ព្រះសីហនុ: បុរស​ជា​ជន​សង្ស័យ​ម្នាក់ត្រូវបាន​មន្ត្រី​អធិកា​រដ្ឋាន​នគរ​បាល​ស្រុក​ស្ទឹងហាវប​ញ្ជូ​ន​ខ្លួន​ទៅ​ស្នងកា​រដ្ឋាន​ន​គរ​បា​ល​​ខេត្ត​ព្រះសី​ហ​នុ​ ដើម្បី​សាក​សួរ​តាម​​នី​តិវី​ធី​ច្បាប់ ​បន្ទាប់ពី​សមត្ថ​កិច្ច​ឃាត់​ខ្លួន​នៅ​ថ្ងៃទី ២៦​ ខែមករា ​ពាក់​ព័ន្ធ​ដឹក​នាំ​ពលរដ្ឋ​រំលោភ​យក​ដីធ្លី​របស់រ​ដ្ឋ​ នៅ​ភូមិ ១ ឃុំ​ទំនប់រ​លក ស្រុក​ស្ទឹងហាវ ខេត្ត​​ព្រះសីហ​នុ។​

​លោក ​រស់ កី អធិការ​ន​គរបាល​​ស្រុក​ស្ទឹង​ហាវ​បាន​ឱ្យដឹងកាល​​ពី​ថ្ងៃទី ២៦​ មករា​ថា ជន​សង្ស័យ​មានឈ្មោះ​ អឿន​ ម៉ាប់ អាយុ ៤​១ ឆ្នាំ ​មុខរបរ​ជាង​ម៉ាស៊ីន​ត្រជាក់​ មាន​ស្រុក​កំណើ​ត​ភូមិ​ខ្ទុំ​កណ្ដាល ឃុំ​ជីគរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។ បច្ចុប្បន្ន​ស្នាក់នៅ​ឃុំ​ស្មាច់​ដែង ស្រុ​ក​​ព្រៃន​ប់ ត្រូវបាន​ចោទប្រកាន់​ពីបទ​ «ញុះញុង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ពាក់ព័ន្ធករណីដឹកនាំ​ពលរដ្ឋ​រំលោភ​យក​អចល​នទ្រព្យ​របស់​រដ្ឋ។

លោក​បន្តថា​ កម្លាំង​នគ​របាល​ស្រុក​ស្ទឹងហាវ​នៅ​​ព្រឹក​ថ្ងៃទី ២៦ ខែម​ក​រា បា​ន​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ រួច​បញ្ជូនមក​ការិ​យា​ល័យ​ជំនាញ​ចាត់​ការបន្ត។ លុះដ​ល់ល្ងាច​ថ្ងៃទី ២៦​ ខែ​ម​ករា មន្ត្រី​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​​ស្នងការដ្ឋាន​នគរ​បា​ល​​ខេត្ត​ព្រះ​សីហនុ ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់។​

លោក​បញ្ជាក់​ថា៖ «​ជន​ស​ង្ស័យ​​បាន​នាំ​ប្រជា​ពល​រដ្ឋ​មួយក្រុម​មក​ចាប់ដី​របស់​រដ្ឋ​នៅ​ចំណុច​ដី​សម្បទាន​សង្គម​កិ​ច្ច​​ក្នុង​ភូមិ ១ ឃុំ​ទំនប់រលក កាលពី​អំឡុង​ឆ្នាំ ២០២០ ហើយ​អាជ្ញាធរ​បាន​ចុះទៅ​អប់រំ ណែនាំ និង​ហាមឃាត់​ពី​សកម្មភាព​ហ្នឹង ប៉ុ​ន្ដែ​​ជនសង្ស័យ ​បង្គាប់ញុះញង់​ឱ្យ​ពលរដ្ឋ​នាំគ្នា​តវ៉ាបិទផ្លូវ គឺ​ពួកគាត់​មករារ​រាំង​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​ជំនាញ។ ដូច្នេះ​យើ​ង​​បាន​ស៊ើបអង្កេត​ច្បាស់លាស់ ទើប​ឈានដល់​ការឃាត់ខ្លួន​តែម្ដង»។

បើតាម​លោក រស់ កី ក្រោយពី​ការចាប់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន រថយន្ត ១ គ្រឿង​ម៉ាក Landrover ស៊េរី​ ២០០៥ ពណ៌​ខ្មៅ មាន​ស្លាក​លេខ ភ្នំពេញ 2W-2723 និង​ទូរ​សព្ទ័ ១ គ្រឿង។ ទាំង​វត្ថុតាង និង​សំណុំរឿង​ទាំងអស់ត្រូវ​បា​ន​​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តដើម្បី​ចាត់ចែង​តាម​នីតិវិធី​ច្បាប់។

លោក បូ ណាំ នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​ឃុំ​ទំនប់រលក​បាន​ប្រាប់ពីថ្ងៃទី ២៦ មករា នេះ​ថា សមត្ថកិច្ច​លោក​បាន​ចូលរួម​សហការ​ជា​មួ​យ​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងហាវ​ដែរ ប៉ុន្ដែ​របាយការណ៍និង​ការរៀបចំ​កំណត់ហេតុ​នានា ត្រូវបាន​ប្រគ​ល់​ជូន​មន្ត្រី​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជា​អ្នកចាត់ចែង។

លោក​បន្តថា ជន​សង្ស័យ​ឈ្មោះ អឿន ម៉ាប់ ធ្លាប់បាន​ដឹកនាំ​ពលរដ្ឋ​មួយក្រុម​ដើរ​រំលោភ​យក​ដីព្រៃ​របស់រ​ដ្ឋ និង​ដី​ដែលជា​ក​ម្ម​សិទ្ធិ​របស់​ព​ល​រដ្ឋ​ផ្សេងទៀត​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន ប៉ុន្ដែ​ត្រូវបាន​អាជ្ញាធរ​ចុះ​ដោះស្រាយ​ជា​បន្ត​បន្ទាប់​។ ចំពោះ​ករណី​ចុង​ក្រោ​យ​​នេះ ​ជនសង្ស័យ​បាន​ដឹកនាំ​ពលរដ្ឋ​មករារ​រាំង​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ និង​នាំគ្នា​ធ្វើបាតុកម្ម​តវ៉ា​ផងដែរ។

លោក បូ ណាំ បញ្ជាក់​ថា៖ ​«មុនពេ​ល​ចាប់ខ្លួន​នេះ យើង​បាន​ស៊ើបអង្កេ​ត​ច្បា​ស់​លាស់​អស់ហើ​យ​ ​និយា​យ​​រួម​ចាប់​ជន​ល្មើ​ស​ម្នា​ក់ៗ មិន​មែន​យើង​ចេះចាប់ៗទេ គឺ​ស្រាវជ្រា​វ​​ឱ្យ​ច្បាស់លា​ស់​សិន។ កន្លង​ម​ក ស​មត្ថ​កិ​ច្ច​ធ្លាប់បាន​កោះ​ហៅ​គាត់​មក​សា​ក​សួរ​​ដែរ ប៉ុន្ដែ​គាត់​មិន​ព្រម​ចូល​បំភ្លឺ​ទេ គឺ​គាត់​គេចវេះ​រហូត ​គាត់​មិន​ព្រម​សហកា​រ​ជាមួយ​អាជ្ញា​ធរ​ទេ អ៊ីចឹង​យើង​ក៏​ស្នើសុំ​បទ​ប​ញ្ជា​ពី​ថ្នាក់​លើ ដើម្បី​​ចាត់វិ​ធា​នកា​រ​តាមផ្លូ​វ​ច្បាប់»។

លោក ជួន ណា​រិន្ទ ស្ន​ងការ​នគរ​បាល​ខេត្ត​ព្រះសីហ​នុ​ ​ពីថ្ងៃទី ២​៦ ម​ករានេះ ​មិន​អាច​ទាក់ទ​ង​សុំ​ការ​បញ្ជាក់​ជុំវិញ​ការ​បញ្ជូន​ខ្លួន​ជន​សង្ស័​យ​ម្នាក់នេះ​មក​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ខេត្ត​ព្រះសីហនុ​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​មិនមា​ន​អ្នកទ​ទួ​ល៕