ភ្នំពេញ: នគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិពីម្សិលមិញបានបញ្ជូនបុរសជាជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី ៤ ខែឧសភា រឿងក្លែងខ្លួនជាមន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ទោទៅឆបោកអ្នកដទៃ និងធ្លាប់គំរាមសម្លាប់ពលរដ្ឋព្រមទាំងប្រើអាវុធខុសច្បាប់។
លោក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ពីម្សិលមិញថា សមត្ថកិច្ចជំនាញបានបញ្ជូនជនសង្ស័យឈ្មោះ សេង សុភ័ក្រត្រា អាយុ ៤៧ ឆ្នាំ ទៅសាលាដំបូងរាជធានីភ្នំពេញរួចរាល់ហើយនៅព្រឹកថ្ងៃ ៦ ឧសភា ដើម្បីឲ្យតុលាការបន្តតាមនីតិវិធីច្បាប់។
លោកបញ្ជាក់ថា៖ «មន្ត្រីជំនាញយើងបានសាកសួរចប់សព្វគ្រប់ អ៊ីចឹងគាត់បញ្ជូនទាំងសំណុំរឿង និងខ្លួនជនសង្ស័យទៅតុលាការហើយ។ គាត់ធ្លាប់បោកគេ គំរាមសម្លាប់គេ អ៊ីចឹងយើងត្រូវតែចាប់ខ្លួនគាត់»។
លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងកាលពីម្សិលមិញដែរថា លោកបានទទួលសំណុំរឿងនេះហើយ និងបានបញ្ជូនបន្តទៅតំណាងអយ្យការ។
លោកបញ្ជាក់ថា៖ «តំណាងអយ្យការក៏កំពុងបន្តសាកសួរជនសង្ស័យតាមនីតិវិធីដែរ ប៉ុន្ដែមិនទាន់ដឹងថា តុលាការសម្រេចបែបណាទេ ខ្ញុំនឹងជម្រាបជូននៅពេលក្រោយទៀត»។
លោក មុំ ចេក នាយការិយាល័យរដ្ឋបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឲ្យដឹងពីម្សិលមិញថា ការឃាត់ខ្លួននេះធ្វើឡើងតាមបទបញ្ជាលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្តិការដោយលោក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោកបន្តថា នគរបាលបានឃាត់ខ្លួនឈ្មោះ សេង សុភ័ក្រត្រានៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនសង្ស័យបានក្លែងខ្លួនជាមន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ ២) និងបានកុហកអ្នកដទៃថា ខ្លួនបម្រើការងារនៅក្រសួងមហាផ្ទៃ។
លោកបញ្ជាក់ថា៖ «ជនសង្ស័យរូបនេះបានធ្វើសកម្មភាពគំរាមកំហែងសម្លាប់អ្នកដទៃ គំរាមហែកកេរ្ដិ៍ ឆបោក និងប្រើប្រាស់អាវុធខុសច្បាប់ ព្រោះគាត់បានឆបោកពលរដ្ឋ (លាក់អត្តសញ្ញាណ) រឿងរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ តែរត់ការមិនបានសម្រេច ហើយក៏ចាយលុយអស់ទៅដល់ពេលជនរងគ្រោះទូរស័ព្ទទារលុយ គំរាមសម្លាប់គេវិញ»។
លោក មុំ ចេក បានបន្ថែមថាក្រោយពីសមត្ថកិច្ចសួរលម្អិត ជនសង្ស័យបានសារភាពថា ពិតជាបានប្រព្រឹត្តដូចការចោទនោះមែន។ កាលពីចុងឆ្នាំមុនជនសង្ស័យបានលួងលោមជនរងគ្រោះម្នាក់នៅភ្នំពេញដោយបានទាមទារយកប្រាក់ ១៥ ០០០ ដុល្លារ ដើម្បីរត់ការឲ្យកូនប្រុសជនរងគ្រោះបានចូលក្របខ័ណ្ឌនគរបាលជាតិ។
លោកថា ក្រោយពីទទួលបានលុយជនសង្ស័យយកទៅរត់ការមិនសម្រេច និងបានចាយលុយនោះអស់។ លុះជនរងគ្រោះទូរស័ព្ទទារលុយវិញជនសង្ស័យបែរជាផ្ញើសារគំរាមបាញ់សម្លាប់បើសិននៅតែទារលុយទៀត។ បន្ទាប់មក ជនរងគ្រោះបានប្ដឹងមកសមត្ថកិច្ច ទើបឈានដល់ការឃាត់ខ្លួនបាននៅថ្ងៃទី ៤ ខែឧសភាតែម្ដងក្នុងនោះមានទាំងអាវុធខ្លី ១ ដើម ម៉ាក Glock26 ដែលគ្មានលិខិតប្រើប្រាស់ផងដែរ៕