បន្ទាយមានជ័យ៖ សមត្ថកិច្ច​ច្រក​ព្រំដែន​កម្ពុជា-ថៃ ត្រង់​ចំណុច​អូរ ៣ ជាន់ ខេត្ត​បន្ទាយមានជ័យ​បាន​បដិសេធ​ថា មិន​មាន​ការ​នាំចូល​ជ្រូក​មិន​ស្រប​ច្បាប់​នៅ​ពេល​យប់​តាម​ច្រក​ដែល​ខ្លួន​ការពារ​នោះ​ទេ ខណៈ​មន្ត្រី​អះអាង​ថា ក្នុង​ដំណាក់កាល​នេះ សមត្ថកិច្ច​កំពុង​បន្ត​រឹត​បន្ដឹង​កាន់​​តែ​ខ្លាំង។

ការ​បដិសេធ​នេះ បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ថា មាន​ជ្រូក​មិន​ស្រប​ច្បាប់​ដឹក​ចេញ​ពី​ប្រទេស​ថៃ ជា​រៀងរាល់​យប់​រាប់​រយ​ក្បាល តាម​ច្រក​របៀង​ព្រំដែន​កម្ពុជា-ថៃ ត្រង់​ចំណុច​ច្រក​អូរ ៣ ជាន់ និង​ច្រក​របៀង​ផ្សេងៗ​ទៀត។

លោក ណង សំរ៉ាំង នាយ​ប៉ុស្តិ៍​នគរបាល​ឃុំអូរ ៣ ជាន់ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃ​នេះ​ថា មិន​មាន​ការ​នាំ​ជ្រូក​ខុស​ច្បាប់​តាម​ច្រក​ព្រំដែន​អូរ ៣ ជាន់​នោះ​ទេ តែ​ការ​ដឹក​ចូល​មក​នេះ គឺ​ជា​ជ្រូក​ស្រប​ច្បាប់ ហើយ​គ្រាន់​តែ​ដឹក​ឆ្លង​កាត់​តំបន់​នេះ​ប៉ុណ្ណោះ។

ការ​អះអាង​យ៉ាង​ដូច្នេះ​ដោយ​លោក​សំអាង​ថា តាម​ច្រក​ព្រំដែន​ក្នុង​ឃុំអូរ ៣ ជាន់ គឺ​មាន​ការ​យាមកាម​យ៉ាង​តឹងរ៉ឹង​ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩។ ការ​រឹត​បន្ដឹង​នេះ គឺ​ខ្លាំង​សូម្បី​តែ​មនុស្ស ក៏​មិន​ឲ្យ​មាន​ការ​ឆ្លង​កាត់​ផ្តេសផ្តាស​ដែរ។

លោក​បាន​បញ្ជាក់​ថា៖ «នៅ​ច្រក​នេះ មិន​មាន​ច្បាប់​ទម្លាក់​ឲ្យ​ចេញ​ទេ​ ព្រោះ​តាម​ច្រក​គេ​បិទ​អស់​ហើយ។ បើ​ជ្រូក​មាន​តែ​នាំ​ចូល​ពី​អូរស្មាច់​មក​វិញ ដែល​មាន​លក្ខណៈ​ស្រប​ច្បាប់។ ខ្ញុំ​សូម​បញ្ជាក់​ថា យើង​ការពារ​បាន​តឹងរ៉ឹង​ល្អ​ណាស់​ មិន​មាន​ការ​នាំចូល​ខុស​ច្បាប់​ដល់​រាប់​រយ​ក្បាល​ទេ»។

បើ​តាម​លោក ណង សំរុំាង ដោយសារ​តែ​មាន​ការ​យាម​កាម​បាន​តឹងរ៉ឹង ក្រុម​អាជីវករ​មួយ​ចំនួន​បាន​បង្វែរ​ការ​ទិញ​ជ្រូក​ដោយ​ខុស​ច្បាប់​ពី​ប្រទេស​ថៃ ទៅ​ទិញ​ជ្រូក​តាម​ក្រុមហ៊ុន​ដែល​នាំចូល​ដោយ​ស្រប​ច្បាប់​វិញ។

ដោយសារ​តែ​ប្រទេស​ថៃ មាន​ផ្ទុះ​ជំងឺ​បេស្ត​ជ្រូក​អាហ្វ្រិក ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​កែប្រែ​នីតិវិធី​នៃ​ការ​នាំចូល​ជ្រូក និង​បាន​រឹត​បន្តឹង​ខ្លាំង​ចំពោះ​ការ​នាំចូល​ជ្រូក​ខុស​ច្បាប់​ពី​ប្រទេស​នេះ។

ករណី​នាំ​ជ្រូក​មាន​ជំងឺ​ពី​ថៃ​នេះ កាល​ពី​ថ្ងៃទី ១ ខែ​មេសា អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្លាប់​បាន​ដុត​កម្ចេច​ជ្រូក​ជាង ១០០ ក្បាល ដែល​ចាប់​បាន​នៅ​ខេត្ត​ស្ទឹងត្រែង បន្ទាប់​ពី​វិភាគ​សំណាក​ឃើញ​មាន​ជំងឺ​បេស្ត​ជ្រូក​អាហ្រ្វិក៕