សីហនុៈ​ នគរបាល​ខេត្ដ​ព្រះ​សីហនុ​នៅ​ថ្ងៃទី ​៨​ កញ្ញា​ នេះ បា​ន​​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ប្រ​មាណ​ ១២​ នាក់ ​ក្នុង​ចំណោម​ ១៧ ​នាក់​ ទៅសា​លាដំ​បូ​ងខេ​ត្ត​នេះ​ ក្រោយ​ពីបញ្ចប់​ការ​សាក​សួរករណី​លួច​កាត់​​ខ្សែ​ភ្លើង​សម្រាប់​ត​បណ្ដាញ​បំភ្លឺ​តាម​​​មហា​វិថី​​នៅ​ក្នុង​ខេត្ត​ និង​ករណី​ទទួល​ផល​ចោរ​កម្ម​។​

លោក​ ជួន ​ណារិន្ទ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅថ្ងៃទី​ ៨​ កញ្ញា នេះ ថា ​ក្រោយ​បញ្ចប់​ការ​សាក​សួរជន​សង្ស័យ​ទាំង ​១៧​ នាក់ ​សមត្ថ​កិច្ច​រកឃើញ​ថា មាន​ជន​សង្ស័យ​តែ​ប្រមាណ ១២​ នាក់​ប៉ុណ្ណោះ​ ដែល​ជាប់​ពាក់​ព័ន្ធ​។ ​ចំណែក​ស្រ្ដី​​ដែល​ទើប​តែ​មក​ប្រកប​របរទិញ​លក់​អេត​ចាយ​នៅ​ក្នុង​ខេត្ដ​-ក្រុង​ព្រះ​សីហនុ​ ​៥ នាក់​ រក​ឃើញ​ថា​ មិន​​ជាប់​ពាក់​ព័ន្ធ​ករណី​នេះ​ទេ​។

លោក​ស្នង​ការ​ថ្លែង​ថា​៖ «​ក្នុង​ចំណោម​ជន​ជន​សង្ស័យ​ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ទាំង​ជាង ​១០​ នាក់​នេះ​ មាន​ប្រុស​ៗ​ ២ នាក់​ ជា​អ្នក​លួច​កាត់​​ខ្សែ​ភ្លើង​ដែល​កប់​នៅ​តាម​មហា​វិថី​នានា​តែ​ម្ដង​។ ​ក្រៅ​ពីនេះ​មាន​អ្នករុញ​រទេះ​​ដើរទិញ​អេត​ចាយ​ និង​អ្នក​បើ​ក​​ឃ្លាំង​ទទួល​ទិញ​អេត​ចាយ​ ជាអ្នក​ទទួល​ទិញ​ផល​ចោរ​កម្ម​»។

លោក​បាន​បន្ថែម​ថា ជន​សង្ស័យ​ទាំង​ជាង​ ១០ ​នាក់​នេះ​ មាន​លំនៅ​បច្ចុប្បន្ន​ នៅ​​ក្នុង​ភូមិ​គគីរ ​ឃុំ​បិត​ត្រាំង​ ស្រុក​ព្រៃ​នប់។ ប៉ុន្ដែ​ពួក​គេ​ភាគ​ច្រើន​ជាជន​ចំណាក​ស្រុក​មក​ពីខេត្ដ​ផ្សេងៗ​។

លោក ​ឃាង ​ភារម្យ ​អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​ខេត្ដ ព្រះសី​ហនុ ​បញ្ជាក់​នៅថ្ងៃទី៨​ កញ្ញា នេះ​​ថា ខ្សែ​ភ្លើង​ដែល​ជន​សង្ស័យ​ខាង​លើ​លួច​កាត់​ គាស់នេះ គឺ​ជា​ប្រភេទ​សម្រាប់​ត​នៅ​តាម​មហាវិថី​នានា ដែល​ទើប​តែ​រៀបចំ​ឡើង​ ក្នុង​គម្រោង​ ស្ថាបនា​ផ្លូវ​ទាំង ៣៤ ខ្សែ​ក្នុង​ខេត្ដ ​ក្រុង​ ព្រះ​សីហនុ​។

លោក​ថ្លែង​ថា​៖ «បើ​បូក​សរុប​ខ្សែភ្លើង​ដែល​បាត់​​បង់​សរុប​ទាំង​អស់​មាន​ជាង ៥ ០០០ ម៉ែត្រ ក្នុង​នោះ​ជន​សង្ស័យ​បាន​លួច​កាត់​ម្ដង​ ៣០ ម៉ែត្រៗ ជាចន្លោះ​នៅ​តាម​មហាវិថីហើយ​យក​ទៅ​លក់​ឲ្យ​អ្នក​ទិញ​អេដចាយ។​ក្នុង​នោះ​​ខ្សែ​ភ្លើង​ដែល​ទាញ​យក​តែ​សាច់​ស្ពាន​នៃ​ផ្ទៃ​ខាង​ក្នុង​ខ្សែ​ទៅ​លក់​បាន​ក្នុង​ ១ គីឡូ​តម្លៃ ​១៩ ០០០ រៀល​។

យោង​តាម​របាយ​ការណ៍​របស់​ស្នង​ការ​ដ្ឋាន​គរ​បាល​ខេត្ដ​ព្រះ​សីហ​នុ​ជន​សង្ស័យ​ចំនួន​ ១៧​ នាក់​នោះ ​រួម​​មាន​ ៥ នា​ក់​ ឃាត់​ខ្លួ​ន​នៅ​ទី​តាំង​​ទិញ​​លក់​អេត​ចាយ​ ស្ថិត​នៅ​ភូមិ ​៥ ​សង្កាត់​ ៤ ​ក្រុង​ព្រះ​សីហនុ ​ខេត្ដ​ព្រះ​សីហនុ។​ រីឯ ១២ ​នាក់​ទៀត​ឃាត់​​​ខ្លួន​នៅទី​តាំង​ទិញ​ល​ក់​អេ​តចា​យ​មួ​យក​ន្លែ​ង​ទៀ​តស្ថិ​ត​​ក្នុង​ឃុំ​បិត​ត្រាំ​ង​​ ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហនុ​ ។​

ក្រៅ​ពីនេះ​​សមត្ថ​កិច្ច​ស្រាវជ្រាវ​រក​ឃើញ​សម្ភារ​វត្ថុ​តាង​ដោយ​ចាប់​យក​ស្ពាន់​ខ្សែ​ភ្លើង​ទម្ងន់ ​១៥ គី​ឡូ​ក្រាម​ម៉ាក ​THIPHA Cable 2020 CXV/DSTA 4×12-1x12mm2 ​ជា​​កម្ម​សិទ្ធិ​របស់​ក្រុម​ហ៊ុនឌុយ​វ៉ាល់​អេឡិច​ត្រិច​ដែល​ទទួ​លអ​នុ​វ​ត្ត

គ​ម្រោ​ងរៀប​ចំ​បណ្ដា​ញ​ខ្សែ​ភ្លើ​ង​នេះ​៕