ស្វាយរៀង៖ សមត្ថកិច្ច​ចម្រុះ​ខេត្ត​ស្វាយរៀង រហូត​មក​ដល់​ថ្ងៃទី ២ ឧសភា​នេះ នៅ​កំពុង​បន្ត​សាកសួរ​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​ប្រុសស្រី​ប្រមាណ ១៣០ នាក់ ករណី​ឆ្លង​ដែន​ខុស​ច្បាប់ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី ២៧ ខែ​មេសា។

លោក ស្រី វុត្ថា មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្វាយរៀង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ព្រឹក​ថ្ងៃទី ២ ខែ​ឧសភា​នេះ​ថា ករណី​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​ប្រុសស្រី​ប្រមាណ ១៣០ នាក់​នោះ សមត្ថកិច្ច​ចម្រុះ​នៅ​មិន​ទាន់​សាកសួរ​ពួក​គេ​ចប់​នៅ​ឡើយ​ទេ។

លោក​ថ្លែង​ថា៖ «ពេល​នេះ​ សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ញែក​រក​អ្នក​មាន​ច្បាប់ និង​អ្នក​គ្មាន​ច្បាប់។ បើ​អ្នក​មាន​ច្បាប់​នឹង​ត្រូវ​បញ្ចូន​ទៅ​មណ្ឌល​ចត្តាឡីស័ក បើ​អ្នក​ឆ្លង​ដែន​ខុស​ច្បាប់ គឺ​គិត​តាម​នោះ​ទៀត»។

កាល​ពី​វេលា​ទៀប​ភ្លឺ​ថ្ងៃទី ២៧ ខែ​មេសា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​បាន​ល្បាត​ក្នុង​ក្រុង​បាវិត ហើយ​បាន​ប្រទះ​ឃើញ​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​ប្រុសស្រី​ប្រមាណ ១៣០ នាក់ កំពុង​នាំ​គ្នា​ចុះ​ពី​លើ​ម៉ូតូ​ចូល​ក្នុង​បរិវេណ​ផ្ទះ​សំណាក់​ឈ្មោះ​ឋានសួគ៌បួនរដូវ ហើយ​សមត្ថកិច្ច​ក៏​ឃាត់​ខ្លួន​តែ​ម្តង។

ពាក់ព័ន្ធ​ជន​បរទេស​លួច​ឆ្លង​ដែន​ខុស​ច្បាប់​នេះ​ដែរ ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់ទង​លោក តូច ប៉ូលីវ៉ា អភិបាល​រង​ខេត្ត​ស្វាយរៀង ដើម្បី​សុំអត្ថាធិប្បាយ​បាន​ទេ នៅ​ព្រឹក​ថ្ងៃទី ២ ឧសភា​នេះ។ ប៉ុន្តែ លោក​ធ្លាប់​ប្រាប់​កាល​ពី​ថ្ងៃទី ២៨ មេសា​ថា មនុស្ស​ប្រុសស្រី​ប្រមាណ ១៣០ នាក់ ជា​ជនជាតិ​ចិន និង​វៀតណាម ដែល​អ្នក​ខ្លះ​​ពាក់ព័ន្ធ​រឿង​ឆ្លង​ដែន​ខុស​ច្បាប់​តាម​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម។

លោក ប៉ូលីវ៉ា ថ្លែងថា៖ «បន្ទាប់​ពី​ស្រង់​សាវតា​ជាតិ​ពួក​គេ​អស់​គ្នា​ហើយ​នោះ គឺ​អាជ្ញាធរ​ខេត្ត​នឹង​ធ្វើ​ការ​ទំនាក់ទំនង​ជាមួយ​ភាគី​ដៃគូ​ថា តើ​នឹង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៀត។ ការងារ​យ៉ាង​ណា​ទៀត​នោះ គឺ​អាជ្ញាធរ​ខេត្ត​នឹង​ប្រជុំ​ពិភាក្សា​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​បន្ត​ទៀត»៕