ស្វាយរៀងៈ ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​ស្វាយរៀង​ពី​ម្សិលមិញ ក្រោយពី​ជននេះ​បាន​វាយ​បុរស​ម្នាក់​នឹង​ពូថៅ​ស្លាប់​កាលពី​ថ្ងៃទី​ ៧ មករា នៅ​ភូមិ-ឃុំ​ដូនសរ ស្រុក​ស្វាយជ្រំ​។

លោក​ គឹម ឡៃ ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ថ្លែងថា លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ឈ្មោះ​ ព្រំ ថុល ទៅ​សាលាដំបូង​ខេត្តហើយ ដើម្បី​ចាត់ការ​បន្តទៅ​តាមច្បាប់ ព្រោះ​ថា​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​។

លោក​ប្រាប់ថា​៖ «​ជនសង្ស័យ​ប្រាប់​សមត្ថកិច្ច​យើង​ថា គាត់​ពិតជា​បាន​វាយ​សម្លាប់​ជនរងគ្រោះ​មែន​»​។

ពាក់ព័ន្ធ​ករណីនេះ​ដែរ លោក​ ពិន អាន អធិការនគរបាល ស្រុក​ស្វាយជ្រំ ប្រាប់ថា ជនសង្ស័យ​ឈ្មោះ​ ព្រំ ថុល ភេទ​ប្រុស អាយុ​ ៥៧ ​ឆ្នាំ​ ដែល​វាយ​សម្លាប់​បុរស​រងគ្រោះ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​បន្តទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ហើយ​។ រីឯ​ជនរងគ្រោះ​ឈ្មោះ​ ឥន ស៊ីថា ភេទ​ប្រុស អាយុ​ ៥៥ ​ឆ្នាំ​។ ពួកគេ​រស់នៅ​ក្នុង​ភូមិ-ឃុំ កើតហេតុ​ខាងលើ ។

លោក​បញ្ជាក់ថា​៖ «​ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ព្រោះ​សាក្សី​ឃើញ​គាត់​វាយសម្លាប់​ជនរងគ្រោះ​»​។

លោក​ ទិត្យ សុធា នាយនគរបាល​ប៉ុស្តិ៍​ឃុំ​ដូនសរ​ប្រាប់​តាម​សម្តី​សាក្សី​ថា រវាង​ជនសង្ស័យ​ និង ជនរងគ្រោះ​ជា​បងប្អូន​ជីដូន​មួយ​នឹង​គ្នា ហើយ​ពួកគេ​ក៏​គ្មាន​ការងារ​អ្វី​ធ្វើ​ដែរ​ និង​ដើរ​តែ​ផឹកស្រា​រាល់ថ្ងៃ​។ មុនពេល​កើតហេតុ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​ ១២ ​ថ្ងៃត្រង់​ទី​ ៧ មករា ជនរងគ្រោះ​ និង​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ ១ ​គ្រឿង ​ឌុប​គ្នា​ទៅ​ផឹកស្រា​នៅ​ផ្ទះ​មិត្តភ័ក្តិ​របស់​ពួកគេ​ម្នាក់​នៅក្នុង​ភូមិ​ខាងលើ​។

លោក​បន្តថា ក្រោយពី​ពួកគេ​ផឹកស្រា ស អស់​កន្លះ​លីត្រ​មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​គេ​ឃើញ​ជនរងគ្រោះ​ដើរទៅ​ផ្ទះ​ជនសង្ស័យ​វិញ​តែម្នាក់ឯង ហើយ​គេ​ឃើញ​ជនល្មើស​ជិះ​ម៉ូតូ​មក​តាម​ក្រោយ​។ ពេល​នោះគេ​ឃើញ​ជនសង្ស័យ​ចត​ម៉ូតូ​ចោល​ហើយ​ជជែក​គ្នា​ជាមួយ​ជនរងគ្រោះ​មួយសន្ទុះ​ស្រាប់តែ​គេ​ឮ​សំឡេង​វាយ ហើយ​អ្នក​នៅក្បែរ​នោះបាន​ទៅ​មើល​។ គ្រា​នោះគេ​បានឃើញ​ជនសង្ស័យ​វាយ​សំពង​ជនរងគ្រោះ​នឹង​ពូថៅ​ជាច្រើន​ពូថៅ និង​មាន​ប្រឡាក់​ឈាម​ពេញ​ខ្លួន​ផង​។

មន្ត្រីនគរបាល​រូបនោះ​បន្ថែម​ថា ក្រោយពី​អ្នកភូមិ​ឃើញ​ជនរងគ្រោះ​ដេក​ស្តូកស្តឹង ប្រជាពលរដ្ឋ​ម្នាក់​បាន​រត់​ទៅប្រាប់​លោក​។ ដោយ​ទីតាំង​នគរបាល​ប៉ុស្តិ៍​នៅ​ចម្ងាយ​ប្រហែល​ ៣០០ ​ម៉ែត្រ​ពី​កន្លែង​កើតហេតុ​នោះ លោក​បាន​នាំ​មន្ត្រីនគរបាល​ចុះ​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ប៉ុន្តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។

លោក​ថា​នៅពេល​សមត្ថកិច្ច​ទៅ​ដល់​កន្លែងកើតហេតុ ជនសង្ស័យ​មិនបាន​រត់គេចខ្លួន​ទៅណា​ទេ ហើយ​លោក​ក៏បាន​ចាប់ខ្លួន​ជនសង្ស័យ​នាំទៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​ដូនសរ ដើម្បី​សាកសួរ​។ ជនសង្ស័យ​សារភាព​ថា​មូលហេតុ​ដែល​គាត់​វាយ​សម្លាប់​ជនរងគ្រោះ​ដោយសារ​ជនរងគ្រោះ​ទាស់​សម្តី​ជាមួយ​គាត់​ធ្វើ​ឲ្យ​គាត់​ខឹង​ និង​មិន​ព្រម​នៅ​ផឹកស្រា​ជាមួយ​ទើប​គាត់​ខឹង​ក៏​វាយ​សម្លាប់​ទៅ​។

លោក​ថ្លែងថា​៖ «​ជនសង្ស័យ​មិន​កាប់​ទេ​តែ​គេ​យក​ខ្នងពូថៅ​វាយ​។ ខ្ញុំ​បាន​ពិនិត្យ​ជនរងគ្រោះ​ឃើញ​មាន​ស្នាម​វាយ​ឡើង​ទក់​សាច់​ពី​ក្បាល និង​ដងខ្លួន ច្រើន​ពូថៅ​ពិបាក​រាប់​ចំនួន​ណាស់​»៕