កណ្តាលៈ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលប្រឆាំងសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកម្លាំងនគរបាលមូលដ្ឋានកាលពីម្សិលមិញបានចុះបង្ក្រាបទីតាំងស្តុកបារីក្លែងក្លាយ ១ កន្លែង ស្ថិតនៅ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រកឃើញបារី ESSE ក្លែងក្លាយសរុបមានចំនួន ៣៥ តោន។
លោក ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ថ្លែងប្រាប់ភ្នំពេញបុស្ដិ៍ម្សិលមិញថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងយោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនខ្មែរ ធីបថប អ៊ីមិច។
លោក ថ្លែងបន្ដថា៖«ឥឡូវយើងកំពុងបិទឃ្លុំបេសិន សរុបបារីទាំងអស់មាន ៣៥តោន ដោយឡែក មានសម្ភារផលិតបារី ESSE ប្រមាណ ១២ តោនទៀត»។
លោក ឡុង ស្រេង អះអាងថាម្ចាស់ផលិត និង ស្ដុបបារីក្លែងក្លាយនេះ គឺជាជនជាតិចិន មកដល់ល្ងាចថ្ងៃអង្គារនេះ នគរបាលបានឃាត់ខ្លួនជនជាតិចិនចំនួន ២ នាក់ ចាត់ការទៅតាម នីតិវិធីច្បាប់ ហើយរឹបអូសបារីក្លែងក្លាយប្រមាណជាង ៣៥ តោនផងដែរ។
លោកឡុង ស្រេង បានបន្តទៀតថា រោងចក្រផលិតបារីនេះ បានផលិតបារីម៉ាក ESSE ម៉ាក MALBORROW និងបារីចិន ជាច្រើនម៉ាកទៀត ដោយបានយកទៅលក់ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក៕