កណ្ដាល៖ សមត្ថកិច្ចនគរបាលខេត្តកណ្ដាលនៅថ្ងៃទី ៥ មករានេះ បានបញ្ជូនមន្ត្រីយោធាដែលឋានន្តរស័ក្តិជាឧត្តមសេនិយ៍ត្រីម្នាក់ទៅសាលាដំបូងខេត្ត បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី ៤ មករា ពាក់ព័ន្ធនឹងករណីយកកាំភ្លើងវាយបុរសសន្តិសុខម្នាក់បណ្ដាលឱ្យបែកក្បាល ប្រព្រឹត្តនៅគ្លីនិកមួយ ក្នុងភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ។
លោក រឿន ណារ៉ា ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ មករា នេះថា បុរសសង្ស័យមានឈ្មោះ ហេង គាហុង អាយុ ៤១ ឆ្នាំ ជាមន្រ្តីយោធាមានឋានន្តរស័ក្ដិជាឧត្ដមសេនីយ៍ត្រី (ផ្កាយ ១)។ គាត់ត្រូវបានសមត្ថកិច្ចជំនាញរបស់លោកបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី ៥ មករាមួយថ្ងៃ ក្រោយពេលឃាត់ខ្លួនករណីប្រើហិង្សា។
លោកថ្លែងថា៖ «ជនសង្ស័យម្នាក់នេះពាក់ព័ន្ធការប្រព្រឹត្តអំពើហិង្សា ហើយតុលាការនឹងចាត់ការតាមច្បាប់ចំពោះករណីនេះ»។
លោក ថាច ផល្លា អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ជនរងគ្រោះឈ្មោះ ច្រឹក ស៊ីណា អាយុ ៣០ ឆ្នាំ ជាសន្តិសុខយាមនៅមន្ទីរព្យាបាល និងសម្ភពសុខម៉ែងដែលមានទីតាំងនៅភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ រីឯជនសង្ស័យជាមន្រ្តីយោធាបម្រើការនៅអយ្យការអមតុលាការយោធាចំណុះក្រសួងការពារជាតិ។
លោកបានរំឭកប្រាប់ថា មុនពេកើតហេតុគឺនៅថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ៦ ល្ងាច ជនរងគ្រោះបានទៅយាមជំនួសគេមួយយប់នៅគ្លីនិក សុខ ម៉េង (ទីតាំងកើតហេតុ) រហូតដល់ម៉ោង ៥ ទៀបភ្លឺចូលថ្ងៃទី ៣ មករា។ពេលយាមនោះមានមនុស្សប្រុសម្នាក់បានខ្ចីលុយពីជនរងគ្រោះចំនួន ៣ ០០០ រៀល ហើយក៏ដើរចេញទៅវិញដោយឃើញមានពាក់ស្បែកជើងចេញទៅដែរ។
លោកបន្តថា លុះដល់វេលាម៉ោង ៨ ព្រឹក ថ្ងៃទី ៣ មករានោះ ជនសង្ស័យជាមន្ត្រីយោធានោះបានបាត់ស្បែកជើងស៊ក ១ គូ ហើយបានឆែកមើលក្នុងកាមេរ៉ាសុវត្ថិភាពឃើញបុរសម្នាក់កំពុងឈរនិយាយជាមួយជនរងគ្រោះ។
បន្ទាប់ពីឆែកកាមេរ៉ាសុវត្ថិភាពរួចជនសង្ស័យក៏បានទាក់ទងទៅខាងក្រុមហ៊ុនសន្តិសុខ ដើម្បីហៅជនរងគ្រោះមកជជែកគ្នា។ លុះរហូតដល់ថ្ងៃទី ៤ ខែឆ្នាំដដែល វេលាម៉ោង ១០ ព្រឹក ជនសង្ស័យបានណាត់ជាមួយក្រុមហ៊ុនសន្តិសុខឲ្យនាំជនរងគ្រោះមកជជែកគ្នានៅក្នុងគ្លីនិកតែមិនឃើញមក ទើបជនសង្ស័យមានការខឹងសម្បាក៏ជិះរថយន្តទៅផ្ទះនៅម្ដុំផ្សារជម្ពូវ័នវិញ។
លោក ថាច ផល្លា បានបន្តថា លុះដល់វេលាថ្ងៃត្រង់ថ្ងៃទី ៤ មករា ទើបខាងក្រុមហ៊ុនសន្តិសុខទៅដល់គ្លីនិកតែមិនឃើញជនសង្ស័យក៏ទូរស័ព្ទហៅឱ្យមកជជែកគ្នាហើយពេលនោះក៏មានជនរងគ្រោះទៅដល់គ្លីនិកនោះដែរ។ ប៉ុន្តែនៅពេលជួបស្រាប់តែជនសង្ស័យបានដកយកកាំភ្លើងខ្លីពីចង្កេះខោវាយទៅលើជនរងគ្រោះចំក្បាលផ្នែកខាងឆ្វេង បណ្តាលឱ្យដួលហើយជនង្ស័យក៏ដើរចូលក្នុងគ្លីនិក។
លោក ថាច ផល្លា ឱ្យដឹងទៀតថា បន្ទាប់មកមានការភ្ញាក់ផ្អើលរួចក៏មានពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលឃុំពើករហូតដល់មានការចុះមកសាកសួរ និងឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអង់ស្នួលតែម្ដង។
លោកប្រាប់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានយកកាំភ្លើងទៅវាយជនរងគ្រោះពិតមែនដោយសារខឹងជួលឲ្យមកយាមបែរជាត្រូវគ្នាជាមួយចោរ។ ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យកអាវុធខ្លីមួយដើមម៉ាក CF98 លេខ 006009 មានបង់ចំនួន ១ និងគ្រាប់មួយចំនួន៕