ភ្នំពេញ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានបញ្ជូនកូនប្រសាឧកញ៉ា ហេង សៀ ទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ នេះ បន្ទាប់ពីឃាត់ខ្លួនកាលយប់ថ្ងៃទី ១៥ ខណៈកូនស្រីនៅមិនទាន់បញ្ចូនទៅតុលាការនោះទេ។ នេះបើតាមលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃនេះ។
លោក សាន សុខសីហា បញ្ជាក់បន្ថែមថា៖ «កូនប្រសាប្រុស ត្រូវបានបញ្ជូនទៅតុលាការហើយនៅព្រឹកនេះ។ (ចំពោះករណីកូនស្រី លោក ហេង សៀ) គឺជាកិច្ចការរបស់មេធាវី និងតុលាការ»។
កាលពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនប្តីប្រពន្ធដែលត្រូវជាកូន និងកូនប្រសាលោក ហេង សៀ គឺមានឈ្មោះ ឃន ឈុនដារ៉ា ជាប្តី និងឈ្មោះ តាំង គីមហៀង ដែលអ្នកទាំងពីរ ត្រូវបានគេស្គាល់ថា ជាម្ចាស់ហាងកាហ្វេល្បីឈ្មោះ The KOI និង Tube Café រួមទាំងមានអាជីវកម្មមួយចំនួនផ្សេងទៀត។
ការឃាត់ខ្លួននេះ គឺមានពាក់ព័ន្ធនឹងការរកឃើញភ័ស្តុតាងថ្មីទៅនឹងការជួលមនុស្សប្រុសស្រីថតរូបអាសអាភាស ដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ដែលមានរឿងក្តីក្តាំងជាមួយនឹងលោក ហេង សៀ កាលពីថ្ងៃទី ៤ ខែឧសភា។
ភ្នំពេញ ប៉ុស្ដិ៍ មិនទាន់អាចសុំការអត្ថាធិប្បាយ លោក គុជ គឹមឡុង អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំការអត្ថាធិប្បាយ ជុំវិញព័ត៌មានខាងលើនេះបានទេ៕