កំពង់ចាមៈ ទី​តាំង​ទិញ​លក់​សត្វ​ព្រៃ​ដ៏​ល្បី​មួយ​នៅ​តាម​ផ្លូវ​លេខ ​៦ ក្នុង​ស្រុក​បា​ធាយ​ ខេត្ត​កំពង់​ចាម ត្រូវ​បាន​សមត្ថ​កិច្ច​ខេត្ដ​ចុះ​បង្រ្កាប​ កាល​ពីថ្ងៃ​ទី ​២៩ ​សីហា​ ដោយ​រឹប​អូស​បាន​សត្វ​ព្រៃ ​៣​ ប្រភេទ​ និង ​បាន​នាំខ្លួ​ន​មេ​ខ្លោង​ទៅ​ណែនាំ​ឲ្យ​បញ្ឈប់​ការ​លក់​ដូរ​ត​ទៅ​ទៀត​។ នេះ​បើ​តាម​លោក​កែវ នា​ឫទ្ធិ​ អភិ​បាល​រង​ខេត្ត​កំពង់​ចាម ​ប្រាប់ ​ភ្នំពេញ ​បុស្ដិ៍ ​​នៅ​ថ្ងៃ​ទី​ ៣០ ​សីហា​នេះ​។

លោក កែវ​នាឫទ្ធិ ​បាន​ថ្លែងថា៖ «យើង​បាន​នាំខ្លួន​បុរស​ម្នាក់​ឈ្មោះ ជួប ជិន អាយុ ៣៨ ឆ្នាំ​ដែល​បាន​​តាំង​​​លក់​សត្វ​ព្រៃ​ខុស​ច្បាប់​មកឱ្យ​​ធ្វើ​កិច្ច​សន្យា​ និង​ អប់​រំរួច​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ព្រោះ​ពួក​គាត់​សុទ្ធ​តែ​អ្នក​ក្រី​ក្ររក​ស៊ី​គ្រាន់​តែ​ចិញ្ចឹម​ជីវិត​»។​

លោក បាន​ឲ្យ​ដឹង​ថា ​ក្នុង​យុទ្ធ​នា​ការ​បង្រ្កាប​នេះ​សមត្ថកិច្ច​ បាន​រឹប​អូស​​សត្វព្រៃ​មួយ​ចំនួន ​​រួម​មាន ​ពស់​សង់​សឿ​៥​ក្បាល, ​ពស់​វែកក្រ​បី​២​ក្បាល​ និង​ពស់​វែក​ស្រងែ​១ក្បាល​ សត្វ​សម្បក​ត្រពាំង​៥​ក្បាល ​និង​សត្វ​ខ្វែក ​១១ ​ក្បាល​ផង​ដែរ​។

បើ​តាម​លោក​អ​ភិបាល​រង មាន​សត្វ​ពស់​៧​ក្បាល​នៅរស់​ ហើយ​បាន​ប្រគល់​ឲ្យខា​ង​អង្គ​ការ​អ​ភិរក្ស​សត្វ​ព្រៃ​ រីឯ​សត្វ​ព្រៃ​ជា​​ប្រ​ភេទ​​សត្វ​សម្បក​ត្រ​ពាំង​និង​សត្វ​ខ្វែក​ងាប់​សរុប​មាន ​១៦ ​ក្បាល​គឺយក​​ដុត​កម្ទេច​ចោល​។​

លោក​បាន​បញ្ជាក់​ថា​ ទី​តាំង​ជួញ​ដូរនិង​តាំង​លក់​សត្វ​ព្រៃ​នេះគេ​ប្រើ​រូបភាព​ដាក់​លក់​បន្លំ​ជា​មួយ​សត្វ​ក្នុង​ស្រុក​ដូច​ជា​សត្វ​ទា​ ក្រួច ជាដើម​ ដោយ​បានប្រព្រឹត្ដ​​ច្រើន​ឆ្នាំ​មក​ហើយ​។

លោក​ថា អ្នក​ប្រ​ព្រឹត្ត​មុខ​ដដែលៗបើ​ទោះ​ជា​​សមត្ថ​កិច្ច​ធ្លាប់​បាន​បង្ក្រាប​និង​អប់រំ ច្រើន​លើក​ក៏​ដោយ៕