
សមត្ថកិច្ចបង្កើតគណៈកម្មការស៊ើបអង្កេតរឿងបាត់លុយកឋិនចំនួន ២២ លានរៀល ក្នុងវត្តម៉ែបាន ស្ថិតក្នុងភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល។ រូបថត ហ្វេសប៊ុក
កណ្តាលៈ អាជ្ញាធរស្រុកខ្សាច់កណ្តាលបានសម្រេចបង្កើតគណៈកម្មការមួយដែលមានសមាជិក ១៨ រូប ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតរកជនសង្ស័យ ដែលបានលួចយកលុយកឋិន ២២ លានរៀលនៅវត្តម៉ែបាន ស្ថិតក្នុងភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល។
អភិបាលស្រុកខ្សាច់កណ្តាលលោក ប៊ុន ផេង បានឱ្យដឹងថា ការបង្កើតគណៈកម្មការថ្មីនេះ គឺដើម្បីបើកការស្រាវជ្រាវស៊ើបអង្កេតរកមុខចោរយកមកចាត់វិធានការតាមផ្លូវច្បាប់ និងរៀបចំផ្ទៃក្នុងនៅវត្តម៉ែបានឱ្យបានល្អប្រសើរឡើងវិញ។
យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលស្រុកខ្សាច់កណ្ដាលកាលពីថ្ងៃទី ២១ ខែធ្នូ បានឱ្យដឹងថា សមាសភាពក្នុងគណៈកម្មការថ្មីនេះមានលោក ប៊ុន ផេង អភិបាលស្រុកជាប្រធាន ព្រះឃោសធម្ម លន់ សុគន្ធា ជាអនុប្រធាន ព្រមទាំងមានសមាជិកជាច្រើនរូបទៀត ដែលមកពីការិយាល័យសង្គមកិច្ច នគរបាលស្រុក អាវុត្ថហត្ថស្រុក មន្ត្រីធម្មការ និងសាសនាស្រុក រួមទាំងមេភូមិ មេប៉ុស្តិ៍ផងដែរ។
លោក ប៊ុន ផេង ប្រាប់ថា មកដល់រសៀលថ្ងៃទី ២៤ ខែធ្នូ សមត្ថកិច្ចនៅមិនទាន់បានរកឃើញជនសង្ស័យនៅឡើយ ខណៈសមត្ថកិច្ចកំពុងខិតខំស្រាវជ្រាវស្វែងរកជនសង្ស័យ។
លោក ផេង ថ្លែងថា៖ «រឿងនេះឥឡូវសមត្ថកិច្ចកំពុងស៊ើបអង្កេត ហេតុនេះខ្ញុំមិនអាចអធិប្បាយបានទេពេលនេះ»។
អធិការស្រុកខ្សាច់កណ្តាលលោក ម៉ែន សុខឃឿន បានឱ្យដឹងថា ក្នុងវត្តម៉ែបានបាត់លុយអស់រយៈពេលប្រមាណជា ៣ ឆ្នាំមកហើយ ដែលសម្រាប់ឆ្នាំនេះបាត់អស់ ២២ លានរៀល និង ៤៦០ ដុល្លារសហរដ្ឋអាមេរិក។
លោក សុខឃឿន ថ្លែងថា៖ «រឿងបាត់លុយហ្នឹងតាមទទួលព័ត៌មានមកឮថាបាត់រាល់ឆ្នាំ ឱ្យតែធ្វើកឋិនហើយ បាត់ ធ្វើកឋិនហើយបាត់ក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយហ្នឹង តែឆ្នាំមុនៗយើងមិនដឹងបាត់អស់ប៉ុន្មានទេ ដឹងតែឆ្នាំថ្មីហ្នឹងទេ»។
ស្រដៀងគ្នានោះដែរ កាលពីថ្ងៃទី ២២ ខែធ្នូ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យលួចលុយ ១២ លានរៀល នៅវត្តមុន្នីហែមវ័ន្តប៉ោយចារ ស្ថិតនៅភូមិប៉ោយចារ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ៕