
ឧបករណ៍ផលិតអាល់កុល និងជែលក្លែងក្លាយដែលសមត្ថកិច្ចបង្ក្រាប។ រូប ក្រសួងពាណិជ្ជកម្ម
ភ្នំពេញៈ អាល់កុលក្លែងក្លាយ និងជែលរួមទាំងសម្ភារផ្សេងៗដែលប្រើសម្រាប់ផលិតអាល់កុលក្លែងក្លាយមិនមានលិខិតអនុញ្ញាតចំនួន ៣ តោន ត្រូវបានសមត្ថកិច្ចបង្ក្រាបបានជាថ្មីពីឱសថស្ថាននានាក្នុងរាជធានីភ្នំពេញ ខណៈម្ចាស់ទីតាំងចែកចាយអាល់កុលក្លែងក្លាយធំៗ ៣ កន្លែង ត្រូវបានមន្ត្រីកោះហៅឱ្យចូលបំភ្លឺ។
តាមទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្មបានផ្សាយថា អាល់កុល និងជែលរួមទាំងសម្ភារដែលគ្មានលិខិតអនុញ្ញាតទាំងនេះ ត្រូវបានបង្ក្រាបក្នុងពេលយុទ្ធនាការត្រួតពិនិត្យគុណភាពអាល់កុល អង្កេតតម្លៃម៉ាស់ និងស្វែងរកឧបករណ៍សម្រាប់ធ្វើតេស្ដកូវីដ១៩កាលពីថ្ងៃទី ៦ ខែមេសានៅតាមបណ្ដាឱសថស្ថានមួយចំនួននៅក្នុងរាជធានីភ្នំពេញ។
ហ្វេសប៊ុកដដែលបន្តថា អាល់កុល ជែល និងសម្ភារទាំងនោះត្រូវបានរឹបអូស ហើយត្រូវអនុវត្តតាមនីតិវិធីបន្ត ខណៈក្រុមអាជីវករមួយចំនួនត្រូវបានណែនាំកុំឱ្យឆ្លៀតឱកាសលក់ម៉ាស់ និងអាល់កុលថ្លៃហួសហេតុពេក។
មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសហការជាមួយមន្ត្រីតុលាការ និងកម្លាំងសមត្ថកិច្ចបានចាប់ផ្ដើមធ្វើយុទ្ធនាការបង្ក្រាប អាល់កុលក្លែងក្លាយកាលពីថ្ងៃទី ២៦ ខែមីនា ហើយគិតត្រឹមថ្ងៃទី ៣ ខែមេសា មានអាល់កុលក្លែងក្លាយដែលផ្សំឡើងពីសារធាតុមេតាណុលខ្ពស់ជាង ៦ ម៉ឺន (៦៤ ១៧៨) លីត្រត្រូវបានបង្ក្រាប។
បើតាមហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម អាល់កុលទាំងនោះគឺបង្ក្រាបបានភាគច្រើនបំផុតនៅរាជធានីភ្នំពេញ ខណៈមួយចំនួនទៀតបង្ក្រាបបាននៅខេត្តកណ្ដាល ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តស្វាយរៀង។
ទាក់ទិននឹងផលប៉ះពាល់វិញ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីប្រកាសថា អាល់កុលក្លែងក្លាយដែលមានសារធាតុមេតាណុលខ្ពស់ និងកំពុងចរាចរលក់នៅទូទាំងប្រទេសក្នុងអំឡុងពេលមានផ្ទុះជំងឺកូវីដ១៩នោះគឺអាចជ្រាបចូលស្បែក និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ជាពិសេសគឺប៉ះពាល់ដល់លទ្ធភាពនៃការមើលឃើញរបស់ភ្នែក។
ជាមួយគ្នានេះក្រសួងបានអំពាវនាវដល់ពលរដ្ឋដែលទៅទិញអាល់កុលមកប្រើ គួរជ្រើសរើសប្រភេទដែលមានស្លាកសញ្ញាមានបញ្ជាក់ពីប្រភព អាសយដ្ឋានអ្នកចែកចាយ ឬដាក់លក់ និងកម្រិតអាល់កុលគិតជាភាគរយនៃអេទីលអាល់កុលជាដើម ដោយក្រសួងបានអះអាងថា អាល់កុលប្រើសម្រាប់លាងដៃបង្ការការឆ្លងមេរោគ គឺជាប្រភេទអេទីលអាល់កុល។
លោក ហេង មាលី ប្រធានសាខា ក.ប.ប រាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញដែរថា ពុំមានម្ចាស់ផ្ទះ ឬម្ចាស់កន្លែងណាមួយដែលបានលួចបើកទីតាំងសម្រាប់ផលិតអាល់កុលក្លែងក្លាយ និងលក់ចែកចាយទាំងជនជាតិខ្មែរ និងជនជាតិបរទេសត្រូវចាប់ខ្លួនឡើយ ខណៈនៅមុនពេលប្រតិបត្តិការបង្ក្រាបគឺពួកគេតែងដឹងខ្លួន និងរត់គេចជាមុន។
លោកថា៖ «នៅពេលយើងចុះបង្ក្រាបម្ចាស់អាល់កុលទាំងនោះបានរត់គេចខ្លួនបាត់អស់ហើយ ហើយមិនបានចូលខ្លួនមកដោះស្រាយទេ។ អ៊ីចឹង!បានខាងអគ្គនាយកដ្ឋាន ក.ប.ប បានធ្វើសេចក្ដីជូនដំណឹងយកទៅបិទនៅឃ្លាំង និងផ្ទះដែលមានការចែកចាយអាល់កុលក្លែងក្លាយហ្នឹងឱ្យគាត់ចូលខ្លួនមកដោះស្រាយដើម្បីយើងស្វែងរកហេតុផល តើហេតុអីគាត់យកមកចែកចាយ យកមកពីណា ឬនាំចូលតាមណា និងឆ្លងកាត់កន្លែងណាមក»។
លោក មាលី បន្តថាមកទល់ពេលនេះមានម្ចាស់ផ្ទះ និងម្ចាស់ឃ្លាំងចំនួន ៣ ទីតាំងហើយត្រូវបាន ក.ប.ប ធ្វើលិខិតកោះហៅឱ្យចូលបំភ្លឺក្នុងនោះមានដូចជា ឃ្លាំងស្ដុកទំនិញស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅផ្ទះនៅបុរីពិភពថ្មីកំបូល ៣ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល និងផ្ទះ ១ កន្លែងទៀត ស្ថិតនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកបានបញ្ជាក់ថា ចំពោះអាល់កុល ជែល និងរបស់មួយចំនួនទៀតដែលរឹបអូសបាននឹងត្រូវសុំការអនុញ្ញាតពីតុលាការដើម្បីដុតបំផ្លាញចោលនាពេលខាងមុខ៕