ភ្នំពេញៈ មេខ្លោង​ក្នុង​អំពើ​ប្លន់​ និង​ចាប់ជំរិត​គ្រួសារ​មួយ​ក្នុង​បុរី​អង្គរភ្នំពេញ កាលពី​ព្រឹ​ថ្ងៃទី​ ១ ខែមីនា ឆ្នាំ​ ២០២១ គឺជា​អតីត​អ្នកបើកបរ​រថយន្ត​ឱ្យ​គ្រួសារ​ជនរងគ្រោះ​។ នេះ​បើ​យោងតាម​របាយការណ៍​ព័ត៌មាន​របស់​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួលបាន​កាលពី​ថ្ងៃទី​ ២ ខែ មីនា ឆ្នាំ ២០២១​។

របាយការណ៍​បាន​សរសេរ​ថា អ្នកផ្ដើម​គំនិត​ក្នុង​អំពើ​ប្លន់ និងចាប់ជំរិត​នោះ​ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ អាយុ​ ២១ ​ឆ្នាំ ធ្លាប់​ធ្វើ​ជា​អ្នក​បើកឡាន​ឱ្យ​ម្ចាស់ផ្ទះ ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ម៉ៅ ហួរ អាយុ​ ៥៨ ​ឆ្នាំ​ ជា​អតីត​ប្រធាន​សាខា​អគ្គិសនី​កម្ពុជា ខេត្ត​កំពង់ចាម ដែល​បច្ចុប្បន្ន​ជា​ពាណិជ្ជករ​រកស៊ី​ដេញថ្លៃ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​តំបន់​មួយចំនួន​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និងបណ្ដា​ខេត្ត​មួយចំនួន​។ ជនសង្ស័យ​ក្រោយពី​ឈប់​ធ្វើការ​ជា​អ្នកបើកបរ​រថយន្ត​ឱ្យ​ក្រុមគ្រួសារ​លោក ហួរ មួយរយៈ​ក៏​បាន​វិលត្រឡប់​មកសុំ​ការងារ​ធ្វើ​ឡើងវិញ តែ​ត្រូវ​ក្រុម​គ្រួសារ​លោក ហួរ បដិសេធ ព្រោះ​ពួកគាត់​បាន​ទទួល​យក​អ្នកបើកបរ​ថ្មី​រួចទៅ​ហើយ​។

បន្ទាប់ពី​នោះមក​ជនសង្ស័យ​បាន​ប្រមូល​បក្ខពួក​ ៣ ​នាក់​ផ្សេងទៀត មក​ចូលរួម​រៀបចំ​គម្រោង​ការចាប់ជំរិត និង​ប្លន់​សម្លាប់​ផ្ដាច់​ពូជ​ក្រុមគ្រួសារ​របស់​លោក​ហួរ​ដែល​មាន​សមាជិក​សរុប​ ៨ ​នាក់ ប្ដី​ប្រពន្ធ និង​កូន​ ៦ ​នាក់ ព្រមទាំង​អ្នកបម្រើ​ការងារ​នៅក្នុង​គេហដ្ឋាន​ ២ ​នាក់​ទៀត សរុប​ទាំងអស់​ ១០ ​នាក់​។ ប៉ុន្តែ​គម្រោងការ​ពួកគេ​ត្រូវបាន​បែកធ្លាយ​ក៏​ត្រូវបាន​កងកម្លាំង​ពិសេស​នៃ​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់​វិធានការ​បង្ក្រាប​ដោយ​បាញ់​សម្លាប់​ទាំង​ ៤ ​នាក់​នៅនឹង​កន្លែង ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ចូល​ប្លន់ និង​ចាប់ជំរិត​ម្ចាស់ផ្ទះ​តាម​ផែនការ​របស់​ពួកគេ​មិនបាន​សម្រេច កាលពី​ព្រឹក​ថ្ងៃទី​ ១ ​មីនា ២០២១​។

គម្រោង​ពួកគេ​ជំរិត​ជនរងគ្រោះ​ឱ្យ​សរសេរ​សែក​ ១ ​លាន​ដុល្លារ ដើម្បី​គំរាម​បើក​លុយ​ចេញ​ពី​ធនាគារ ក្រោយពី​ដក​លុយ​បាន ពួកគេ​នឹង​សម្លាប់​មនុស្ស​ក្នុងផ្ទះ​ទាំង​ ១០ ​នាក់​នោះ ដើម្បី​យកលុយ និង​គ្រឿងអលង្ការ​ដែលមាន​នៅក្នុង​ផ្ទះ​ហើយ​ដឹក​សព​ទៅ​បោះចោល​នៅ​ពេជ្រនិល​។

លោក អ៊ុង សិរីគុត្ត ស្នងការ​នៃ​ស្នងការដ្ឋាន​បុគ្គលិក បញ្ជាការដ្ឋាន​អង្គរក្ស​កាលពី​ម្សិលមិញ​បាន​ចេញ​លិខិត​បដិសេធ ចំពោះ​ការផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ថា មេខ្លោង ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ធ្លាប់​បម្រើ​ការងារ​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​កាលពី​ឆ្នាំ ២០១៩ មាន​ឋានន្តរស័ក្តិ​ជា​វរសេនីយ៍ត្រី​។ ចំពោះ​បណ្ឌ​សម្គាល់​បញ្ជាការដ្ឋាន​អង្គរក្ស​ដែល​ជនល្មើស​បាន​ប្រើប្រាស់​នោះ គឺជា​បណ្ណ​ក្លែងក្លាយ​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​របស់​កងកម្លាំង​នៃ​អគ្គបញ្ជាការដ្ឋាន​អង្គរក្ស​៕