ភ្នំពេញ: មន្ត្រី​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​កាលពី​ម្សិលមិញ​បាន​បញ្ជូន​បុរស​​សង្ស័យ​ចំនួន​ ៣ ​នាក់ ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយពី​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ នៅ​តាម​ ៣ ​គោលដៅ​ផ្សេងគ្នា ប៉ុន្ដែ​ពួកគេ​ជា​បណ្ដាញ​បក្ខពួក​តែមួយ​ពាក់ព័ន្ធ​ករណី​ដឹកជញ្ជូន និង​រក្សាទុក​គ្រឿងញៀន​ចម្រុះ​សរុប​ជាង​ ២ ​គីឡូ​។

លោក​ ឡឹក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ចំនួន ៣ ​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ត្រូវ​បាន​មន្ត្រី​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១០ ខែមករា ដើម្បី​ឱ្យ​តុលាការ​ចាត់ចែង​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក​បន្តថា ជនសង្ស័យ​ទាំង​ ៣ ​នាក់​ ជា​បក្ខពួក​តែមួយ ប៉ុន្ដែ​ពួកគេ​បាន​ចងក្រង​គ្នា​ជា​បណ្ដាញ​ដើម្បី​ងាយស្រួល​ចែកចាយ​សារធាតុ​ញៀន ឬ​គ្រឿងញៀន​ទៅតាម​គោលដៅ​របស់​ពួកគេ​។ ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​បាន​បុរស​សង្ស័យ​ម្នាក់​ឈ្មោះ មាស ធីតា អាយុ​ ៣៦ ​ឆ្នាំ ជនជាតិ​ខ្មែរ​កាលពី​ថ្ងៃ​ ៥ ​មករា ហើយ​ ២ ​ថ្ងៃ​ ក្រោយមក​តាម​ចាប់បាន​ ២ ​នាក់​ទៀត​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

លោក ឡឹក វណ្ណៈ បញ្ជាក់​ថា​៖ «​ក្រៅពី​ខ្សែបណ្ដាញ​ពួកគេ​ទាំង ៣ ​នាក់​នេះ គឺ​យើង​កំពុង​កំណត់​អត្តសញ្ញាណ​បក្ខពួក​បន្ថែមទៀត ប៉ុន្ដែ​យ៉ាងណា​យើង​ក៏មាន​សញ្ញា​វិជ្ជមាន​ខ្លះ​ដែរ​ហើយ ដោយ​មន្ត្រី​ជំនាញ​យើង​នៅតែ​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់ ដើម្បី​ឃាត់ខ្លួន​ជនល្មើស​គ្រឿងញៀន​ទាំងអស់​ហ្នឹង​ឱ្យអស់​តែ​​ម្ដង គឺ​យើង​ធ្វើ​សកម្មភាព​ឱ្យ​ដូច​ភ្លៀងរលឹម​អ៊ីចឹង​»​។

លោក គុជ គឹមឡុង អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​មិនទាន់​អាចទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​សំណុំរឿង​ជនសង្ស័យ​ទាំង​ ៣ ​នាក់​នៅឡើយ​។

តាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឱ្យដឹងពី​ម្សិលមិញ​ថា កម្លាំង​ជំនាញ​ការិយាល័យ​ (​ក​ ១០) ​នៃ​មន្ទីរប្រឆាំង​គ្រឿងញៀន​ដឹកនាំ​ដោយ​លោកនាយ​ករង សារី បុត្រសត្យា លោក​នាយករង យឹម សែនឧត្តម លោក​នាយករង ញ៉ុង រស់ប្រាថ្នា និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ដោយ​​មាន​ការសម្របសម្រួល​ពី​លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា​ខេត្ត​បន្ទាយមានជ័យ​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​ ៣ ​គោលដៅ​ផ្សេងៗ​គ្នា​។

របាយការណ៍​នេះ​បន្តថា ករណី​ទី​១ ​គឺ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចុះបង្ក្រាប​បាន​នៅ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ៥ ខែមករា​។ ​ចំណែក​ ២ ​ករណី​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ចុះ​​បង្ក្រាប​នៅ​ថ្ងៃទី​ ៧ ខែ​មករា នៅ​សង្កាត់​ប៉ាលិលេយ្យ ក្រុង​ប៉ោយប៉ែត និង​នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បន្ថែម​ថា លទ្ធផល​នៃ​ការបង្ក្រាប​នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ៣ ​នាក់ ទី១- ​ឈ្មោះ មាស ធីតា អាយុ​ ៣៦ ​ឆ្នាំ ជនជាតិខ្មែរ ទី​២- ​ឈ្មោះ ស្រេង ឡុងហេង អាយុ ៣១ ​ឆ្នាំ ជនជាតិ​ខ្មែរ និង​ឈ្មោះ សេង ប៊ុនហៃ អាយុ ២៩ ​ឆ្នាំ ជនជាតិ​ខ្មែរ​ដោយ​ពួកគេ​ជា​បក្ខពួក​បណ្ដាញ​តែមួយ​។ ចំណែក​វត្ថុតាង​សារធាតុ​ញៀន​ដែល​សមត្ថកិច្ច​រឹបអូស​បាន​មាន​ប្រភេទ​ចម្រុះ​សរុប​ជាង​ ២ ​គីឡូក្រាម​ដូចជា អិចស្ដាហ្ស៊ី មេតំហ្វេតាមីន កេតាមីន និង​ជាច្រើន​ប្រភេទ​ទៀត​។

បើ​តាម​របាយការណ៍ ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ​ទាំងអស់​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​តាម​នីតិវិធី​ច្បាប់​៕