ព្រះវិហារ: សមត្ថកិច្ច​បង្ក្រាប​ទីតាំង​កែច្នៃ​ឈើ​ខុសច្បាប់​ ២ ​ទីតាំង​ស្ថិតនៅ​ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ និង​រឹបអូស​ឈើ​ធ្នង់ និង​ឈើ​ចម្រុះ​ប្រភេទ​ជាច្រើន​ដុំ ប៉ុន្តែ​ជនល្មើស​ដែល​ជា​ម្ចាស់​ទីតាំង​បាន​គេចខ្លួន​មុនពេល​សមត្ថកិច្ច​ទៅដល់​។

លោក ពឺង ទ្រីដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាន​សហការ​ជាមួយ​មន្ត្រី​កងរាជ​អាវុធហត្ថ​ស្រុក​ជាំក្សាន្ដ បាននិង​កំពុង​ធ្វើការ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដែល​បាន​លួច​បើក​អាជីវកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​ទាំង​ ២ ​ទីតាំង​នោះ​។

ការបង្ក្រាប​នេះ​ធ្វើ​បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន ប៉ុន្ដែ​ភ្លាមៗ​នោះ​ជនសង្ស័យ​ដែលជា​ម្ចាស់​អាជីវកម្ម​បាន​រត់​គេច​ខ្លួន​។ ចំណែក​វត្ថុតាង​ឈើ និង​សម្ភារ​បម្រើឱ្យ​អាជីវកម្ម​កែច្នៃ​ឈើ​ទាំងអស់​ត្រូវ​បាន​សមត្ថកិច្ច​ប្រមូល​យកមក​រក្សាទុក​នៅ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ជាំក្សាន្ដ ដើម្បី​បន្ត​​នីតិវិធី​ច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ចំពោះ​ចំនួន​ឈើ​ទាំងអស់ ខ្ញុំ​មិនទាន់​បានដឹង​ពី​ទំហំ ឬ​ចំនួន​ម៉ែត្រគុប​ទេ ព្រោះ​មន្ត្រី​ជំនាញ​យើង​កំពុង​ធ្វើការ​វាស់វែង ហើយ​ឈើ​ភាគច្រើន​ជា​ប្រភេទ​ឈើ​ធ្នង់ និង​ឈើ​លាយ​ម្រុះ​។ (​នៅ​ថ្ងៃទី​ ២៣ ​វិច្ឆិកា​) ​ខ្ញុំ​មិនទាន់​បាន​ទទួល​របាយ​ការណ៍​អ្វី​បន្ថែមទៀត​ពី​មន្ត្រី​ជំនាញ​យើង​ទេ​»​។

លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ​ពី​ម្សិលមិញ​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់បន្ថែម​ជុំវិញ​ករណីនេះ​បានទេ ដោយ​លោក​បាន​បិទ​ទូរស័ព្ទ​។

លោក​បន្តថា នៅពេល​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ដល់​ទីតាំង​សិប្បកម្ម​ទាំង​ ២ ​នោះ​ជនល្មើស​ដែល​ជា​ជនជាតិ​វៀតណាម​បាន​រត់គេចខ្លួន​អស់​ដោយ​បន្សល់ទុក​វត្ថុតាង​សម្ភារ​កែច្នៃ​ឈើ និង​ឈើ​ប្រណីត​ជាច្រើន​កំណាត់​។ លោក ពេជ្រ សុភី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ជាំក្សាន្ត​ពី​ម្សិលមិញ​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណីនេះ​បានទេ​។

លោក ហ៊ុយ សុផុន នាយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្រអែម​បាន​បញ្ជាក់ថា​ពិតជា​មាន​ការបង្ក្រាប​ទីតាំង​ឈើ​នោះ​មែន​៕