The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ ៣ នាក់ទៅ​តុលាការ ​ករណី​ជួញដូរ​គ្រឿង​ញៀន




សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ ៣ នាក់ទៅ​តុលាការ ​ករណី​ជួញដូរ​គ្រឿង​ញៀន

Content image - Phnom Penh Post
សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ ៣ នាក់ទៅ​តុលាការ ​ករណី​ជួញដូរ​គ្រឿង​ញៀន កាល​ពី​ថ្ងៃទី ២៧ ខែ​ឧសភា​។ រូបថត មន្ទីរប្រឆាំងគ្រឿងញៀន

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ ៣ នាក់ទៅ​តុលាការ ​ករណី​ជួញដូរ​គ្រឿង​ញៀន

ភ្នំពេញ៖ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​បាន​បញ្ជូន​ជនសង្ស័យ ៣ នាក់ ទៅ​សាលា​ដំបូង​ខេត្ដ​កំពង់ស្ពឺ ក្រោយ​បង្ក្រាប​បាន​ករណី​ជួញដូរ​គ្រឿង​ញៀន និង​រឹប​អូស​បាន​គ្រឿង​ញៀន​ជិត ១ គីឡូក្រាម កាល​ពី​ថ្ងៃទី ២៧ ខែ​ឧសភា​នេះ។ នេះ​បើ​តាម​របាយការណ៍​នគរបាល​ប្រឆាំង​គ្រឿង​ញៀន។

បើ​តាម​នគរបាល​ប្រឆាំង​គ្រឿង​ញៀន មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន ដឹកនាំ​ដោយ​លោក សាន សុទ្ធី នាយក​រង និង​លោក​វរសេនីយ៍ឯក ជាវ វណ្ណា នាយ​ការិយាល័យ ចូលរួម​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ព្រម​ទាំង​មាន​ការ​សម្របសម្រួល​ពី​លោក ខៃ សុភ័ស្ត ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ បាន​ស្រាវជ្រាវ និង​ឈាន​ទៅ​បង្រ្កាប​ជួញដូរ​គ្រឿង​ញៀន​នៅ​ចំណុច​ស្ថានីយ​ប្រេង PTT បណ្តោយ​ផ្លូវ​ជាតិ​លេខ ៤ ស្ថិត​ក្នុង​ភូមិ​រលាំងសង្កែ ឃុំ​សុព័រទេព ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។

នគរបាល​ប្រឆាំង​គ្រឿង​ញៀន​បញ្ជាក់​នៅ​ថ្ងៃទី ២៨ ខែ​ឧសភា​ថា៖ «បច្ចុប្បន្ន​ជន​សង្ស័យ និង​វត្ថុតាង​ខាង​លើ បាន​កសាង​សំណុំ​រឿង បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​ តាម​នីតិវិធី»។

លោក សម សាមួន ស្នងការ​ខេត្ត​កំពង់ស្ពឺ​ថ្លែង​ថា ករណី​នេះ សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ដ​កំពង់ស្ពឺ​ គ្រាន់​តែ​បាន​សហការ​ចូលរួម​ប៉ុណ្ណោះ។

យើង​តាម​របាយការណ៍​របស់​នគរបាល​ប្រឆាំង​គ្រឿង​ញៀន ជន​សង្ស័យ​ជួញដូរ​គ្រឿង​ញៀន​ទាំង ៣ នាក់​រួម​មាន ១ ឈ្មោះ ភុំ បេន ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ​ខ្មែរ, ២ ឈ្មោះ ភុំ សំបូរ ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ​ខ្មែរ និង ៣ ឈ្មោះ អាន ចិត្រា ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ​ខ្មែរ។

ចំណែក​វត្ថុតាង​ចាប់​យក​បាន​រួមមាន ម្សៅ​ស​សង្ស័យ​មេតំហ្វេតាមីន (ICE) ចំនួន ១ កញ្ចប់​ធំ ស្មើ​ទម្ងន់ ៩៨៨,២៧ ក្រាម៕

អត្ថបទគួរចាប់អារម្មណ៍