កំពង់ស្ពឺៈ ក្រុម​ប្រើ​ដាវ​សាមូរ៉ៃ​ស្ទាក់​ប្លន់​អ្នកដំណើរ​តាមផ្លូវ​ចំនួន​ ៩ ​នាក់​​​ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ពី​ម្សិលមិញ ក្រោយពី​ចាប់ខ្លួន​បាន​ពី​ថ្ងៃ​ ១៣ មីនា នៅ​ភូមិ​បេង ឃុំ​ព្នាយ ស្រុក​សំរោងទង​។

លោក​ សម សាក់ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ប្រាប់​ពី​ម្សិលមិញ​ថា ក្រុម​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ចាប់បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​នៅ​ថ្ងៃទី​ ១៥ ​មីនា​ ហើយ បន្ទាប់ពី​បញ្ចប់​ការសាកសួរ​។ ក្នុង​ក្រុម​នេះ​គឺជា​មុខសញ្ញា​ដែល​ធ្លាប់ធ្វើ​សកម្មភាព​បទល្មើស​ជាច្រើន​ដង​ក្នុង​ខេត្តកំពង់ស្ពឺ​។ ប៉ុន្តែ​ពួកគេ​មិន​ព្រមឆ្លើយ​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ទេ​។

លោក​ថា​៖ «​យើង​បានបញ្ចប់​នីតិវិធី​សាកសួរ​ពួកគេ​ហើយ​។ ពួកគេ​នឹងត្រូវ​តុលាការ​សាកសួរ​បន្តទៀត​»​។

លោក​ឲ្យ​ដឹង​ទៀតថា ក្រុម​នេះ​រួមមាន​ ១- ​ឈ្មោះ​ ខុន រស្មី ភេទ​ប្រុស អាយុ​ ១៨ ​ឆ្នាំ ២- ​ឈ្មោះ​ ម៉ក់ ណាឃីម ភេទ​ប្រុស អាយុ​ ២៤ ​ឆ្នាំ ៣- ​ឈ្មោះ​ ខុម សុផុន ភេទ​ប្រុស អាយុ​ ១៨ ​ឆ្នាំ ៤- ​ឈ្មោះ​ ខា ម៉ានុត ភេទ​ប្រុស អាយុ​ ២០ ​ឆ្នាំ ៥- ​ឈ្មោះ​ ចក់ គឹមហួរ ភេទ​ប្រុស អាយុ​ ១៧ ​ឆ្នាំ ៦- ​ឈ្មោះ​ នឿម រតនា ហៅ​ ទិ អាយុ​ ១៩ ​ឆ្នាំ ៧- ​ឈ្មោះ​ ផល តារា ហៅ​ ឃ្លោក ភេទ​ប្រុស អាយុ​ ២៣ ​ឆ្នាំ​។ ជន​ទាំង​ ៧ ​នាក់​រស់នៅ​ភូមិ​បេង ឃុំ​ព្នាយ ស្រុក​សំរោងទង​។

រីឯ​ជន​ ២ ​នាក់​ទៀត​ឈ្មោះ​ ឡុង ពិសិដ្ឋ ហៅ​ករុណា ភេទ​ប្រុស អាយុ​ ២៣ ​ឆ្នាំ និង​ឈ្មោះ​ កែវ រិទ្ធីសាក់ ហៅ​សាក់​ភេទ​ប្រុស អាយុ​ ២១ ​ឆ្នាំ​។ ជន​ទាំង ២ ​នាក់​រស់នៅ​ភូមិ​អង្គរ​ជា ឃុំ​ព្នាយ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ​។ ក្នុងចំណោម​ជន​ទាំង​ ៩ ​នាក់ ៥ ​នាក់​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ដែល​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ស្ពឺ​ពិនិត្យ​ឃើញ​ក្នុង​ទឹមនោម​បន្ទាប់ពី​ចាប់ខ្លួន​។

លោក​បញ្ជាក់ថា បើ​តាម​ការប្រាប់​ពី​បុរសរងគ្រោះ​ឈ្មោះ​ សេង រដ្ឋា អាយុ​ ២៣ ​ឆ្នាំ​ គឺ​ពេល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ ១ ​គ្រឿង​ម៉ាក Beat ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1Q.7064 ចេញពី​ធ្វើ​ម្ហូប​ការ​នៅផ្ទះ​របស់​ឈ្មោះ​ ទៀ ស៊ុយហេង នៅ​ផ្សារស្ពឺ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​មនុស្ស​ជិះ​ម៉ូតូ​ដេញតាម​គាត់​ពីក្រោយ ហើយ​ក៏មាន​អ្នកខ្លះ​ជិះ​វ៉ា​ទៅ​ពី​មុខ​គាត់​ដែរ​។ ពេលនោះ​ជនរងគ្រោះ​បាន​ផ្តួល​ម៉ូតូ​ហើយ​រត់​ ប៉ុន្តែ​ត្រូវបាន​បក្ខពួក ក្រុម​ជនល្មើស​ដេញកាប់ តែ​កាប់​ជនរងគ្រោះ​មិនបាន​ក៏​ត្រឡប់មក កាប់​ម៉ូតូ​។ ព្រោះ​ខឹង​យក​មិន​បាន​ហើយ​នាំគ្នា​រត់គេច​ខ្លួន​បាត់អស់​។ បន្ទាប់មក​ជនរងគ្រោះ​រាយការណ៍​ប្រាប់​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​កំណត់​មុខសញ្ញា​តាម​ស្រាវជ្រាវ​រហូត​ចាប់បាន​។

លោក​ថ្លែងថា​៖ «​តាម​យើង​ស្រាវជ្រាវ និង​ពិនិត្យ​ភិនភាគ​វត្ថុតាង​ម៉ូតូ​ពណ៌​ស​ ១ ​គ្រឿង​ដែល​យើង​ដកហូត​បាន​នោះ​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​ច្រើនដង​ហើយ​តែ​ពួកគេ​មិន​ឆ្លើយ​សារភាព​ទេ​»​។

លោក​ឲ្យ​ដឹងថា ពាក់ព័ន្ធ​ការបង្ក្រាប​ក្រុម​ស្ទាក់​ប្លន់​អ្នកដំណើរ​តាមផ្លូវ​នេះ សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បង្ក្រាប​ក្នុង​ខែធ្នូ ឆ្នាំ​ ២០១៩ និង​ដើមខែ​មករា ឆ្នាំ​ ២០២០ គឺ​ក្រុមទី​ ១ ​ចាប់​បាន ​១២ ​នាក់ ក្រុមទី​ ២ ​ចាប់បាន​ ៦ ​នាក់ និង​ក្រុមទី​ ៣ ​បាន​ ៩ ​នាក់​ដែលជា​បក្ខពួក​តែមួយ​។

លោក​ ឃុត សុផល អធិការនគរបាល​ស្រុក​សំរោងទង​ឲ្យ​ដឹង​ដែរ​ថា កាលពី​វេលា​ម៉ោង​ ២ ​ទៀបភ្លឺ​ថ្ងៃទី​ ១៣ មីនា ក្រុម​ជនសង្ស័យ​ទាំង​ ៩ ​នាក់​ បាន​ស្ទាក់​ប្លន់​អ្នកដំណើរ​ម្នាក់​។ ប៉ុន្តែ​ក្រុម​នេះ​មិនបាន​បង្ក​របួស​ដល់​ជនរងគ្រោះ​ទេ​ដោយ​បុរស​ជនរងគ្រោះ​រត់​រួច​បាន​ស្រែក​បង្ក​ការភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​។ បន្ទាប់មក​ពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាមៗ​ស្រាវជ្រាវ​ចាប់បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​។ ចំពោះ​វត្ថុតាង​ប្រព្រឹត្ត​បទល្មើស​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន​ម៉ូតូ​ចំនួន​ ៤ ​គ្រឿង ដាវ​ចំនួន​ ២ ​ដើម និង​កាំបិតផ្គាក់​ចំនួន​ ៣៕