
ប៉ូលិស សម្រួលចរាចរណ៍នៅតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ នាពេលកន្លងមក។ ហុង មិនា
ភ្នំពេញៈ លោក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានសម្រេចបង្កើតក្រុមអន្ដរាគមន៍ពិសេស ៣ ក្រុម ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍និងទប់ស្កាត់ការជិះបញ្ច្រាសទិសក្នុងរាជធានីភ្នំពេញ ជាអ្វីដែលអ្នកតាមដានបញ្ហានេះថាជារឿងល្អ ប៉ុន្តែស្នើឲ្យមានការរឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ថែមទៀត។
ដោយបានសរសេរលើហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី ១១ ខែកុម្ភៈ លោក ស ថេត បានបញ្ជាក់ថា ការសម្រេចបង្កើតក្រុមអន្ដរាគមន៍ពិសេសនេះគឺមានការឯកភាពពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដើម្បីចល័តនៅគ្រប់គោលដៅដែលមានការកកស្ទះចរាចរណ៍។
លោកស្នងការនគរបាលរាជធានីភ្នំពេញបានរៀបរាប់ថាការងារដែលក្រុមអន្ដរាគមន៍នេះនឹងអនុវត្តរួមមាន ចល័តទៅគ្រប់គោលដៅដែលមានការកកស្ទះចរាចរណ៍ខ្លាំង ទប់ស្កាត់ការជិះបញ្រ្ចាសនៅម៉ោងកកស្ទះ និងសុំឲ្យកម្លាំងសម្រួលចរាចរណ៍ពេលស្ទះខ្លាំងឲ្យបានធូរស្បើយ។ក្រៅពីនោះ លោក ស ថេត បានណែនាំនគរបាលចរាចរណ៍ថា មិនត្រូវឈរលើថ្នល់មើលការកកស្ទះឡើយ។
ប៉ុន្តែត្រូវជិះម៉ូតូចល័តទៅគ្រប់កន្លែងដែលស្ទះ ហើយសម្រួលដោះស្រាយបញ្ហាស្ទះភ្លាមៗ។ ជាមួយនេះ ត្រូវត្រៀមខ្លួនជានិច្ចនៅតាមច្រកចេញរាជធានីភ្នំពេញក្នុងពេលមានពិធីបុណ្យជាតិសំខាន់ៗ។ត្រូវលុបបំបាត់សកម្មភាពពួនស្ទាក់ដើម្បីចាប់អ្នកប្រព្រឹត្តបទល្មើសចរាចរណ៍ មិនត្រូវពិន័យលើសការកំណត់ និងមិនត្រូវឆ្លើយដាក់កូនចៅពេលមានបញ្ហា ជាដើម។
ដោយឡែក កាលម្សិលមិញ លោក ស ថេត បានបញ្ជាក់បន្ថែមថា នគរបាល៣ក្រុមនេះគឺជាកម្លាំងជំនួយចល័តនៃកងកម្លាំងអន្ដរាគមន៍ចរាចរណ៍ផ្លូវគោកដើម្បីបញ្ចៀសបញ្ហានៅកន្លែងកកស្ទះខ្លាំងដោយត្រូវចេញចល័តក្នុង ១ ថ្ងៃ ៣ លើក។
លោកថា៖ «ការបង្កើតគឺបង្កើតហើយប៉ុន្ដែបើអ្នកប្រើប្រាស់លើទ្រូងថ្នល់មិនគោរពច្បាប់មិនដឹងធ្វើម៉េចទេ។ វាសំខាន់គឺអ្នកដែលជិះឡានជិះម៉ូតូទាល់តែគោរពច្បាប់ចរាចរណ៍ បើនៅតែមិនគោរព ទោះបីដាក់ប៉ូលិស ១ ម៉ឺននាក់ទៀតក៏ទៅមិនរួចដែរ»។
លោកបន្ថែមថា៖ «សំខាន់ណាស់ត្រូវជួយប្រាប់ពលរដ្ឋ សិស្សានុសិស្ស មន្រ្ដីរាជការឲ្យគោរពច្បាប់។ ការបត់ ការមិនគោរពភ្លើងស្តុប ការវ៉ាជែង កុំល្មើសច្បាប់ទៅវាស្រួលហើយ»។
ទន្ទឹមនឹងនេះ លោកស្នងការក៏បានលើកឡើងដែរថា អ្នកលក់ដូរតាមចិញ្ចើមថ្នល់ ក៏ជាមូលហេតុមួយ នាំឲ្យស្ទះចរាចរណ៍ផងដែ។
លោកថា៖ «យើងមិនចង់ទៅរើទៅអីគាត់ទេ ប៉ុន្ដែអប់រំណែនាំពួកគាត់កុំឲ្យដាក់លក់លើចិញ្ចើមថ្នល់អ៊ីចឹង។បើរបស់អស់លោកឆ្ងាញ់ល្អ ដាក់លក់តែក្នុងផ្ទះក៏គេទៅតាមទិញដែរ។ទុកចិញ្ចើមផ្លូវសារធាណៈនេះឲ្យអ្នកថ្មើរជើងដើរ ប៉ុន្ដែកន្លែងខ្លះមិនគោរពទេ។ អ៊ីចឹងធ្វើម៉េចត្រូវជួយចូលរួមគោរពច្បាប់សណ្ដាប់ធ្នាប់សាធារណៈ» ។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា (AIP) បានមើលឃើញថា មូលហេតុនៃការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញគឺបណ្ដាលមកពីបញ្ហាមួយចំនួនដូចជា កំណើនយានយន្ដ បញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបញ្ហាមនុស្សមិនគោរពច្បាប់ចរាចរណ៍ជាដើម។
លោកបានថ្លែងថា៖ «ឥរិយាបថនៃការមិនគោរពច្បាប់របស់ពលរដ្ឋយើងក៏ជាបញ្ហាដែរ។ដូចជា ពេលពួកគាត់ចតរថយន្ដតាមភោជនីយដ្ឋានគឺពួកគាត់យកចិញ្ចើមថ្នល់ទៅប្រើប្រាស់ខ្លួនឯងនិងឥរិយាបថមួយចំនួនទៀតដូចជា មិនគោរពសញ្ញាភ្លើងស្ដុប និងការជិះបញ្ច្រាសទិសជាដើម»។«រដ្ឋាភិបាលគួរអប់រំពលរដ្ឋយើងឲ្យងាកមកប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈវិញ ដើម្បីបញ្ចៀសបញ្ហាកកស្ទះចរាចរណ៍នេះ» ។
លោកស្រី លឹម សុខជា ទីប្រឹក្សាជាន់ខ្ពស់អង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកឡើងថា ការបង្កើតក្រុមអន្ដរាគមន៍នេះ គឺជាកត្ដាល្អហើយ ប៉ុន្ដែសមត្ថកិច្ចគួរមានការរឹតបន្ដឹងច្បាប់បន្ថែមដើម្បីឈានទៅប្ដូរឥរិយាបថរបស់ពលរដ្ឋ។
លោកស្រីបន្ដថា៖ «ការបង្កើតក្រុមអន្ដរាគមន៍នេះគឺប្រសើរហើយ តែយើងចង់ដឹងថា តើគាត់អនុវត្ដមានប្រសិទ្ធភាពកម្រិតណា។ អាហ្នឹងចាំយើងមើលលទ្ធផលបន្ដទៀត។បើធ្វើសកម្មភាពនេះបានជោគជ័យមែនបណ្ដាខេត្ដផ្សេងទៀតគួរតែសិក្សាយកគំរូតាម»។
ប៉ុន្តែចំពោះបញ្ហាកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ លោកស្រី សុខជា បានយល់ថា បណ្ដាលមកពីការធ្លាក់ចុះនូវសីលធម៌ និងសុជីវធម៌នៃការបើកបររបស់ពលរដ្ឋ៕