សៀមរាប: សមត្ថកិច្ច​​នគរបាល​ខេត្ត​សៀ​មរាបនៅថ្ងៃ​ព្រ​ហស្ប​តិ៍​​នេះ​​បាន​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ម្នាក់​ទៅ​សា​លា​ដំបូង​ខេត្តសៀមរា​ប បន្ទា​ប់ពី​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ទី ១៣ ខែឧ​ស​ភា ខណៈ​បុរស​រូបនេះ​ថាខ្លួន​ជា​អ្នក​សារ​ព័ត៌​មាន​និង​ជាម​ន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​សៀម​រាប​ហើយ​បាន​ជំរិត​ទារ​ប្រាក់​ពី​ម្ចាស់​អា​ជីវក​ម្ម​មួយ​នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប។

លោក ហួត សុធី ស្នងការរង​​នគរ​បាល​ខេត្ត​សៀម​រាប​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថាស​មត្ថកិច្ច​​ជំនាញ​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បញ្ជូន​ខ្លួននិង​សំណុំរឿង​ទៅ​សាលា​ដំបូង​ខេ​ត្ត​សៀ​មរាប​នៅ​រសៀល​ថ្ងៃទី​ ១៤ ខែឧស​ភា នេះ​​​រួចរាល់​ហើយ ប៉ុន្ដែ​លោក​មិន​ទាន់​ដឹង​ពី​នីតិ​វិធី​របស់​តុលា​ការ​នៅឡើយ។

លោក​បន្តថានៅ​ថ្ងៃទី​ ១៣ ខែឧ​សភា ​កម្លាំង​ការិយាល័យ​សន្តិ​សុខ​ផ្ទៃក្នុង​របស់លោកបាន​សហការ​ជា​មួយម​ន្ត្រី​ប៉ុ​ស្តិ៍​នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្វាយ​ដង្គំក្រុង​សៀម​រាប បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស៊ីម ឈុន​លៀង ហៅ​តា​លៀ​ងអាយុ ៥៦ ​ឆ្នាំ​ មាន​មុខរ​បរជា​អ្នក​សារព័ត៌​មាន ​(មិនចាំ​ឈ្មោះ​អង្គភាព) រស់នៅ​ភូមិ​វាលសង្កាត់​គោកចកក្រុង​សៀមរាប ពីបទ​ក្លែ​ងបន្លំ និង​កំហែង​យក​ប្រាក់។

លោក​បញ្ជាក់ថា៖ «យើង​បាន​បញ្ជូន​គាត់​ទៅ​តុលាការ​រួចរាល់​ហើយ តែ​តុលា​ការ​សម្រេច​យ៉ាងណា ខ្ញុំ​អត់​ដឹង​ទេ។ ការ​ឃា​ត់​ខ្លួន​នេះ ក្រោយពី​យើង​បានទ​ទួល​ពា​ក្យបណ្តឹង​ពី​តំណាង​មន្ទីរ​បរិស្ថាន​ខេត្ត​សៀម​រាប និង​ម្ចាស់​អាជីវកម្ម​១កន្លែង និង​ក្រោម​ការ​ស៊ើបអ​ង្កេត​ពី​លោក​ កើត វណ្ណា​រ៉េត ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​ខេត្តសៀ​មរាប​ និង​មានការ​បញ្ជា​ផ្ទាល់​ពី​ឯកឧ​ត្តម​ស្នង​ការ»។

លោក​បាន​បន្ថែម​ថា ជន​ម្នាក់នេះ​បានធ្វើ​សកម្មភាព​ហៅទូរស័ព្ទ​ទៅ​ម្ចាស់​អាជីវកម្ម ១ កន្លែង នៅ​ស្រុក​ក្រ​ឡា​ញ់ ដោយ​ប្រាប់​គេ​ថា ខ្លួន​ជាម​ន្ត្រី​បរិស្ថាន​ខេត្ត និង​ជា​អ្នក​សារ​ព័ត៌​មាន ដោយមាន​បញ្ជា​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ឲ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​លុយ​ខ្លះ បើ​មិន​អ៊ីចឹង​ទេ ខ្លួន​នឹង​ឲ្យ​ក្រុម​ការ​ងារ​ចុះ​ត្រួត​ពិ​និត្យ​អាជី​វកម្ម។ ភ្លាមៗនោះ ម្ចាស់​អាជីវកម្ម​បាន​ប្ដឹង​​មក​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​តាមច្បាប់។

លោក​ថា ក្នុង​អំឡុង​ពេល​សា​កសួរ​ជនសង្ស័យ​រូប​នោះ​បាន​ឆ្លើយ​សារ​ភាពថា​ខ្លួន​ពិតជា​បានធ្វើ​ស​ក​ម្ម​ភាព​បែបនេះ​មែន។

លោក យិន ស្រាង អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្តសៀមរាប​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិន​ទាន់​បានទទួល​សំណុំ​រឿ​ង​នេះ​​ទេ ដោយ​សារ​ម្សិល​មិញជា​ថ្ងៃ​ឈប់​សម្រាក​។

លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌​មាន​ខេត្ត​សៀម​រាប​បាន​ថ្លែង​នៅ​ថ្ងៃ​ព្រ​ហស្ប​តិ៍​​នេះ​ដែ​រថា ​លោក​មិនសូវ​ស្គាល់បុរស​ដែល​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​នេះ ទេ ហើយក៏​មិន​មាន​អង្គភាព​ពិតប្រាកដ​ដែរ។ លោក​បាន​ទទួល​របាយ​ការណ៍​សមត្ថ​កិច្ច​ខ្លះ​ ដោ​យ​​ជនសង្ស័យ​បាន​សារភា​ពថា​ខ្លួន​បម្រើ​ការងារ​នៅ​អង្គភាព​«ថ្មី​ពិត» ប៉ុន្ដែ​មិន​ទាន់​ដឹង​ថា គាត់​ជា​អ្នក​សារ​​ព័ត៌​មាន ឬ​​ជា​និ​ពន្ធ​នាយក​ទេ។

លោក​បន្តថា ជនសង្ស័យ​រូប​នេះ ធ្លាប់​ទូរ​ស័ព្ទ​ទៅ​គំរាម​ម្ចាស់​អាជីវ​កម្ម​មួយចំនួន​នៅ​ខេត្ត​សៀម​រាប​ជា​ច្រើ​ន​លើ​ក​​រួចហើយ ប៉ុន្ដែ​មិន​មាន​អ្នក​ហ៊ាន​ចេញ​មុខ​ប្ដឹង។ ម្យ៉ាង​ទៀ​ត លោក​ក៏​គ្មាន​ភ័ស្តុ​តាង​គ្រ​ប់គ្រាន់​សម្រាប់​ដាក់ពាក្យ​ប្ដឹង​ដែរ ប៉ុន្ដែ​ករណី​ចុង​ក្រោយ​នេះ​ប្រហែល​ជា​ម្ចាស់​អាជី​វកម្ម​នោះ​មាន​ភ័ស្ដុ​តាង​ត្រឹម​ត្រូវ ទើប​បាន​ជា​ហ៊ាន​ប្ដឹង​បុគ្គល​រូបនេះ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​អត់​មាន​មតិ​អ្វី​ទេ ​គ្រាន់​តែ​ចង់​ឲ្យ​សមត្ថ​កិច្ច ​និង​តុលា​ការ​ធ្វើការ​ងារ​រប​ស់​ពួក​គាត់​តាម​និតិ​វិធី​ច្បាប់ បើ​​ពិនិត្យ​ឃើញ​ទោស​កំហុ​ស​គាត់​បែបណា​ដាក់​ទោស​តាមបែ​ប​ហ្នឹង​ទៅ ​ព្រោះ​បើ​គាត់​ធ្វើ​សមត្ថ​ភាព​បែប​នេះ គឺ​ខូច​ឈ្មោះ​​អ្នក​សារ​ព័ត៌​មាន​គេ​អ្នក​ល្អ​ៗ​អស់​ហើយ​»៕