តាកែវ៖ មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានអះអាងកាលពីអាទិត្យថា មានទីតាំងលួចលាក់ដាំដំណាំកញ្ឆាខុសច្បាប់ ចំនួន ៦ កន្លែង ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត តាកែវ ចុះបង្ក្រាបដោយកាប់និងដុតបំផ្លាញចោលនូវដើមកញ្ឆាសរុបជាង ៤ ០០០ ដើមនៅនឹងកន្លែង។
លោក វង់ សុខជា នាយការិយាល័យស្ដីទីប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត តាកែវ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ប្រតិបត្តិការនេះបានធ្វើឡើងក្នុងរយៈពេល ២ ថ្ងៃជាប់គ្នាដោយចាប់ផ្ដើមពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២០ ដោយមានការសហការពីនគរបាលមូលដ្ឋានឃុំព្រៃអំពកនិងឃុំព្រះបាទជាន់ជុំស្រុកគិរីវង់។
លោកបានបញ្ជាក់ថា៖ «លទ្ធផលក្នុងប្រតិបត្តិការរយៈពេល ២ ថ្ងៃនេះ សមត្ថកិច្ចយើងបានរកឃើញហើយកាប់ និងដុតបំផ្លាញចោលនៅនឹងកន្លែងនូវដំណាំកញ្ឆា សរុបចំនួន ៤ ២៨៥ ដើម ព្រមទាំងរុះរើបំផ្លាញចោលអាងស្ដុកទឹកធ្វើពីកៅស៊ូតង់ចំនួន ៨ ដែលក្រុមទុច្ចរិតបានលួចសាងសង់ និង ដាំដុះនៅលើទីតាំង ៦ កន្លែង លើផ្ទៃដីសរុបចំនួន ២ ១០៧ ម៉ែត្រការ៉េ ក្នុងភូមិសាស្ត្រនៃឃុំទាំង ២ ខាងលើនេះ»។
បើតាម លោក សុខជា ប្រតិបត្តិការនៅថ្ងៃដំបូង (១៧ មេសា) សមត្ថកិច្ចបានចុះស្រាវជ្រាវនៅទីតាំងចាស់ ក្នុងឃុំព្រះ បាទជាន់ជុំ ដោយរកឃើញកញ្ឆា ៥៣៥ ដើម និងដកយកមកដុតកម្ទេចចោលនៅនឹងកន្លែងព្រមទាំងរុះរើកម្ទេចចោលអាងស្ដុកទឹកធ្វើពីតង់កៅស៊ូចំនួន ១ ដែលក្រុមជនមិនស្គាល់មុខ បានសាងសង់ និងដាំដុះដោយខុសច្បាប់លើផ្ទៃដី ១៣២ ម៉ែត្រការ៉េ នៅតំបន់ ថ្មសង្ក្រាន្ត ក្បែរជើងភ្នំ ព្រះបាទជាន់ជុំ។
លុះថ្ងៃបន្ទាប់ (១៨ មេសា) សមត្ថកិច្ចបានបន្តចុះស្រាវជ្រាវក្នុងភូមិសាស្ត្រឃុំព្រៃ អំពក ដោយបានរកឃើញដំណាំកញ្ឆា ចំនួន ៣ ៧៥០ ដើម ដែលគេលួចដាំនៅលើទីតាំងចំនួន ៥ កន្លែងក្នុងតំបន់ដុបមហាឥសី ហើយបានកាប់និងដុតបំផ្លាញចោល នៅនឹងកន្លែងព្រមទាំងរុះរើបំផ្លាញចោលអាងស្តុកទឹកធ្វើពីតង់កៅស៊ូចំនួន ៧។
យោងតាមរបាយការណ៍របស់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលភ្នំពេញ ប៉ុស្តិ៍ទទួលបានកាលពីថ្ងៃអាទិត្យឲ្យដឹងថា ចាប់ពីដើមខែ មករា ឆ្នាំ ២០២០ មកទល់នឹងថ្ងៃទី ១៨ ខែមេសា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២០ នាក់ពាក់ព័ន្ធ ករណីជួញដូររក្សាទុក និងដាំកញ្ឆាហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
យ៉ាងណាក្ដី លោក សុខជា បានបញ្ជាក់ថា៖ «បើទោះជាសមត្ថកិច្ចយើងចុះស្រាវជ្រាវ និង បង្ក្រាបជាប្រចាំនិងឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសនេះបញ្ជូនទៅតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ជាបន្តបន្ទាប់ក៏ដោយ ក៏ករណីលួចដាំដំណាំកញ្ឆានេះនៅតែបន្តមានក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ និង ឃុំព្រៃអំពក នៃស្រុកគិរីវង់ នេះដដែល ព្រោះភូមិសាស្ត្រឃុំទាំង ២ នេះ ស្ថិតនៅជាប់មាត់បឹង និង កូនភ្នំតូចៗជាច្រើនហើយជាប់តំបន់ព្រំដែន កម្ពុជា-វៀតណាម»។
លោក ញ៉ាង សង់ នាយនគរបាលប៉ុស្តិ៍ ឃុំព្រៃអំពក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពលរដ្ឋក្នុងឃុំ ព្រៃអំពក មិននិយមធ្វើស្រែចម្ការនោះទេ ពួកគេនិយមធ្វើរបរនេសាទប្រមាញ់ និងដាំដំណាំកញ្ឆាដែលជាមុខរបរបន្សល់ពីបុព្វបុរសរបស់ពួកគេជាច្រើនជំនាន់មកហើយ។
លោកបានបន្តថា នៅក្នុងទសវត្សរិ៍ឆ្នាំ ១៩៨០ ដល់ ១៩៩០ ប្រជាជនក្នុងឃុំនេះភាគច្រើនបានដាំដំណាំកញ្ឆា ដើម្បីដោះដូរស្រូវអង្ករ និង សម្ភារប្រើប្រាស់ផ្សេងៗ។ ប៉ុន្តែ ក្រោយពេលរាជរដ្ឋាភិបាលដាក់បញ្ចូលដំណាំកញ្ឆាជាប្រភេទរុក្ខជាតិញៀន និង បានហាមដាំនោះ មានអ្នកភូមិមួយចំនួនបានធ្វើចំណាកស្រុកទៅធ្វើជាកម្មករសំណង់ និងធ្វើជាកម្មករតាមរោងចក្រ នៅបណ្ដាខេត្តក្រុងនានា ប៉ុន្តែ មានខ្លះនៅបន្តលួចដាំកញ្ឆាក្នុងព្រៃជាប់ជើងភ្នំ និង តាមមាត់បឹងដែលនៅឆ្ងាយពីភូមិរបស់ពួកគេដើម្បីលាក់បាំងពីសមត្ថកិច្ច។
លោកសង់ បានបញ្ជាក់ថា៖ «បើយើងគ្រាន់តែពិនិត្យនៅតាមចម្ការរបស់ពួកគាត់ដែលស្ថិតនៅក្នុងភូមិគឺយើងមិនអាចរកឃើញដំណាំកញ្ឆាទាំងនោះទេ ព្រោះពួកគាត់មិនដាំលាយឡំជាមួយដំណាំហូបផ្លែដូចមុនទៀតឡើយ។ដូច្នេះហើយទើបរាល់ការរកឃើញទីតាំងលួចដាំដំណាំកញ្ឆានេះសមត្ថកិច្ចយើងកម្របានជួបនិងចាប់ខ្លួនជនប្រព្រឹត្តបទល្មើសបានណាស់»៕