលពី​ថ្ងៃទី​ ៩ ខែ​កុម្ភៈ មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នកប្រើប្រាស់​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ការពារ​អ្នកវិនិយោគ​សុចរិត និង​សហគ្រាស​ទាំងឡាយ​ដែល​ប្រកបរបរ​ស្របច្បាប់ មាន​ភាពស្មោះត្រង់ និង​រកស៊ី​ប្រកួតប្រជែង​ដោយ​ភាពត្រឹមត្រូវ ដើម្បី​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ពិតជា​បាន​ផ្តល់​នូវ​សុវត្ថិភាព​ចំណីអាហារ​ជូន​ដល់​ប្រជាជន​កម្ពុជា​៕