តាកែវៈ សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​ដ្ឋាន​នគរបាល ខេត្ត តាកែវ បាន​កសាង​សំណុំ​រឿង​បញ្ជូន​បុរស​ចំណាស់​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត តាកែវ ពី​ម្សិលមិញ បន្ទាប់​ពី​ចាប់​ខ្លួន​ពី​ថ្ងៃទី ២៤ កុម្ភៈ នៅ​ភូមិជ្រោយ ឃុំ ព្រះ​បាទ​ជាន់​ជុំ ស្រុក គិរីវង់ ខេត្ត តាកែវ ពាក់ព័ន្ធ​នឹង​ករណី​លួចដាំ​កញ្ឆា​ជាច្រើន​ដើម។

លោក ម៉ាក់ សេរីវឌ្ឍនា ប្រធាន​ការិយា​ល័យ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​ឲ្យ​ដឹង កាល​ពី​ថ្ងៃ​អង្គារ​ថា ជន​សង្ស័យ​ដែល​លួច​ដាំ​ដើម​កញ្ឆា​នោះ មាន​ឈ្មោះ វ៉ាន់ លីម អាយុ ៦៤ ឆ្នាំ រស់​នៅ​ភូមិ-ឃុំ កើត​ហេតុ​ខាង​លើ។ សមត្ថកិច្ច​របស់​លោក​ត្រូវ​បញ្ជូន​គាត់​ទៅ​សាលា​ដំបូង​ខេត្ត តាកែវ នៅ​ថ្ងៃ​ទី ២៦ កុម្ភៈ បន្ទាប់ពី​បញ្ចប់​ការ​សាកសួរ​និង​កសាង​សំណុំ​រឿង​តាម​នីតិវិធី​ច្បាប់​ដោយ​មិន​ឃុំ​ខ្លួន​គាត់​លើស​ពី ៤៨ ម៉ោង​ទេ។ ជន​សង្ស័យ​បាន​លួច​ដាំ​ដើម​កញ្ឆា​នៅ​ក្នុង​ចម្ការ​ពោត​របស់​គាត់ ពោល គឺ​គាត់​ដាំដើម​កញ្ឆា​នៅ​ចន្លោះ​គុម្ពពោត​លើ​ផ្ទៃដី​ប្រហែល​ជា ៥០០ ទៅ ៦០០ ម៉ែត្រ​ការ៉េ ប៉ុន្តែ​សមត្ថកិច្ច​ទៅ​កាប់​ដើម​កញ្ឆា​នោះ​អស់​ហើយ។

លោក សេរីវឌ្ឍនា បាន​បន្ត​ថា ជន​សង្ស័យ​បាន​លួច​ដាំ​ដើម​កញ្ឆា​ជាមួយ​នឹង​ដំណាំ​របស់​ខ្លួន​ដោយ​គិត​ថា សមត្ថកិច្ច​មិន​អាច​ដឹង​បាន។ ប៉ុន្តែ​តាម​រយៈ​ជំនាញ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​បង្ក្រាប​នៅ​ថ្ងៃ​ទី​ ២៤ ខែ កុម្ភៈ ឆ្នាំ ២០២០។ តាម​ពិត​ទៅ​ដំណាំ​កញ្ឆា​នេះ​ខ្មែរ​យើង​ធ្លាប់​ដាំ និង​ជក់​តាំង​ពី​ដើម​រៀង​មក ក៏​ប៉ុន្តែ​នៅ​ក្នុង​ច្បាប់​របស់​ អង្គការ​សហប្រជាជាតិ បាន​ចាត់​ទុក​ដំណាំ​នេះ​ថា​ខុស​ច្បាប់។

លោក​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ស្រុក គិរីវង់ នេះ​ពី​មុន​មក សមត្ថកិច្ច​មិន​ធ្លាប់​ចាប់​បាន​ជន​សង្ស័យ​ជា​អ្នក​ដាំ​កញ្ឆា​បែប​នេះ​ទេ ព្រោះ​កន្លង​មក ជន​សង្ស័យ​តែងតែ​គេច​ខ្លួន​រួច មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់។ លុះ​ក្រោយ​មក​ទើប​បាន​សមត្ថកិច្ច​ស្រាវ​ជ្រាវ​ដឹង រហូត​ឈាន​ដល់​ចាប់​ខ្លួន​អ្នក​ដាំដើម​កញ្ឆា​បាន​ជា​បន្ត​បន្ទាប់ និង​មាន​ការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ផង​ដែរ។

បើតាម​លោក សេរីវឌ្ឍនា ដំណាំ​កញ្ឆា​នេះ គេ​ច្រើន​ដាំ​លើ​កំពូល​ភ្នំ​ឬ​តាម​ជ្រលង​ភ្នំ​ឬ​ក៏​នៅ​តាម​ដង​អូរ​ដែល​ជា​តំបន់​ដាច់​ស្រយាល​ដែល​សមត្ថកិច្ច​មិន​ដឹង​ឬ​ទៅ​មិន​ដល់។ ចំពោះ​ការ​ចាប់​ខ្លួន​បុរស​ខាង​លើ សមត្ថកិច្ច​ដក​ហូត​បាន​វត្ថុ​តាង​មួយ​ចំនួន រួម​មាន កញ្ឆា​ក្រៀម ទម្ងន់ ១៥,០៥ គីឡូក្រាម និង​កញ្ឆា​ស្រស់​ចំនួន ៣៥ គីឡូក្រាម រួម​នឹង​ជញ្ជីង​ចំនួន ១ ផងដែរ។

លោក​ថ្លែង​ថា៖ «ភាគ​ច្រើន​អ្នក​លួច​ដាំ​ដើម​កញ្ឆា​មិន​មែន​ដាំ​លើ​ដី​ឯកជន​ទេ​គឺ​តែងដាំ​នៅ​លើ​ដី​របស់​រដ្ឋ។ ធ្វើ​ដូច្នេះ ពួក​គាត់​ងាយ​គេច​ខ្លួន​មុន​សមត្ថកិច្ច​យើង​ទៅ​ដល់»។

លោក​បាន​បន្ត​ថា ការ​ដាំ​កញ្ឆា​នេះ​ឆាប់​ទទួល​ផល​ណាស់​គឺ​ប្រើ​ពេល​ពី​ដាំ​ទៅ​ក្នុង​ចន្លោះ​ពី ១ ខែ​កន្លះ​ទៅ ២ ខែ គឺ​អាច​ទទួល​ផល​បាន​ហើយ តែ​បើ​កញ្ឆា​ជា​ពូជ​ធ្ងន់​វិញ គឺ​ប្រើ​ពេល ៤ ខែ ទើប​បាន​ផល។ ដោយ​ឡែក ករណី​បង្ក្រាប​បទល្មើស​លួច​ដាំ​កញ្ឆា​នេះ បើ​គិត​ក្នុង​ឆ្នាំ ២០១៩ គឺ​សមត្ថកិច្ច​របស់​លោក បាន​កាប់​បំផ្លាញ​ដើម​កញ្ឆា​ចោល​ចំនួន ២៩ លើក​មក​ហើយ​ដោយ​អនុវត្ត​នៅ​លើ​ទីតាំង​ចំនួន ១៥៧ កន្លែង៕