ភ្នំពេញៈ សំណាក​សត្វព្រៃ​ជាច្រើន​ប្រភេទ​ក្នុង​នោះ​មាន​សំណាក​សត្វព្រៃ​ប្រភេទ​កម្រ និង​ជិត​ផុត​ពូជ​ត្រូវ​បាន​ក្រុម​អន្ដរាគមន៍​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត​នៃ​រដ្ឋបាល​ព្រៃឈើ​ចាប់​រឹបអូស​ពី​ទី​តាំងហាង​កែច្នៃ​ចម្លាក់​មួយ​កន្លែង នៅក្នុង​សង្កាត់​ច្បារអំពៅ ២ កាលពី​រសៀល​ម្សិលមិញ​បើ​ទោះបី​ជា​មាន​ការ​បញ្ជាក់​ថា​ទីតាំង​នេះ​គ្រាន់តែ​ជា​អ្នក​ស៊ីឈ្នួល​កែច្នៃ​ឆ្លាក់​សំណាក​សត្វព្រៃ​ទាំងនេះ​របស់​អតិថិជន​ក៏ដោយ​។

មន្ត្រី​កងរាជ​អាវុធហត្ថ​ដែល​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ដោយ​មាន​កិច្ចសហការ​សម្រប​សម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​ ១២ ខែ វិច្ឆិកា ក្រុម​អន្ដរាគមន៍​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត​នៃ​រដ្ឋបាល​ព្រៃឈើ ​រួម​ជាមួយ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ហាង​ចម្លាក់​មួយ​ឈ្មោះ «​ចឹក ម៉េង លក់ និង​ឆ្លាក់​វត្ថុ​ស័ក្ដិសិទ្ធិ​» ស្ថិត​នៅ​ភូមិ​ដើមចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ និង​បាន​រកឃើញ​សំណាក​សត្វព្រៃ​ជាច្រើន​ប្រភេទ​ដែល​រួមមាន​សំណាក​ភ្លុកដំរី សំណាក​ចែដំរី​កែច្នៃ ខ្នាយ​ជ្រូកព្រៃ ធ្មេញ​ និង​ក្រចក​ខ្លាឃុំ ចុង​ស្នែងប្រើស ជើង​ឈ្លូសក្រៀម នុបប្រើស ស្នែងកេះ និង​សម្ភារ​ផ្សេងៗ​មួយ​ចំនួន​ទៀត​។

ប្រភព​ដដែល​បន្ត​ថា​ម្ចាស់​ទីតាំង​ខាង​លើ​នោះ​ឈ្មោះ ម៉ុក ទិព្វរាសី ភេទ​ស្រី អាយុ​ ២២ ​ឆ្នាំ​មាន​លំនៅ​ផ្ទះ​លេខ ១៦៦ ផ្លូវ​លេខ ៣៦៩ ភូមិ-សង្កាត់​ខាងលើ​នេះ​។

ប្រភព​បាន​បន្ថែម​ថា​៖ «​ការដកហូត​នូវ​សំណាក​សត្វព្រៃ​ទាំង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ម្ចាស់​ទីតាំង​ចម្លាក់​ខាង​លើ​នេះ​ពុំ​មាន​លិខិត​អនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​ស្ដីពី​ការធ្វើ​សន្និធិ​សំណាក​សត្វព្រៃ​នោះ​ឡើយ​»​។

ជុំវិញ​ករណី​នេះ​បុរស​ជា​ជាង​ចម្លាក់​នៅក្នុង​ហាង​ចម្លាក់​ខាង​លើ​ដែល​ប្រាប់​ថា ឈ្មោះ ម៉េង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ហាង​ចម្លាក់​របស់​គាត់​មាន​ប័ណ្ណ​ប៉ាតង់​ចេញពី​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ហើយ​ថា​សំណាក​សត្វ​ទាំង​នោះ​គឺជា​របស់​អតិថិជន​ដែល​គេ​យក​មក​ជួល​ឲ្យ​គាត់​ឆ្លាក់ និង​កែច្នៃ​ជា​រូបភាព​ផ្សេងៗ មិនមែន​ជា​កម្មសិទ្ធិរ​បស់​គាត់​នោះ​ទេ​។

លោក​ ម៉េង បាន​បញ្ជាក់​ថា​៖ «​យើង​គ្រាន់​តែ​ជា​ជាង​ចម្លាក់ ហើយ​បើកហាង​ឆ្លាក់​ដើម្បី​ទទួល​បាន​កម្រៃ​តិចតួច​សម្រាប់​ចិញ្ចឹមជីវិត​ប៉ុណ្ណោះ មិនមែន​ជា​អ្នក​រកស៊ី​ជួញដូរ ឬ​ប្រមាញ់​សត្វព្រៃ​នោះ​ទេ​»​។

លោក ម៉េង បាន​ថ្លែង​បន្ត​ថា​សំណាក​ដែល​បាន​ឆ្លាក់​ជា​រូប​ព្រះ [​ព្រះពុទ្ធ​] រួច​ទៅ​ហើយ​មាន​ចំនួន​ ៣០ ​រូប​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​រឹបអូស​យក​ទៅ​ដែរ ដែល​ធ្វើ​ឲ្យ​គ្រួសារ​គាត់​ត្រូវ​បង់​សំណង​ទៅ​អតិថិជន​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​សំណាក​ទាំង​នោះ​។

ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​លោក​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​ម្ចាស់​សំណាក​សត្វព្រៃ​ទាំង​នោះ​បាន​មកពី​ណា​? ហើយ​គេ​នឹង​ត្រូវ​ទាមទារ​ឲ្យ​លោក​បង់​សំណង​ដល់​ពួកគេ​ប៉ុនណា​នោះ​ដែរ​។

លោក​បាន​បន្ថែម​ថា​៖ «​នៅ​ពេល​នេះ​ពួកយើង​មិន​ដឹង​ជា​ត្រូវ​ដោះស្រាយ​ប្រាប់​អតិថិជន​បែប​ណា​នោះ​ទេ បើ​អាជ្ញាធរ​ប្រមូល​ចាប់​យក​ទៅ​អស់​បែប​នេះ ហើយ​ពួកយើង​ក៏​មិន​ដឹង​ថា​តើ​អាជ្ញាធរ​នឹង​ចាត់​វិធានការ​បន្ត​បែប​ណា​ទៀត​មក​លើ​ពួកយើង​នោះ​ដែរ​»​។

លោក ស្រី វុឌ្ឍី អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ពេល​នេះ​ក្រុមមន្ត្រី​ជំនាញ​កំពុង​ចំណាត់​ការបន្ត​លើ​ករណី​នេះ​ទៅ​តាម​នីតិវិធី​ច្បាប់​។

លោក​បាន​បញ្ជាក់​ថា​៖ «​ការសន្និធិ​សត្វព្រៃ​ ឬ​សំណាក​សត្វព្រៃ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​គឺជា​អំពើ​ខុសច្បាប់​។ ចំពោះ​ករណី​នេះ​ខ្ញុំ​នៅ​ពុំទាន់​ទទួល​បាន​របាយការណ៍​លម្អិត​ពី​ក្រុម​មន្ត្រី​ជំនាញ​នៅ​ឡើយ​ទេ ព្រោះ​នៅពេល​នេះ​ក្រុមមន្ត្រី​ជំនាញ​កំពុង​ចាត់ការ​បន្ត​តាម​នីតិវិធី​»៕