ប៉ៃលិនៈ នគរបាលស្រុកសាលាក្រៅនៅថ្ងៃនេះមិនទាន់បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការនៅឡើយទេ ដោយនៅកំពុងបន្តសួរនៅអធិការដ្ឋាន បន្ទាប់ពីចាប់ឃាត់ពាក់ព័ន្ធករណីចាប់រំលោភចៅស្រីបង្កើត កាលពីយប់ថ្ងៃទី ២៤ សីហា នៅក្នុងការដ្ឋានឡឥដ្ឋមួយ ស្ថិតក្នុងឃុំ-ស្រុក សាលាក្រៅខេត្តប៉ៃលិន។
លោក មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅបានថ្លែងនៅថ្ងៃនេះថា ការមិនទាន់បានបញ្ជូនជនសង្ស័យឈ្មោះឡាយ សូរិយ៉ា អាយុ ៥៩ ឆ្នាំ ជាកម្មករឡឥដ្ឋ ស្នាក់នៅក្នុងការដ្ឋានឡឥដ្ឋ ខាងលើនេះ ដោយសារមានករណីផ្សេងត្រូវសួរបន្ត។
លោកបន្តថា បុរសសង្ស័យម្នាក់នេះត្រូវសមត្ថកិច្ចប៉ុស្តិ៍ឃុំសាលាក្រៅចាប់ខ្លួនបន្ទាប់ពីបានចាប់រំលោភក្មេងស្រីរងគ្រោះ ឈ្មោះ ធ.វ អាយុ ១០ ឆ្នាំ ដែលត្រូវជាចៅបង្កើត រស់នៅក្នុងឃុំ-ស្រុកសាលាក្រៅខេត្តប៉ៃលិន តែមិនទាន់បានស៊ីជម្រៅទេ។
លោកថា ជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចសួរនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅនៅឡើយ ព្រោះក្រោយពីសមត្ថកិច្ចសួរចម្លើយករណីបទល្មើសរំលោភ គឺជនម្នាក់បានបង្ហាញចេញនូវតម្រុយប្រព្រឹត្តបទល្មើសផ្សេងទៀត ក៏ប៉ុន្តែលោកមិនបានប្រាប់ពីបទល្មើសផ្សេងនោះថា ជាអ្វីទេ។
លោកថ្លែងថា៖ «ជនម្នាក់នេះគាត់ប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈពិតមែនហើយ ប៉ុន្តែមិនទាន់បានស៊ីជម្រៅទេ។ នេះបើយោងតាមលិខិតកោសល្យវិច័យ របស់គ្រូពេទ្យបង្អែកខេត្តប៉ៃលិន»។
លោករំឭកថា រវាងជនសង្ស័យនិងក្មេងស្រីរងគ្រោះជាចៅមានស្រុកកំណើតនៅខេត្តតាកែវហើយមករស់នៅក្នុងខេត្តប៉ៃលិនធ្វើជាកម្មករឡឥដ្ឋជាកន្លែងកើតហេតុបានប្រហែលប៉ុន្មានខែមក។ នៅយប់ម៉ោងជាង ៨ ថ្ងៃទី ២៤ សីហាខណៈកម្មករផ្សេងទៀតចូលសម្រាកអស់ស្រាប់តែម្ចាស់ឡឥដ្ឋបានឮសំឡេងក្មេងរងគ្រោះស្រែកចេញពីបរិវេណឡឥដ្ឋ។ រីឯម្តាយក្មេងរងគ្រោះក៏កំពុងសម្រាកនៅរោងស្នាក់នៅក្បែរនោះដែរ។
លោកបន្តថា ភ្លាមៗបន្ទាប់ពីឮសំឡេងក្មេងរងគ្រោះស្រែក ម្ចាស់ឡឥដ្ឋបានស្រែកហៅកម្មករឲ្យនាំគ្នាដើរមើលក្នុងបរិវេណឡឥដ្ឋនោះ ហើយក៏ប្រទះឃើញជនសង្ស័យនិងក្មេងរងគ្រោះតែម្តង។ ពេលនោះម្ចាស់ឡឥដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចលោកទើបបានចុះទៅសាកសួរនិងចាប់ឃាត់ខ្លួននៅយប់នោះតែម្តង៕