ភ្នំពេញ៖ ​នគរបាល​ខណ្ឌ​ច្បារអំពៅ​ពី​ម្សិលមិញ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​បុរស ២ នាក់​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​តាម​ចាប់​ខ្លួន​បាន​នៅ​ស្រុក​គិរីវង់ ខេត្ត​តាកែវ ពី​ថ្ងៃ​ទី ១៦ មីនា ពាក់ព័ន្ធ​ករណី​ប្លន់​សម្លាប់​បុរស​ម្នាក់​រួច​យក​សព​ប្លុង​ចោល តាម​ផ្លូវ​ថៃ​ហ្គឺ​ក្នុង​ភូមិ​តា​ព្រហ្ម ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ ប្រព្រឹត្ត​ពីថ្ងៃ​ទី ១១ មីនា។

លោក ម៉ៅ សៀត អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ជន​សង្ស័យ ឈ្មោះ ម៉ៅ រដ្ឋា និង​ឈ្មោះ ​ម៉េង ណាឃីម ត្រូវ​បាន​សមត្ថកិច្ច​លោក​បញ្ជូន​ទៅ​សាលាដំបូង​រាជធានីភ្នំពេញ​នៅ​ថ្ងៃទី ១៨ មីនា ដើម្បី​ឱ្យ​តុលាការ​បន្ត​នីតិវិធី​តាម​ផ្លូវ​ច្បាប់។

លោក​ថា៖ «ជន​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឃាតកម្ម​សម្លាប់​មនុស្ស។ តាម​ចម្លើយ​របស់​ជនសង្ស័យ​អាច​ធ្វើ​ឲ្យ​សមត្ថកិច្ច​សន្និដ្ឋាន​បាន​ថា ពួក​គេ​ពិត​ជា​បាន​សម្លាប់​ជន​រងគ្រោះ​មែន»។

បើតាម​លោក ម៉ៅ សៀត ក្រុម​ជន​សង្ស័យ​បាន​សម្លាប់​បុរស ឈ្មោះ សៅ គ្រឿន ហៅ ពៅ អាយុ ៣៧ ឆ្នាំ ជា​មេ​ការ​រថយន្ត​ដឹក​ដី រស់នៅ​ភូមិ​របោះ​អង្កាញ់​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ។ សព​ដែល​ធុំក្លិន​ស្អុយ​ត្រូវ​បាន​អ្នក​ដំណើរ​ប្រទះ​ឃើញ​នៅ​ក្បែរ​ផ្លូវ​ជាតិ​ក្នុង​គុម្ព​ត្រែង​ក្នុង​ភូមិ-សង្កាត់ កើត​ហេតុ។

បន្ទាប់​ពី​ដឹង​ហេតុការណ៍​នេះ នគរបាល​ខណ្ឌ​ច្បារអំពៅ ​បាន​រាយការណ៍​ទៅ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​ក្រុង​បាន​សហការ​ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ស្រាវជ្រាវ​រហូត​ចាប់​ជន​សង្ស័យ​ទាំង ២ នាក់ ​បាន​នៅ​ស្រុក​គិរីវង់ ខេត្ត​តាកែវ។

លោក​ឧត្តម​សេនីយ៍​ឯក ង៉េង ជួ ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួង​មហាផ្ទៃ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា ប្រតិបត្តិការ​នេះ​មាន​ការ​បញ្ជា​ពី​នាយ​ឧត្តម​សេនីយ៍​សន្ដិ​បណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​លោក​ឧត្តម​សេនីយ៍​ឯក អ៊ិន បូរ៉ា អគ្គស្នងការរង​នគរបាលជាតិ សហការ​ជាមួយ​នគរបាល​ខេត្ត​តាកែវ និង​មាន​ការ​សម្របសម្រួល​នីតិវិធី​ផ្លូវ​ច្បាប់​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។

លោក​បាន​ឱ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ចាប់​ជន​សង្ស័យ​បាន​នៅ​រសៀល​ថ្ងៃទី ១៦ មីនា ក្នុង​ស្រុក​គិរីវង់​ខេត្ត​តាកែវ ហើយ​មក​បាន​ប្រគល់​ជូន​នគរបាល​ខណ្ឌ​ច្បារ​ជា​ម្ចាស់​ករណី​វិញ ​ក្រោយ​ពី​បញ្ចប់​នីតិវិធី​ស៊ើបសួរ និង​ធ្វើ​កំណត់​ហេតុ​រួច។

បើតាម​លោក ម៉ៅ សៀត ជន​សង្ស័យ​បាន​សារភាព​ថា​ សម្ភារ​ជន​រងគ្រោះ​ដែល​ពួក​គេ​យក​បាន​រួម​មាន ម៉ូត្រូឌីមសង់ ១ គ្រឿង, ខ្សែក ខ្សែដៃ​មាស,ចិញ្ចៀន ១ វង់​ និង​ទូរស័ព្ទ ១ គ្រឿង។ បន្ទាប់​ពី​យក​ទ្រព្យសម្បត្តិ​នោះ​ចែក​គ្នា​រួច ពួក​គេ​ក៏​បាន​គេច​ខ្លួន​ទៅ​ស្រុក​គិរីវង់ ខេត្ត​តាកែវ៕