តាកែវៈ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ស្ត្រី​វ័យក្មេង​ម្នាក់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាកែវ​កាលពី​ម្សិលមិញ ករណី​ធ្វើឲ្យ​ក្មេងប្រុស​ម្នាក់​ស្លាប់​កាលពី​ថ្ងៃទី​ ៣១ សីហា ក្នុង​ភូមិ​ទួលពង្រ ឃុំ​សោម ស្រុក​គិរីវង់ ខេត្ត​តាកែវ​។

លោក យុង ញីវ ប្រធាន​ការិយាល័យ​នគរបាល​កម្រិតស្រាល​បាន​ឲ្យ​ដឹងថា នារី​សង្ស័យ​ឈ្មោះ សុខ ណាលីន អាយុ​ ១៩ ​ឆ្នាំ រីឯ​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ ឡូ សុភ័ក្រ អាយុ​ ១ ​ឆ្នាំ​កន្លះ ពួកគេ​រស់​នៅក្នុង​ភូមិ​ពង្រ​។

លោក ញីវ ថ្លែង​ថា​៖ «​ករណីនេះ​ស្ត្រី​សង្ស័យ​ពិតជា​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ហើយ​ហើយ​សមត្ថកិច្ច​របស់ខ្ញុំ​ត្រូវតែ​អនុវត្ត​ទៅ​តាម​ច្បាប់​ក្នុងនាម​ជា​នគរបាល​យុត្តិធម៌​»​។

លោក លឹម ចាន់មុនី ប្រធាន​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​បាន​រៀបរាប់​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា មុន​កើតហេតុ​វេលា​ម៉ោង​ជាង​ ១០ ​ព្រឹក​ថ្ងៃទី​ ៣១ សីហា ស្ត្រី​សង្ស័យ​បាន​អង្គុយ​បក​ទំពាំង​ដោយ​ប្រើ​ខ្វាង ហើយ​នៅ​ក្បែរ​គាត់​មាន​ស្ត្រី​ចំណាស់​ម្នាក់ អាយុ​ប្រហែល​ ៥០ ​ឆ្នាំ​ កំពុង​ចៀន​នំ​ចាក់ចុល​នៅក្បែរ​នោះដែរ​។ ពេល​នោះ​ស្ត្រី​សង្ស័យ​បាន​យក​ជើងម៉ា​របស់​ស្ត្រី​អ្នក​ចៀន​នំ​មក​អង្គុយ​​ហើយ​ស្ត្រី​ចៀននំ​បាន​ទាញ​យក​ជើងម៉ា​នោះ​ពី​គូទ​ស្ត្រី​សង្ស័យ​ធ្វើឲ្យ​អុកគូទ​ទៅ​នឹង​ដី​ហើយ​ក៏​មាន​ការខឹងសម្បា និង​ជេរ​ស្ត្រី​អ្នក​ចៀន​នំ​។ ខណៈ​កំពុង​ឈ្លោះ​ប្រកែក​គ្នា​នោះ ក៏​មាន​ក្មេងប្រុស​ម្នាក់​បាន​មក​ឈរ​ទិញ​នំ​ក្បែរ​ស្ត្រី​អ្នកលក់​នំ​ដែរ​។ ពេលនោះ​ស្ត្រី​សង្ស័យ​បាន​យក​ខ្វាង​ដែល​កំពុង​កាន់​នៅក្នុង​ដៃ​គប់​សំដៅ​ទៅ​ស្ត្រី​អ្នកលក់​នំ​ ប៉ុន្តែ​បែរ​ជា​ត្រូវចំ​ដើមទ្រូង​ក្មេង​រងគ្រោះ​ទៅវិញ​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា​ក្រោយ​កើតហេតុ ម្តាយ​ឪពុក​របស់​ក្មេងរងគ្រោះ​បាន​ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​គិរីវង់​តែ​ដោយសារ​របួសធ្ងន់​ពេក ធ្វើឲ្យ​ក្មេងរងគ្រោះ​ដាច់​ខ្យល់​ស្លាប់​នៅ​ពាក់​កណ្តាល​ផ្លូវ​ទៅ​៕