ភ្នំពេញ: អាជ្ញាធរ​ខេត្តកំពង់ធំ​កាលពី​ថ្ងៃទី​ ២០ ខែមេសា បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ ៤ ​នាក់​ទៅ​សាលាដំបូង​ខេត្ត បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃ​ ១៩ មេសា ពាក់ព័ន្ធ​ករណី​យក​ត្រាក់ទ័រ​លួច​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ ១ ​កន្លែង​នៅ​ភូមិ​ខ្សាច់ជីរស់ ឃុំ​កំពង់គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។

លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​ទាំង​ ៤ ​នាក់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ធំ​រួចហើយ​កាល​ថ្ងៃទី​ ២០ មេសា​។

ប៉ុន្ដែ​លោក​មិនទាន់​បានដឹង​ពី​ការបន្ត​​នីតិវិធី​របស់​តុលាការ​នៅឡើយ​ទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​មន្ត្រី​ជំនាញ​យើង​បាន​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​តុលាការ​ហើយ​...​ជនសង្ស័យ​បាន​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ប្រមាណ​ជាង​ ១០ ​ហិកតា​នៅ​ទីតាំង​ខាងលើ​នេះ ​ព្រោះ​ទីតាំង​នេះ​ជា​កន្លែង​អភិរក្ស និង​ជា​តំបន់​ត្រី​ពង​នៅ​ខែវស្សា ហើយ​នាំគ្នា​ទៅ​ឈូសឆាយដី​ហ្នឹង​យក​ធ្វើ​ជា​កម្មសិទ្ធិ​គាត់​ អ៊ីចឹង​វា​ខុសច្បាប់​»​។

លោក ប៉ែន វណ្ណារិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិន​បានដឹង​ពី​ការបញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ទេ ប៉ុន្ដែ​លោក​ថា​កាលពី​ព្រឹក​ថ្ងៃទី​ ២០ ខែមេសា សមត្ថកិច្ច​បាន​សួរ​ជនសង្ស័យ​ទាំង ៤ ​នាក់​នោះ​។

លោក​សង្ស័យ​ថា ករណី​នេះ​អាច​នៅ​​មាន​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ដែល​សមត្ថកិច្ច​ត្រូវ​ឃាត់ខ្លួន​មក​ផ្តន្ទាទោស​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់​ទាន់​មាន​ព័ត៌មាន​អ្វី​ជម្រាបជូន​ទេ ព្រោះ​សមត្ថកិច្ច​ជំនាញ​កំពុង​ស៊ើបអង្កេត និង​ស្រាវជ្រាវ​នៅ​ទីតាំង​ដី​ដែល​គេ​លួច​ឈូសឆាយ​នោះ​ផ្ទាល់​»​។

លោក ស៊ិន វិរៈ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ដែរ​ថា លោក​មិនទាន់​បាន​ទទួល​សំណុំ​រឿងនេះ​នៅឡើយ​ទេ​។ ករណី​នេះ​ប្រហែលជា​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំ​រឿង​បញ្ជូនមក​តុលាការ​។ ​«​ឥឡូវ​ខ្ញុំ​អត់​ទាន់​ឃើញ​សំណុំ​រឿងនេះ​ទេ​»​។

កាល​ថ្ងៃទី​ ២០ ខែមេសា លោក អ៊ុន បុត្រ អភិបាលស្រុក​កំពង់ស្វាយ​បាន​ថ្លែងថា សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ធំ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ៤ ​នាក់​នោះ​ក្នុង​ពេល​ពួកគេ​កំពុង​យក​ត្រាក់ទ័រ​ ៤ ​គ្រឿង​ទៅ​ឈូសឆាយ​ដី​ព្រៃ​លិចទឹក​នៅ​ឃុំ​កំពង់គោ ស្រុក​កំពង់ស្វាយ​កាល​ថ្ងៃទី​ ១៩ ខែមេសា​។

លោក​បន្តថា សមត្ថកិច្ច​បាន​បញ្ជូន​ពួកគេ​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ប៉ុន្ដែ​លោក​មិន​បាន​ដឹង​ពី​នីតិវិធី​បន្ត​របស់​សមត្ថកិច្ច​ជំនាញ​ទេ​។ រីឯ​ប្រវត្តិ និង​ទំហំ​ដី​ដែល​គេ​ឈូសឆាយ​នោះ​ក៏​លោក​មិនទាន់​​ដឹង​ដែរ ប៉ុន្តែ​លោក​បាន​បញ្ជូន​មន្រី្ត​ជំនាញ​ស្រុក​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ជាក់ស្ដែង​ដើម្បី​រាយការណ៍​ជូន​ថ្នាក់លើ​។

លោក​ថា​៖ «​ខ្ញុំ​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ​ទីតាំង​នោះ​ផ្ទាល់​ហើយ ប៉ុន្ដែ​គាត់​មិនទាន់​រាយការណ៍​មក​ទេ ហើយ​ខ្ញុំ​ក៏​មិនទាន់​បានដឹង​ពី​ទំហំ​ដី ឬ​ប្រវត្តិ​ដី​នោះ​យ៉ាងណា​ដែរ​។ ខ្ញុំ​នៅ​រង់ចាំ​មន្ត្រី​របស់ខ្ញុំ​គាត់​រាយការណ៍​មក​ខ្ញុំ​សិន​»​។

លោក អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ​មិន​អាច​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បាន​ទេ ដោយសារ​ទូរស័ព្ទ​របស់លោក​គ្មាន​អ្នក​ទទួល​កាលពី​ម្សិលមិញ​។

ក៏ប៉ុន្តែ​តាម ​FreshNews ដែល​បាន​ដកស្រង់​របាយការណ៍​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​កាលពី​ថ្ងៃទី​ ២០ ខែមេសា​ឲ្យ​ដឹងថា តាម​ការបញ្ជា​ពី​លោក សុខ លូ អភិបាល​​ខេត្តកំពង់ធំ​ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​លោក ស៊ិន វិរៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ លោក អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​បាន​បញ្ជា​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ឲ្យ​ចុះបង្ក្រាប​ករណីនេះ​។

របាយការណ៍​បន្តថា អ្នកបើក​ត្រាក់ទ័រ​ ៤ ​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ រួមមាន ទី​ ១- ​ឈ្មោះ ហ៊ុន រស្មី ភេទ​ប្រុស អាយុ​ ២៦ ​ឆ្នាំ​នៅ​ភូមិ​ជ័យ ឃុំ​សានគរ ស្រុក​កំពង់ស្វាយ ទី​ ២- ​ឈ្មោះ វ៉ែន ថេង ភេទ​ប្រុស អាយុ​ ២៣ ​ឆ្នាំ នៅ​ភូមិ​ជ័យ ឃុំ​សានគរ ស្រុក​កំពង់ស្វាយ ទី​ ៣- ​ឈ្មោះ យ៉ុត ពន្លក ភេទ​ប្រុស អាយុ​ ២០ ​ឆ្នាំ​នៅ​ភូមិ​ជ័យ ឃុំ​សានគរ ស្រុក​កំពង់ស្វាយ និង​ទី​ ៤- ​ឈ្មោះ ហ៊ុន ហង្សស៊ឺ ភេទ​ប្រុស អាយុ​ ១៧ ​ឆ្នាំ​នៅ​ភូមិ​ជ័យ ឃុំ​សានគរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ រីឯ​សម្ភារ​ដែល​សមត្ថកិច្ច​បាន​ដកហូត​រួមមាន ត្រាក់ទ័រ​ ៤ ​គ្រឿង និង​ទូរស័ព្ទដៃ ៣ ​គ្រឿង​៕